Google Play Console បានបង្ហាញកាន់តែច្បាស់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy Tab S7 និង Tab S7+​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

គិតមកទល់ពេលនេះ យើងទទួលបានដំណឹងទាក់ទងនឹង Galaxy Tab S7 Series ច្រើនដងដែរហើយ ដោយក្នុងនោះ ការបែកធ្លាយមួយផ្នែកធំ គឺបានបង្ហាញឲ្យឃើញ ពីចំណុចសំខាន់ៗ អាចនឹងមាននៅលើថេប្លេតខាងលើទៀតផង ហើយអ្វីដែលយើងដឹងច្បាស់ជាងគេនោះ គឺថាថេប្លេតខាងលើ អាចនឹងមានចំនួន 2 ម៉ូឌែល ពោលគឺ Galaxy Tab S7 និង Tab S7+ ផងដែរ។ ដោយឡែក បើតាមការបញ្ជាក់ចេញពី Google Play Console នៅក្នុងពេលនេះវិញ គឺអាចនិយាយបានថា លក្ខណៈសម្បត្តិមួយចំនួន ដែលបានបង្ហាញកន្លងមកនោះ គឺទំនងជាមិនខុសនោះទេ ព្រោះជាក់ស្ដែងកម្មវិធីខាងលើ ក៏បានបញ្ជាក់ដូច្នោះដែរ។

មិនខុសទេ បើតាមអ្វីដែលយើងបានឃើញ នៅក្នុងកម្មវិធី Google Play Console នោះ បានបញ្ជាក់ឲ្យដឹងថា Galaxy Tab S7 វិញម្តង វាអាចនឹងបំពាក់មកជាមួយអេក្រង់ ដែលមានកម្រិតបង្ហាញ 2560 x 1600 ភិចសែល ខណៈពេលដែល Galaxy Tab S7+ វាអាចនឹងបំពាក់អេក្រង់ ដែលមានកម្រិតបង្ហាញ 2800 × 1752 ភិចសែល ដូចដែលដំណឹងលេចធ្លាយលើកមុននោះ បានបង្ហាញដែរ។ ក្រៅពីនេះទៀត យើងក៏ឃើញដែរថា វាទាំងពីរនេះទំនងជា ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 865+ ក៏ដូចជាមានបំពាក់មកជាមួយរ៉េមទំហំ 6GB ដូចគ្នាទៀតផង មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះក៏បានបន្ថែមទៀតថា វាទាំងពីរនេះ នឹងបង្ហាញខ្លួនមកជាមួយជម្រើសពីរប្រភេទដូចគ្នា ពោលគឺមួយជាម៉ូឌែលដែលអាចដាក់ស៊ីមប្រើអ៊ីនធើណេតបាន និងមួយទៀតជាម៉ូឌែល Wi-Fi ហ្នឹងតែម្ដង។ យ៉ាងណាក៏ដោយ បើតាមដំណឹងលេចធ្លាយប៉ុន្មានថ្ងៃមុននេះ Galaxy Tab S7+ អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 12.4 អ៊ីញ ប្រភេទ Super AMOLED និងមានកម្រិត Refresh Rate ដល់ 120Hz។ ខណៈពេលដែល Galaxy Tab S7 វិញ គឺវានឹងបំពាក់មកជាមួយអេក្រង់ទំហំ 11 អ៊ីញ ជាប្រភេទ LCD ប៉ុណ្ណោះ ប៉ុន្តែវាមានកម្រិត Refresh Rate ដល់ 120Hz ដូចគ្នា។

សម្រាប់ថាមពលថ្មវិញ Galaxy Tab S7+ អាចបង្ហាញខ្លួនមកជាមួយថ្មទំហំ 10,090mAh ហើយចំណែក Galaxy Tab S7 វិញ គឺអាចបង្ហាញខ្លួនមកជាមួយថ្មទំហំ 7,040mAh ខណៈពេលចំណុចសំខាន់មួយចំនួនទៀត គឺថា ម៉ូឌែលដែលមានអេក្រង់ធំជាងគេនោះ ទំនងជាមានមុខងារស្កេនស្នាមម្រាមដៃនៅលើអេក្រង់ ខណៈពេលដែលម៉ូឌែល 11 អ៊ីញ អាចប្រើមុខងារស្កេនស្នាមម្រាមដៃនៅផ្នែកចំហៀងនៃតួខ្លួន ព្រោះថាអេក្រង់ LCD របស់វា មិនអាចគាំទ្របច្ចេកវិទ្យានេះឡើយ។ យ៉ាងណាក៏ដោយ ប្រហែលជាមួយសប្តាហ៍ទៀតប៉ុណ្ណោះ យើងនឹងបានឃើញវត្តមានថេប្លេតខាងលើជាផ្លូវការហើយ ពោលគឺ Samsung នឹងប្រកាសចេញ នៅក្នុងថ្ងៃទី 5 ខែសីហាខាងមុខនេះតែម្ដង។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង