ប្រភពមួយនិយាយថា Huawei Mate 40 Series អាចនឹងត្រូវចែកចេញជា 4 ម៉ូឌែល​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter យើងបានប្រទះឃើញរូបភាពគម្រូដំបូងរបស់ទូរសព្ទឆ្លាតលំដាប់កំពូល Huawei Mate 40 Pro។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo របស់អ្នកចែកចាយព័ត៌មានបែកធ្លាយមួយរូបមានឈ្មោះថា Peng Peng Jun យើងទទួលបានដំណឹងថ្មីមួយផ្សេងទៀត និយាយពាក់ព័ន្ធទៅនឹង Huawei Mate 40 Series ផងដែរ។

ផ្អែកទៅតាមប្រភពខាងលើនេះ បានធ្វើឲ្យយើងដឹងថា Huawei Mate 40 Series អាចនឹងត្រូវចែកចេញដល់ទៅ 4 ម៉ូឌែល ឯណោះ ដោយក្នុងនោះរួមមានដូចជា Huawei Mate 40, Mate 40 Pro, Mate 40 Pro+, Mate 40 Pro Porsche Special Edition។ ជាងនេះទៅទៀត ប្រភពខាងលើដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា ទូរសព្ទឆ្លាតលំដាប់កំពូល Huawei Mate 40 ទាំង 4 ម៉ូឌែលនេះ នឹងអាចគាំទ្របច្ចេកវិទ្យា 5G ផងដែរ។ ខណៈពេលនេះ យើងមិនទាន់ទទួលបានព័ត៌មាននិយាយទាក់ទងទៅនឹងលក្ខណៈសម្បត្តិពិសេសៗរបស់ Huawei Mate 40 Pro+, Mate 40 Pro Porsche Special Edition នោះទេ ប៉ុន្តែយើងជឿថាមិនយូរនោះទេ លក្ខណៈសម្បត្តិរបស់ទូរសព្ទឆ្លាតលំដាប់កំពូលខ្ពស់ផុតលេខទាំង 2 ម៉ូឌែលនេះ នឹងត្រូវលេចឡើងមកតាមរយៈដំណឹងបែកធ្លាយច្បាស់ជាមិនខាន។

Huawei Mate 40 Pro ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយអេក្រង់លាតកោងបែបទឹកធ្លាក់ (Waterfall Display) ទំហំ 6.8 អ៊ីញ ប្រភេទ OLED ជាមួយអេក្រង់ Refresh Rate 90Hz និងអមមកជាមួយលេនទម្លុះអេក្រង់ចំនួន 2 គ្រាប់ រាងគ្រាប់ថ្នាំទ្រវែង ស្ថិតនៅជ្រុងខាងឆ្វេងក្បែរគែមអេក្រង់ផ្នែកខាងលើ។ លើសពីនេះទៅទៀត វាក៏អាចនឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីបលំដាប់កំពូល Kirin 1020 ទំហំ 5nm ក៏ដូចជាកាណុងកាមេរ៉ាក្រោយរាងមូលស្ថិតនៅចំកណ្តាល ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ ផងដែរ។

ដោយ​ ៖ Peng Peng Jun
អត្ថបទទាក់ទង