AMD និយាយថាស៊ីភីយូរបស់ Xbox Series X, PS5, Zen 3 និងក្រាហ្វិកកាត RDNA 2 គ្មានការពន្យាពេលឡើយ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ខណៈពេលដែល AMD ធ្វើការរាយការណ៍អំពីបញ្ជីប្រចាំត្រីមាសទី 2 នៃឆ្នាំ 2020 កន្លងទៅនេះ លោកស្រី Lisa Su ត្រូវជានាយកប្រតិបត្តិផ្ទាល់តែម្ដង បានលើកឡើងមកថា ផលិតផលធំៗជាច្រើន ដែលគ្រោងនឹងចេញជាផ្លូវការ នៅក្នុងពេលខាងមុខនេះ គឺសុទ្ធតែគ្មានការពន្យាពេលទាំងអស់ បើទោះបីជាមានការផ្អាកបិទរោងចក្រ ដោយសារតែទប់ស្កាត់នឹងវីរុសកូវីដ 19 យ៉ាងណាក្ដី។ ផលិតផលធំៗក្នុងចំណោមនោះ ដែលត្រូវបានគេរង់ចាំច្រើនជាងគេ ប្រាកដជាស៊ីភីយូសម្រាប់បំពាក់លើ ម៉ាស៊ីនហ្គេមជំនាន់ក្រោយៗដូចជា Xbox Series X របស់ Microsoft និង PlayStation 5 របស់ Sony ជាក់ជាមិនខានឡើយ។

អ្នកដែលតែងតែគាំទ្រម៉ាស៊ីនហ្គេមរបស់ Xbox និង PlayStation ពិតជាសប្បាយចិត្តហើយ បន្ទាប់ពីបានឮដំណឹងថ្មីមួយនេះ ចេញពីមេរបស់ក្រុមហ៊ុន AMD ដែលសន្យាថានឹងគ្មានការពន្យាពេល ធ្វើឲ្យរង់ចាំយូរនោះឡើយ។ ស្របនឹងពេលនោះផងដែរ វាក៏ជាដំណឹងពិសេសមួយ សម្រាប់អ្នកកំពុងតែចង់ Upgrade កុំព្យូទ័រលើតុរបស់ពួកគេផងដែរ ព្រោះតែ AMD ក៏បានបញ្ជាក់ប្រាប់ថា ស៊ីភីយូប្រភេទ Zen 3 ស៊េរីថ្មី ព្រមទាំងក្រាហ្វិកកាតប្រភេទ RDNA 2 ឬហៅថា Big Navi នឹងចេញលក់លើទីផ្សារ បានទាន់ការកំណត់ដដែល។ បើយោងតាមលោកស្រី Lisa Su បានចែករំលែកឲ្យដឹងថា ដោយសារតែស៊ីភីយូ Ryzen 4000 Mobile ទើបធ្វើឲ្យមានការរីកចម្រើនខ្លាំង សម្រាប់ក្រុមហ៊ុនរបស់ខ្លួន ដោយផ្ដល់ជូនកម្លាំងល្អ និងជួយកាន់ថ្មគ្រាន់បើ សម្រាប់កុំព្យូទ័រយួរដៃស៊េរីថ្មីៗ ដែលស្ថិតនៅក្នុងតម្លៃសមរម្យមួយ។

នេះពិតជាឱកាសដ៏ល្អវបំផុតសម្រាប់ AMD លើការពង្រីកប្រជាប្រិយភាព ឲ្យកាន់តែធំទូលាយថែមទៀត ដោយផលិតផលរបស់ពួកគេ ចាប់ផ្ដើមមានប្រសិទ្ធភាពល្អប្រសើរជាងមុន ក៏ដូចជាមានតម្លៃទាបជាងគូប្រជែង ថែមទៀតផង។ នាពេលបច្ចុប្បន្ននេះ តើអ្នកទាំងអស់គ្នា កំពុងតែប្រើប្រាស់ស៊ីភីយូ ឬ ក្រាហ្វិកកាតរបស់ AMD ដែរឬទេ? ប្រសិនបើមិនទាន់ធ្លាប់ប្រើប្រាស់ទេ តើមានគម្រោងចង់ផ្លាស់ប្ដូរទៅឬអត់?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង