ទាំងនេះអាចជាលក្ខណៈពិសេសនាឡិកាឆ្លាតជំនាន់ថ្មី Galaxy Watch 3​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ទើបតែកន្លងទៅប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ដែលលោក Roland Quandt ជាកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយ លើបណ្តាញសង្គម Twitter បានបង្ហោះរូបភាពគម្រូផ្លូវការជាច្រើនសន្លឹក ក៏ដូចជាលក្ខណៈសម្បតិ្តរបស់ ទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី ដែលត្រៀមនឹងបង្ហាញខ្លួនឆាប់ៗខាងមុខ រួមមានដូចជា Galaxy Note 20, Note 20 Ultra ព្រមទាំងកំពូលថេប្លេត Galaxy Tab S7 ផងដែរ។ 

ដោយឡែក នៅមិនទាន់អស់នោះទេ ព្រោះថាក្នុងថ្ងៃនេះដែរ តាមរយៈប្រភពខាងលើដដែល ក៏ឆ្លៀតបង្ហាញបន្ថែមឲ្យយើងបានដឹងទុកមុន អំពីលក្ខណៈសម្បតិ្ត សឹងតែលាតត្រដាងចេញមកទាំងអស់ នៃនាឡិកាឆ្លាតជំនាន់ក្រោយ Galaxy Watch 3 វិញម្តង។ ពិតមែនណាស់ តាមរយៈព័ត៌មានដែលយើងទទួលចុងក្រោយគេនេះ បានបង្ហាញឲ្យដឹងថា Galaxy Watch 3 នឹង នឹងមានជម្រើសទំហំចំនួនពីរ ដូចជា 41mm និង 45mm ហើយចំពោះម៉ូឌែល 41mm គឺមានអេក្រង់ទំហំ 1.2 អ៊ីញ ខណៈពេលដែលម៉ូឌែល 45mm មានអេក្រង់ទំហំ 1.4 អ៊ីញ។ ទន្ទឹមនឹងមានទំហំខុសគ្នា វាទាំង 2 ក៏បំពាក់ថាមពលថ្មមិនដូចគ្នាដែរ ដោយចំពោះម៉ូឌែល 41mm មានថ្មទំហំ 247mAh និងថ្មទំហំ 340mAh សម្រាប់ម៉ូឌែល 45mm។ ក្រៅពីនេះ គឺ Galaxy Watch 3 ទាំង 2 ម៉ូឌែល មានលក្ខណៈសម្បតិ្តដូចគ្នាទាំងអស់ រួមមានដូចជា អាចនឹងភ្ជាប់មកជាមួយឈីប Exynos 9110 មាន RAM ទំហំ 1GB គួបផ្សំទំហំផ្ទុកខាងក្នុង 8GB ក៏ដូចជា ដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ Tizen OS ជំនាន់ 5.5 ដូចគ្នា។ 

ចំណែកឯផ្នែកផ្ទៃបង្ហាញរបស់ Galaxy Watch 3 ក៏អាចនឹងត្រូវបានបំពាក់អេក្រង់ប្រភេទ Super AMOLED ផ្តល់កម្រិតបង្ហាញ 360 x 360 ភិចសែល និងការពារដោយកញ្ចក់ Gorilla Glass DX, មានស៊ុមជុំវិញជាប្រភេទ Stainless Steel ជាមួយគែម Bezel អាចបង្វិលបាន (Physical Rotating Bezel) ទៀតផង។ វានឹងភ្ជាប់ជាមួយប្រព័ន្ធ GPS ស្រាប់ ក៏ដូចជាមុខងារតាមដានសុខភាពផ្សេងៗ និងអាចការពារទឹកកម្រិត IP68 ដែលត្រូវបានឆ្លងកាត់ ការធ្វើតេស្តភាពធន់កម្រិតខ្ពស់ MIL-STD-810G រួចហើយដែរ។ 

ដោយ​ ៖ Roland Quandt
អត្ថបទទាក់ទង