សហស្ថាបនិកក្រុមហ៊ុនបង្កើតហ្គេម Dota 2 និង CS:GO គិតថា Xbox Series X ជាជម្រើសល្អជាង PlayStation 5​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

លោក Gabe Newell ត្រូវជាសហស្ថាបនិកក្រុមហ៊ុន Valve Corporation ដែលបានធ្វើការបង្កើតហ្គេមល្បីៗជាច្រើន ដោយរួចមានដូចជា Half-Life, Left 4 Dead, Counter-Strike: Global Offensive ក៏ដូចជា Dota 2 ផងនោះ បានលើកឡើងមកថា គាត់ចង់បាន Xbox Series X ច្រើនជាង PlayStation 5 នៅពេលម៉ាស៊ីនហ្គេមទាំងពីរនេះ ចេញលក់លើទីផ្សារ។ សម្រាប់ចម្លើយមួយនេះ ត្រូវបានលាតត្រដាងមក ខណៈពេលដែល គាត់កំពុងតែចូលរួមនៅកម្មវិធី The Project NZ ក្នុងប្រទេសនូវែលសេឡង់ កាលពីពេលថ្មីៗកន្លងទៅនេះ។

បន្ទាប់ពីមានពិធីករម្នាក់សាកសួរទៅគាត់ថា “រវាងម៉ាស៊ីនហ្គេមជំនាន់ក្រោយៗទាំងពីរនោះ តើគាត់ចាប់អារម្មណ៍លើមួយណាជាងគេ?” ហើយគាត់ក៏បានឆ្លើយទៅវិញថា គាត់នឹងជ្រើសយកខាង Xbox ហើយ ព្រោះវាជា Xbox តែម្ដង។ លើសពីនេះ គាត់ក៏បានបន្ថែមទៀតថា គាត់មិនមានការប្រយុទ្ធប្រឆាំងអ្វីឡើយ ដោយសារតែក្រុមហ៊ុនរបស់គាត់ (Valve) ភាគច្រើនធ្វើការបង្កើតហ្គេម ផ្ដោតសំខាន់ទៅលើកុំព្យូទ័រ PC តែប៉ុណ្ណោះ ប៉ុន្ដែបើសិនជាឲ្យជ្រើសរើស រវាងម៉ាស៊ីនហ្គេមទាំងពីរ នោះគាត់នៅតែចង់បាន Xbox ដដែល។ ជាការពិតណាស់ នេះគ្រាន់តែជាមតិរបស់រូបគាត់ម្នាក់ប៉ុណ្ណោះ ហើយគាត់ក៏មិនមានពេល សម្រាប់ការបញ្ជាក់ប្រាប់ពី មូលហេតុច្បាស់នោះទេ ហើយក៏បន្ដទៅកាន់សំណួរផ្សេងវិញ។ ប្រិយមិត្តទាំងអស់គ្នា អាចទស្សនាវីដេអូមួយនោះ នៅខាងក្រោមនេះបាន ដោយសំណួរទាក់ទងទៅនឹង PlayStation 5 ឬ Xbox Series X ស្ថិតនៅនាទីទី 3:10 តទៅ។

រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងបានឃើញអំពីរូបរាងរបស់ ម៉ាស៊ីនហ្គេមទាំងពីរ និងលក្ខណៈសម្បត្តិលំដាប់កំពូលៗ របស់ពួកវារួចមកហើយ ដោយឡែក នៅតែសមត្ថភាពដំណើរការពិតប្រាកដ ហើយតម្លៃប៉ុណ្ណោះ ដែលមិនទាន់បានដឹងច្បាស់នៅឡើយ។ ចុះមតិរបស់អ្នកទាំងអស់គ្នាវិញនោះ តើកំពុងរង់ចាំមើលម៉ាស៊ីនហ្គេម PlayStation 5 ច្រើនជាង ឬក៏ Xbox Series X ច្រើនជាង? សូមបញ្ចេញមតិរបស់លោកអ្នក តាមរយៈប្រអប់ Comments ដើម្បីឲ្យក្រុមការងារយើងបានដឹងផង។

ដោយ​ ៖ IGN
អត្ថបទទាក់ទង