គិតក្នុងត្រីមាសទី 2 កន្លងទៅ Huawei ពិតជាបានយកឈ្នះ Samsung ឡើងឈរឈ្មោះជាក្រុមហ៊ុននាំចេញទូរសព្ទឆ្លាតបានច្រើនជាងគេបំផុត​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីជាងមួយខែមុន យើងទាំងអស់គ្នាធ្លាប់ទទួលបានដំណឹងលើកដំបូងរបស់ Huawei ពោលគឺក្រុមអ្នកព្យាករណ៍បានបង្ហាញថា Huawei គឺជាក្រុមហ៊ុនមួយ បានធ្វើការនាំចេញទូរសព្ទឆ្លាតច្រើនជាងគេបង្អស់ ក្នុងពិភពលោក ប៉ុន្តែដំណឹងពេលនោះ គឺគេបញ្ជាក់តែទៅលើការនាំចេញ នៅក្នុងចន្លោះខែមេសា និងខែឧសភាប៉ុណ្ណោះ ព្រោះថាត្រីមាសទី 2 មិនបានបញ្ចប់ឡើយ។ ដោយឡែក ពេលនេះត្រីមាសទី 2 បានបញ្ចប់ហើយ រីឯក្រុមអ្នកព្យាករណ៍ ក៏បានធ្វើការសិក្សាររួចរាល់ដែរ ពីស្ថិតិក្នុងត្រីមាសថ្មីនេះ និយាយឲ្យចំទៅ លទ្ធផលដែលគេទើបង្ហាញ បានបញ្ជាក់ថា Huawei គឺពិតជាបានយកឈ្នះ Samsung ឡើងទៅឈរលើកំពូលតារាង ដូចការរំពឹងទុកមែន។

ដូចអ្នកទាំងអស់គ្នាបានឮអញ្ចឹង គឺថាពេលនេះ ក្រុមអ្នកព្យាករណ៍ Canalys នោះ បានធ្វើការបង្ហាញថា នៅក្នុងត្រីមាសទី 2 កន្លងទៅ Huawei បានយកឈ្នះ Samsung លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ក្លាយជាត្រីមាសដំបូងមួយរបស់គេ ដែលបានឡើងឈរនៅចំណាត់ថ្នាក់លេខ 1 ក្នុងនាមជាក្រុមហ៊ុន ដែលបាននាំចេញទូរសព្ទឆ្លាត បានច្រើនជាងគេបំផុតក្នុងពិភពលោក។ នៅក្នុងនោះដែរ ក្រុមអ្នកព្យាករណ៍ក៏បានបញ្ជាក់ថា គិតក្នុងត្រីមាសដដែលនេះ Huawei បានធ្វើការនាំចេញទូរសព្ទឆ្លាតសរុបចំនួន 55.8 លានគ្រឿង មានការធ្លាក់ចុះប្រមាណជា 5% បើធៀបនឹងឆ្នាំមុន ខណៈពេលដែល Samsung វិញ គឺមានការធ្លាក់ចុះចំនួននាំចេញប្រមាណជា 30% ឯណោះ ពោលគឺគេបាននាំចេញទូរសព្ទឆ្លាតសរុបខ្ទង់ 53.7 លានគ្រឿងផងដែរ។ យ៉ាងណាក៏ដោយ មិនខុសពីរាល់ដងនោះទេ កត្តាសំខាន់ដែលធ្វើឲ្យ Huawei ជោគជ័យពេលនេះ គឺដោយសារតែទីផ្សារចិនហ្នឹងតែម្ដង ព្រោះថាក្នុងចំណោមទូរសព្ទឆ្លាត ដែលគេបានលក់ចេញទាំងអស់ គឺមានប្រមាណជាខ្ទង់ 70% ឯណោះ ដែលបានលក់អស់ក្នុងប្រទេសកំណើតខ្លួន ចំណែកទីផ្សារផ្សេងទៀត មានត្រឹម 30% ហ្នឹងឯង។ 

មិនត្រឹមតែប៉ុណ្ណោះទេ ចំណុចសំខាន់មួយទៀត ដែលគេបានបញ្ជាក់នោះ គឺថាក៏ទាក់ទងទឹងកត្តាជំងឺរាតត្បាតដែរ ព្រោះថាអំឡុងត្រីមាសទី 2 នោះ ស្ថានភាពមេរោគរាតត្បាតក្នុងប្រទេសចិន កាន់តែមានការធូស្រាល ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់គេ ក៏បន្តការរីកចម្រើនឡើងវិញដូចគ្នា ហើយក្នុងនោះគឺ Huawei ទទួលបានប្រយោជន៍យ៉ាងច្រើន ពីការងើបឡើងវិញនេះ ព្រោះថាតម្រូវការទីផ្សារទូរសព្ទឆ្លាត ក៏ចាប់ផ្តើមមានសំទុះឡើងវិញដែរ ខណៈពេលដែលទីផ្សារសាកលវិញ មេរោគ COVID-19 នៅតែបន្តរាតត្បាតដដែល ធ្វើឲ្យតម្រូវការទូរសព្ទឆ្លាតបន្តធ្លាក់ចុះទន្ទឹមគ្នា។ 

គួរបញ្ជាក់ដែរថា សម្រាប់ទីផ្សារចិន Samsung មិនមែនជាដៃគូរបស់ Huawei ឡើយ ព្រោះរាល់ដងចំនួនដែលគេលក់បានក្នុងទីផ្សារមួយនេះ គឺមិនដល់ Huawei ឡើយ ប៉ុន្តែគេយកឈ្នះ Huawei វិញ នៅក្នុងទីផ្សារផ្សេងជាច្រើនទៀត ក្រៅពីប្រទេសមួយនេះ ហើយខណៈពេលដែល Huawei មិនអាចប្រើសេវាកម្ម Google បានទៀតនោះ Samsung កាន់តែមានប្រៀបថែមទៀត ប៉ុន្តែជាអកុសល ដោយសារបញ្ហាមេរោគខាងលើ ធ្វើតម្រូវការទូរសព្ទឆ្លាតក្នុងទីផ្សារសាកល នៅមិនទាន់ងើបឡើងវិញស្រូលបួលនោះទេ គិតមកទល់ពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ Samsung ក៏បានបញ្ជាក់ប្រាប់ដែរថា ចំនួនលក់ទូរសព្ទឆ្លាតរបស់ពួកគេ នឹងមានការប្រសើរឡើងវិញ នៅត្រីមាសបន្ទាប់ទៀត ព្រោះដោយសារគេបានធ្វើការប្រកាសចេញទូរសព្ទឆ្លាត លំដាប់កំពូលម៉ូឌែលថ្មីផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង