ទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូលថ្មី realme V5 នឹងបំពាក់មកជាមួយអេក្រង់ 90Hz មានថ្មទំហំ 5,000mAh​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

បើគិតត្រឹមរយៈពេលនេះទៅ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែល realme នឹងប្រកាសចេញ ទូរសព្ទឆ្លាតស្ថិតក្នុងត្រកូលថ្មីរបស់ខ្លួន ដល់ទៅ 2 ម៉ូឌែល គឺ realme V5 និង V5 Pro ដោយធ្វើឡើងនៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2020 ឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញ ទាក់ទងជាមួយលក្ខណៈសម្បតិ្តពិសេសៗរបស់វា ក៏ទើបប្រទះឃើញលើគេហទំព័រ TENAA ថែមទៀតផង។

ដោយឡែក ខណៈដែលពេលវេលាបង្ហាញខ្លួនជាផ្លូវការ ក៏ខិតជិតមកដល់មែនទែនដែរនោះ ស្រាប់តែថ្ងៃនេះ យើងបានប្រទះឃើញរូបភាពបែកធ្លាយ 2 សន្លឹក ដែលបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថា realme V5 នឹងបំពាក់មកជាមួយអេក្រង់លាតរាបស្មើ អមមកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាលេនទម្លុះអេក្រង់ ស្ថិតនៅជ្រុងខាងស្តាំ នៃផ្នែកខាងលើរបស់ទូរសព្ទ។ ជាងនេះទៀត នៅលើអេក្រង់ទូរសព្ទ ក៏ឆ្លៀតបង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន ដូចជាវានឹងភ្ជាប់មកជាមួយបច្ចកវិទ្យាសាកថ្មលឿន Dart Charge មានកម្លាំង 30W, បំពាក់ថ្មទំហំធំ 5,000mAh, អាចគាំទ្រ 5G និងមានកាមេរ៉ាក្រោយ 4 គ្រាប់ ផ្ទុកលេនគោលទំហំ 48 មេហ្គាភិចសែល ជាដើម។ ងាកមកមើលរូបភាពមួយផ្សេងទៀត ដែលបង្ហាញពីខ្នងក្រោយរបស់ realme V5 មានការឌីហ្សាញ ស្រដៀងទៅនឹងម៉ូឌែល realme C11 ខុសត្រង់តែទម្រង់កាមេរ៉ា និងជម្រើសពណ៌ ខណៈមួយខាងក្រោមគេ ដែលរំលេចដោយឡូហ្គួឈ្មោះរបស់ realme ធំជាងគេ អមនឹងពណ៌ទឹកប្រាក់ យ៉ាងចែងចាំងនោះ អាចជាម៉ូឌែល realme V5 Pro ផងដែរ។

មិនតែប៉ុណ្ណោះ តាមរយៈការបញ្ជាក់បន្ថែម ពីរូបភាព Poster ផ្លូវការថ្មីមួយ realme V5 នឹងគាំទ្រអេក្រង់កម្រិត 90Hz ក៏ដូចជាមានថ្មទំហំ 5,000mAh ដូចបានបង្ហាញខាងលើដែរ។ គួររំលឹកបន្តិចថា បើផ្អែកតាមការសរសេរបញ្ជាក់ នៅលើគេហទំព័រ TENAA នោះ realme V5 នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+។ សម្រាប់កម្លាំងម៉ាស៊ីន realme V5 នឹងប្រើប្រាស់បន្ទះឈីបមាន Cores សរុបចំនួន 8 គ្រាប់ អាចរត់បានក្នុងល្បឿន 2.0GHz (ត្រូវបានគេសង្ស័យថាជាបន្ទះឈីប MediaTek Dimensity 720) អមមកជាមួយ RAM ទំហំ 6/8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128/256GB។ ចំពោះផ្នែកកាមេរ៉ា វានឹងភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ មានទំហំ 16MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់ជាលេនគោលទំហំ 48MP, មួយគ្រាប់ទៀតមានទំហំ 8MP និង 2 គ្រាប់ចុងក្រោយមានទំហំ 2MP ដូចគ្នា។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង