ក្រុមហ៊ុនបង្កើតហ្គេមល្បីៗ Konami បានប្រកាសចេញកុំព្យូទ័រលើតុ Gaming នៅប្រទេសជប៉ុន​
ដោយ​ ៖ ឡេង | 6 ថ្ងៃមុន SHARE

 

ក្រុមហ៊ុនជប៉ុន Konami ដែលមានឈ្មោះដ៏ល្បីល្បាញ ជាមួយនឹងការបង្កើតហ្គេម Silent Hill, Metal Gear Soild ក៏ដូចជាហ្គេម Contra ផងនោះ បានធ្វើការចូលរួមអាជីវកម្ម ដាក់លក់កុំព្យូទ័រលើតុប្រភេទ Gaming ដែរហើយ។ កាលពីពេលថ្មីៗកន្លងទៅនេះ ពួកគេបានធ្វើការប្រកាសចេញ Gaming Desktop ជាមួយកញ្ចប់តម្លៃចាប់ពីខ្ទង់ 1,760 ដុល្លារឡើងទៅ ដែលនឹងទទួលបានស៊ីភីយូ Intel ជំនាន់ទី 9 ព្រមទាំងក្រាហ្វិកកាតរបស់ NVIDIA នៅក្នុង Case មួយដ៏ពិសេសតែម្ដង។

កុំព្យូទ័រលើតុប្រភេទ Gaming របស់ក្រុមហ៊ុន Konami គឺស្ថិតនៅលើត្រកូលឈ្មោះ Arespear ហើយរួមមានដូចជាម៉ូឌែល C300, C700 និងម៉ូឌែល C700+ ទៅតាមលក្ខណៈសម្បត្តិ និងតម្លៃភ្ជាប់មកជាមួយពួកវា។ សម្រាប់ម៉ូឌែល C300 គឺមានតម្លៃខ្ទង់ 1,760 ដុល្លារ នឹងទទួលបានស៊ីភីយូ Intel Core i5-9400F ជាមួយរ៉េមទំហំ 8GB (8GBx1) DDR4-2666 + SSD ទំហំ 512GB (PCIe NVMe/M.2) និងក្រាហ្វិកកាត NVIDIA GTX 1650 ផងដែរ។ បើម៉ូឌែល C700 មានតម្លៃខ្ទង់ 3,017 ដុល្លារ ដែលបំពាក់ស៊ីភីយូ Core i7-9700 ជាមួយកង្ហារ Water-Cooled ក៏ដូចជាមានរ៉េមទំហំ 16GB (8GBx2) DDR4-2666 + SSD ទំហំ 512GB (PCIe NVMe/M.2) + HDD ទំហំ 1TB (SATA) និងក្រាហ្វិកកាត NVIDIA RTX 2070 Super តែម្ដង។ ចុងក្រោយគេជាម៉ូឌែល C700+ ដែលមានតម្លៃខ្ទង់ 3,227 ហើយមានលក្ខណៈសម្បត្តិដូចម៉ូឌែល C700 អញ្ចឹងដែរ ដោយគ្រាន់តែបន្ថែមភ្លើង RGB និងទទួលបាន Case ថ្លាអាចមើលពីចំហៀងបាន។

ក្រុមហ៊ុន Konami បានប្រកាសប្រាប់ថា កុំព្យូទ័រលើតុប្រភេទ Gaming របស់ពួកគេ នឹងដាក់លក់នៅលើទីផ្សារប្រទេសជប៉ុន នៅអំឡុងខាងកញ្ញាខាងមុខនេះហើយ ដោយឡែក ពួកគេមិនទាន់បង្ហើបប្រាប់ថា នឹងនាំចេញទៅលើទីផ្សារសកល នៅពេលណាឲ្យច្បាស់នោះទេ។ តើអ្នកទាំងអស់គ្នា យល់ឃើញយ៉ាងណាដែរ ចំពោះសមត្ថភាពរបស់កុំព្យូទ័រលើតុប្រភេទ Gaming ថ្មីៗនេះ?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង