ខ្សែ Thunderbolt 3 Pro ត្រូវបាន Apple ដាក់លក់លើវេបសាយក្នុងតម្លៃខ្ទង់ ៥១ ម៉ឺនរៀល (~129 ដុល្លារ)​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ស្របនឹងពេលថ្មីៗកន្លងទៅនេះ Apple បានធ្វើការដាក់លក់ខ្សែ Thunderbolt 3 Pro នៅលើវេបសាយផ្លូវការរបស់ខ្លួន ដែលវាមានតម្លៃខ្ទង់ ៥១ ម៉ឺនរៀល ឬប្រហាក់ប្រហែល 129 ដុល្លារឯណោះ ដោយវាមានប្រវែងវែងដល់ទៅ 2 ម៉ែត្រ និងនៅតែមានសមត្ថភាពផ្ទេរលឿនបានដដែល។ ខណៈពេលដែល មនុស្សមួយចំនួនបានគិតថា វាពិតជាមានតម្លៃខ្ពស់ ស្ទើរតែមិនគួរឲ្យជឿមែនទែន ដោយឡែក មនុស្សមួយចំនួនទៀត ក៏មានមូលហេតុរបស់ពួកគេ ហើយថាវាមានតម្លៃត្រឹមត្រូវ ថែមទៀតផង។

ចំណែកឯហេតុផលធ្វើឲ្យខ្សែមួយនេះ មានតម្លៃខ្លួនរហូតដល់ខ្ទង់ 129 ដុល្លារ នោះក៏ដោយសារតែ វាអាចគាំទ្រទាំង DisplayPort សម្រាប់ Output និង USB 3.1 Gen 2 ជាមួយល្បឿនផ្ទេរទិន្នន័យដល់ទៅ 10Gbps ហើយបើទៅលើសមត្ថភាព Thunderbolt 3 គឺវាមានល្បឿនរហូតដល់ទៅ 40Gbps ឯណោះ។ សម្រាប់មូលហេតុមួយទៀតគឺថា បើសិនជាខ្សែកាន់តែវែងដូចនេះ Apple ក៏ត្រូវការចំណាយច្រើនដែរ ដើម្បីឲ្យវានៅរក្សាល្បឿនផ្ទេរ បានលឿនដូចដើមដដែល ដោយមិនមានការបាត់បង់សមត្ថភាព។ ជាការពិតណាស់ Apple ក៏មានដាក់លក់ខ្សែ Thunderbolt 3 មួយទៀត ជាមួយសមត្ថភាពខ្ពស់បែបនេះ ក្នុងតម្លៃខ្ទង់ 39 ដុល្លារផងដែរ ប៉ុន្ដែវាមានប្រវែងត្រឹមតែ 0.8 ម៉ែត្រប៉ុណ្ណោះ។ បើទោះបីជាវាមានតម្លៃខ្ពស់ សម្រាប់ការប្រើប្រាស់ទូទៅក៏ពិតមែន យ៉ាងណាមិញ វាក៏មានអត្ថប្រយោជន៍ខ្លាំង សម្រាប់អ្នកផលិតខ្សែភាពយន្ដ ឬក៏ការងារជំនាញផ្នែកខាងនោះ ជាដើម។

ប្រសិនបើប្រិយមិត្តមួយចំនួន ចង់បានព័ត៌មានបន្ថែមអំពីខ្សែ Thunderbolt 3 Pro (2 ម៉ែត្រ) តម្លៃខ្ទង់ 129 ដុល្លាររបស់ Apple អាចចូលទៅកាន់វេបសាយផ្លូវការ ដោយចុចត្រង់នេះ ឬ ខ្សែ Thunderbolt 3 (0.8 ម៉ែត្រ) ដោយចុចត្រង់នេះ បាន។ ចុះអ្នកទាំងអស់គ្នាយល់ឃើញថា ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក ត្រូវការខ្សែប្រភេទបែបនេះជាចាំបាច់ដែរឬទេ?

ដោយ​ ៖ Apple
អត្ថបទទាក់ទង