Sony ប្រកាសចេញម៉ាស៊ីនថត A7S Mark III ស៊េរីថ្មីជាផ្លូវការ នៅក្នុងតម្លៃខ្ទង់ 3,499 ដុល្លារ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តដែលជាអ្នកគាំទ្រម៉ាស៊ីនថតរបស់ Sony ប្រាកដជាបានរង់ចាំជាង 5 ឆ្នាំមកហើយនូវម៉ូឌែលស៊េរីថ្មី A7S Mark III ដោយជាទីបំផុត វាត្រូវបានប្រកាសចេញជាផ្លូវការហើយ សម្រាប់កញ្ចប់តម្លៃខ្ទង់ ១៤ លានរៀល ឬ ប្រហាក់ប្រហែល 3,499 ដុល្លារ។ សម្រាប់ម៉ាស៊ីនថតស៊េរីថ្មីមួយនេះ Sony បានអះអាងមកថា វានឹងអាចថតវីដេអូ 4K នៅកម្រិត 60FPS បានរយៈពេលចំនួន 1 ម៉ោងពេញ ដោយមិនមានបញ្ហាឡើងកម្ដៅខ្លាំងនោះទេ ហើយនៅតែអាចថតបានភ្លឺដដែល ទោះបីជាស្ថិតក្នុងស្ថានភាពងងឹតខ្លាំង បើយកទៅប្រៀបធៀបនឹង ម៉ាស៊ីនថតទូទៅដទៃទៀត។

ស្របនឹងពេលដែល វាមានសមត្ថភាពក្នុងការថតវីដេអូ 4K 60FPS បានរយៈពេលដល់ទៅ 1 ម៉ោងជាប់ ហើយវាក៏អាចថតវីដេអូកម្រិត 4K 120FPS ឬ 1080p 240FPS បានផងដែរ ដោយឡែក វាមិនអាចថតនៅកម្រិត 8K បាននោះទេ។ ម៉ាស៊ីនថត A7S Mark III នេះ អាចចាប់យករូបភាពបាន ជាមួយសេនស័រកាមេរ៉ាទំហំ 12 មេហ្គាភិចសែល និងមានបំពាក់មុខងារទប់លំនឹង Image Stabilization ជាប់ជាមួយតួខ្លួនតែម្ដង ដោយវាមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹង A7S Mark II កាលពី 5 ឆ្នាំមុនដែរ។ យ៉ាងណាមិញ Sony បាននិយាយប្រាប់ថា បើទោះបីជាសេនស័ររបស់វា មានទំហំត្រឹមតែ 12MP យ៉ាងណាក៏ដោយ ប៉ុន្ដែតួខ្លួនខាងក្រៅរបស់វា គឺមានទំហំធំជាងសេនស័រកាមេរ៉ា 42MP ទៅទៀត ដូច្នេះវាអនុញ្ញាតឲ្យថតក្នុងទីតាំងងងឹតខ្លាំង ដោយមិនចោទជាងបញ្ហាច្រើនឡើយ។ កាន់តែពិសេសជាងនេះ វាក៏មាន Viewfinder ដែលអាចបង្ហាញគុណភាពបាន 9.44 Million-Dot ក៏ដូចជាមានអេក្រង់ថាច់ស្រ្គីន, កន្លែងដាក់កាតចំនួនពីរ ទាំងប្រភេទ UHS-II SD Card និង CF Express Type A, រន្ធ HDMI និងសន្យាទទួលបានថាមពលថ្មយូរជាង A7S Mark II ដល់ទៅ 60% ឯណោះ។

លើសពីនេះវាក៏អាចថតចេញជា File ប្រភេទ H.264 ព្រមទាំងប្រភេទថ្មី H.265 HEVC សម្រាប់ការថតសន្លឹកថែមទៀតផង និងមានសមត្ថភាពថតវីដេអូ 10-bit 4:2:2 HLG HDR, ថត 4K ជាមួយ ISO ដល់ទៅ 409,600 និងអាចចាប់ចំណុច Focus បានខ្ទង់ 759 ស្ថានភាព ជាដើម។ ក្រុមហ៊ុន Sony នឹងដាក់លក់ម៉ាស៊ីនថតស៊េរីថ្មី A7S Mark III ជាមួយតម្លៃខ្ទង់ ១៤ លានរៀល ឬ ប្រហាក់ប្រហែល 3,499 ដុល្លារ នៅអំឡុងខែកញ្ញាខាងមុខនេះ ដូច្នេះលោកអ្នកអាចរង់ចាំមើល តាមហាងម៉ាស៊ីនថតនានា យកមកដាក់លក់បន្ដនៅក្នុងស្រុកយើងបាន។

ដោយ​ ៖ Sony
អត្ថបទទាក់ទង