Samsung បញ្ចេញ Galaxy M31s ជាផ្លូវការ មានថ្ម 6,000mAh អាចគាំទ្រកម្លាំងសាក 25W និងមានតម្លៃចាប់ពីខ្ទង់ ១ លាន ៤ ម៉ឺនរៀល (260 ដុល្លារ)​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលបានស្គាល់ហើយ ពីទូរសព្ទឆ្លាតត្រកូល Galaxy M របស់ Samsung ដែលក្រុមហ៊ុននេះបានបង្កើតវាឡើង ដើម្បីវាយលុកលើទីផ្សារទូរសព្ទឆ្លាត ក្នុងប្រទេសឥណ្ឌា ក៏ដូចជាប្រទេសមួយចំនួនទៀត ដើម្បីប្រកួតប្រជែងជាមួយ បណ្តាក្រុមហ៊ុនចិនជាច្រើន ដែលកំពុងតែដណ្តើមចំណែកទីផ្សារ ទូរសព្ទឆ្លាតរបស់ខ្លួន។ ដោយហេតុនេះហើយ ទើបថ្ងៃនេះ Samsung បានធ្វើការប្រកាសចេញ ទូរសព្ទត្រកូល M មួយម៉ូឌែលទៀត ដែលមានរូបរាងទាន់សម័យ ជាមួយលក្ខណៈសម្បត្តិប្រសើរថែមទៀតផង ដោយវាត្រូវបានគេហៅថា Galaxy M31s។

ជាការពិតណាស់ ចំពោះរចនាបថរូបរាងរបស់វា យើងឃើញថា វាមិនសូវខុសគ្នាពីទូរសព្ទ Samsung ដទៃទៀតប៉ុន្មានឡើយ មិនថាផ្នែកខាងក្រោយ ឬ ខាងមុខ ហើយចំណុចដែលខុសគ្នានោះ គឺជាលក្ខណសម្បត្តិខាងក្នុងរបស់វាតែម្ដង។ មិនខុសនោះទេ នៅផ្នែកខាងមុខ វាមានប្រើប្រាស់អេក្រង់ទំហំ 6.5 អ៊ីញ ប្រភេទ Super AMOLED ដែលមានកម្រិតបង្ហាញដល់ Full-HD+ ហើយវាបានបំពាក់បញ្ជក់ការពារ Gorilla Glass 3 ទៀតផង។ ជាក់ស្ដែង អេក្រង់របស់វា មានម៉ូតបែបទម្លុះអេក្រង់ សម្រាប់ដាក់កាមេរ៉ាមុខមួយគ្រាប់ ដែលមានទំហំដល់ទៅ 32MP ហើយចំណែកកាមេរ៉ាក្រោយរបស់វា គេបានបញ្ជាក់ថា មានលេនគោលទំហំ 64MP ជាមួយលេនទូលាយកម្រិត 123 ដឺក្រេទំហំ 12MP បូកមួយគ្រាប់ទៀតទំហំ 5MP ជា Depth Sensor និងចុងក្រោយជាលេន Macro មានទំហំ 5MP។ ចំពោះកម្លាំងម៉ាស៊ីនវិញ Galaxy M31s បានប្រើប្រាស់បន្ទះឈីប Exynos 9611 ជាមួយរ៉េមទំហំ 4GB ឬ 6GB និងមានអង្គផ្ទុកទិន្នន័យ 128GB ហើយវាក៏មានប្រើប្រាស់សេនស័រស្កេនស្នាមម្រាមដៃ ដែលដាក់នៅចំហៀងខាងស្ដាំនៃតួខ្លួនផងដែរ។

លើសពីនេះទៀត Galaxy M31s បានបំពាក់មកជាមួយថាមពលថ្មមានទំហំដល់ 6,000mAh ឯណោះ ហើយដើម្បីសាកថ្មដ៏ធំនេះបានលឿន Samsung ក៏បានបំពាក់បច្ចេកវិទ្យាសាកថ្មលឿនកម្លាំងដល់ 25W ដែលធ្វើអោយវាក្លាយទៅជាទូរសព្ទលំដាប់មធ្យមដំបូងគេរបស់ Samsung អាចគាំទ្រកម្លាំងសាក 25W នេះទៀតផង។ បន្ថែមពីនេះ វាបានដំណើរការដោយ Android 10 ស្រោបដោយល្បែក One UI ជំនាន់ 2.1 ចេញពីប្រអប់ស្រាប់តែម្ដង។ សរុបមក ជាមួយលក្ខណៈដូចបានរៀបរាប់ខាងលើនេះ អាចនិយាយបានថាតម្លៃដែល Samsung បានដាក់លក់ក្នុងទីផ្សារឥណ្ឌា ពិតជាសមរម្យមែនទែន ដោយក្រុមហ៊ុននេះបានលក់ Galaxy M31s ក្នុងតម្លៃខ្ទង់ ១ លាន ៤ ម៉ឺនរៀល ឬ 260 ដុល្លារឡើងទៅ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង