Samsung អាចទទួលបានសំណើពី Google ឲ្យដក Bixby លែងជាជំនួយការគោលតទៅទៀត​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ប្រភពសារព័ត៌មានចុះផ្សាយដោយ Bloomberg បានរាយការណ៍មកថា Google កំពុងតែចចារជាមួយ Samsung ដើម្បីឲ្យធ្វើការចាប់ផ្ដើមកំណត់ Google Assistant និងសូម្បីតែ Play Store ឲ្យជាកម្មវិធីគោលរបស់ទូរសព្ទត្រកូល Galaxy ទាំងអស់វិញ ហើយចាត់ទុកថាជំនួយការ Bixby និង Galaxy Store ជាជម្រើសទីពីរ សម្រាប់អ្នកប្រើប្រាស់។ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ភាគច្រើនជ្រើសយក Google Assistant និង Play Store រួចជាស្រេចទៅហើយ ប៉ុន្ដែបើគិតពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកប្ដូរទៅប្រើ Bixby និង Galaxy Store ក៏ហាក់បីដូចជាមានការកើនឡើង គួរឲ្យគត់សម្គាល់ដូចគ្នា។

ហេតុដូច្នេះហើយ បានជាលេចចេញរបាយការណ៍ថ្មីមកថា Google កំពុងបញ្ចុះបញ្ចូលឲ្យ Samsung ជំរុញអតិថិជនរបស់ពួកគេ ឲ្យបន្ដប្រើប្រាស់ជំនួយការ Google Assistant និង Play Store ជាគោលវិញតែម្ដង។ គួររំលឹកឲ្យបានដឹងផងថា នេះមិនជាលើកដំបូងនោះទេ ដែលមានគេលេចឮថា Google បានពិភាក្សាជាមួយ Samsung អំពីរឿងស្រដៀងគ្នានេះ ដោយកាលពីអំឡុងឆ្នាំ 2014 កន្លងទៅ ក្រុមហ៊ុន Samsung ប្រហែលជាបានកាត់បន្ថយមុខងារ ក៏ដូចជាកម្មវិធីផ្តាល់ខ្លួននៅលើ TouchWiz កុំឲ្យច្រើនជាង Android Stock ដើមពេក ទៅតាមសំណើរបស់ Google ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនធំៗទាំងពីរនេះ មិនបានឆ្លើយតបទៅនឹង របាយការណ៍ទាំងអស់នេះជាផ្លូវការទេ ដោយវាគ្រាន់តែព័ត៌មាន លេចឮចេញពីផ្ទៃក្នុងប៉ុណ្ណោះ។ បើយោងតាមច្បាប់របស់ Android គឺក្រុមហ៊ុនផលិតទូរសព្ទទាំងអស់ សុទ្ធតែមានសិទ្ធិក្នុងការបង្កើត ជំនួយការឌីជីថល និងកម្មវិធី Store ផ្ទាល់ខ្លួនបាន ដោយគ្មានការហាមឃាត់អ្វីឡើយ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមិត្តភាពរវាង Google និង Samsung មានលក្ខណៈជិតដិតមែនទែន ដើម្បីនាំយកបទពិសោធន៍ថ្មីៗ ជូនទៅដល់អតិថិជនរបស់ពួកគេ ហើយព្រឹត្តិការណ៍ Unpacked Event ធំនៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ ក៏នឹងអាចមានការប្រកាសចេញ អំពីការអភិវឌ្ឍន៍ទាក់ទងជាមួយ Software របស់ទូរសព្ទអេក្រង់បត់ជំនាន់ថ្មី ជាដើម។ តើបច្ចុប្បន្ននេះ ប្រិយមិត្តជាអ្នកប្រើប្រាស់ទូរសព្ទរបស់ Samsung ដែរឬទេ? ហើយនិយមប្រើជំនួយការ Bixby ជាង ឬក៏ Google Assistant ជាង?

ដោយ​ ៖ Bloomberg
អត្ថបទទាក់ទង