iPhone 12 Series ពិតជាមិនទាន់ដាក់លក់ក្នុងទីផ្សារនៅចុងខែកញ្ញាមែន នេះបើតាមការបញ្ជាក់របស់ Apple ផ្ទាល់​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ម្សិលមិញនេះ យើងបានទទួលបានដំណឹងមួយចំនួនរួចមកហើយ ទាក់ទងនឹងពេលវេលា នៃការដាក់លក់ iPhone ជំនាន់ថ្មីរបស់ Apple ដោយក្នុងនោះ អ្នកចែកចាយដំណឹងលេចធ្លាយ នៅក្នុងបណ្ដាញសង្គម Twitter បានបញ្ជាក់ថា ក្រុមហ៊ុនខាងលើអាចនឹងដាក់លក់ នៅក្នុងខែតុលាវិញ ហើយកាន់តែពិសេសនោះ គឺ Qualcomm ក៏បានបង្ហើបថា ទូរសព្ទឆ្លាតជំនាន់ថ្មីខាងលើ អាចនឹងពន្យាពេលនៃការដាក់លក់ដូចគ្នាដែរ។ ដោយឡែក នៅក្នុងពេលនេះវិញ គឺជាការបញ្ជាក់ចេញពី Apple ផ្ទាល់តែម្ដង ពោលគឺគេបានបង្ហាញថា iPhone 12 Series ពិតជាមិនអាចបង្ហាញខ្លួន នៅលើទីផ្សារនៅក្នុងខែកញ្ញាមែន។

ពិតណាស់ បើតាមការបង្ហាញប្រាប់ចេញពីសំណាក់ CFO របស់ Apple គឺលោក Luca Maestri នោះបានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងឆ្នាំនេះ ពេលវេលានៃការដាក់លក់ iPhone 12 Series នឹងត្រូវធ្វើការពន្យាពេលខុសពីឆ្នាំមុន។ យ៉ាងណាក៏ដោយ នេះជាពាក្យពេញរបស់បុគ្គលខាងលើ ដែលបានបង្ហាញប្រាប់ថ្មីៗនេះ “កាលពីឆ្នាំមុន ពួកយើងបានធ្វើការចាប់ផ្តើមដាក់លក់ iPhone ជំនាន់ថ្មីនៅចុងខែកញ្ញា, ប៉ុន្តែឆ្នាំនេះវិញ យើងរំពឹងថា iPhone ជំនាន់ថ្មីនោះ នឹងមាននៅលើទីផ្សារខ្ទង់ 2 ឬ 3 សប្តាហ៍ទៅមុខទៀត” (គាត់ចង់មានន័យថា នឹងត្រូវពន្យាពេលដាក់លក់ខ្ទង់ 2 ឬ 3 សប្តាហ៍ទៀត បើគិតចាប់ពីចុងខែកញ្ញា ដែលគេធ្លាប់បានដាក់លក់កន្លងមក)។ មិនខុសទេ បុគ្គលខាងលើ គឺបានបង្ហាញតែប៉ុណ្ណឹងទេ ចំណែកឯ មូលហេតុដែលគេធ្វើការពន្យាពេលនោះ គឺមិនបានប្រាប់ឲ្យដឹងឡើយ។ បើទោះជាដូច្នោះមែន ប៉ុន្តែសម្រាប់ពេលវេលា ដែល Apple នឹងធ្វើការប្រកាសចេញ iPhone 12 Series គឺទំនងជាមិនមានការពន្យាពេលនោះទេ ពោលគឺគេរំពឹងថា ក្រុមហ៊ុននេះអាចនឹងប្រកាសបង្ហាញជាផ្លូវការ នៅក្នុងខែកញ្ញាដដែល។

សូមបញ្ជាក់ដែរថា នេះមិនមែនជាការពន្យាពេលដាក់លក់លើកដំបូងរបស់ Apple នោះទេ ជាក់ស្ដែងកាលពីជំនាន់ iPhone X ក៏ស្រដៀងគ្នានឹងដែរ ពោលគឺគេបានប្រកាសចេញ តាំងពីខែកញ្ញាឆ្នាំ 2017 មកម្លេះ ប៉ុន្តែវត្តមានរបស់វា នៅក្នុងហាងលក់នោះ គឺរហូតទាល់តែដល់ខែវិច្ឆិកាឯណោះ (ករណី iPhone XR ក៏ស្រដៀងគ្នានេះដែរ)។ និយាយរួមមកវិញ អ្វីដែលយើងអាចបញ្ជាក់ច្បាស់បានក្នុងពេលនេះគឺ ពេលវេលានៃការដាក់លក់របស់ iPhone 12 Series គឺមានសង្ឃឹមច្រើនថា នឹងពន្យាទៅដល់ខែតុលាខាងមុខនេះតែម្ដង ប៉ុន្តែកាលបរិច្ឆេទនៃការប្រកាសចេញនោះ គឺយើងមិនទាន់ច្បាស់ឡើយ ប៉ុន្តែភាគរយច្រើន គឺអាចនឹងក្នុងខែកញ្ញាដូចរាល់ដងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង