SSD ប្រភេទ NVMe PCIe 4.0 ទំហំ 4TB ដំបូងគេលើលោក ត្រូវបានប្រកាសចេញផ្លូវការដោយ Sabrent​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កាលពីជាងពីរខែមុន យើងបានឃើញថា ក្រុមហ៊ុនផលិតអង្គផ្ទុក Sabrent បានប្រកាសចេញអង្គផ្ទុក SSD ដំបូងគេបង្អស់លើលោកជាផ្លូវការ ដោយត្រូវបានគេហៅថា Rocket Q 8TB NVMe PCIe M.2 2280 នេះឯង ដោយ SSD ប្រភេទមួយនេះ វាជាប្រភេទ M.2 PCIe ដែលមានទំហំដល់ធំទៅ 8TB ឯណោះ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើក៏បានបង្កើនកំណត់ត្រាថ្មីមួយទៀត ទាក់ទងនឹងការផលិតអង្គផ្ទុកនេះដដែល និយាយឲ្យចំទៅ ពេលនេះគេបានចេញមុខ ធ្វើការបង្ហាញជាផ្លូវការពីអង្គផ្ទុក SSD ប្រភេទថ្មីមួយទៀត ពោលគឺប្រភេទ NVMe PCIe 4.0 ដែលមានទំហំធំជាងគេលើកតែម្ដង។

ជាការពិតណាស់ នៅក្នុងពេលនេះ Sabrent បានធ្វើការប្រកាសចេញផ្លូវការ ពីអង្គផ្ទុក SSD ជំនាន់ថ្មីមួយ ប្រភេទ NVMe PCIe 4.0 ត្រូវបានគេហៅថា Rocket Q4 NVMe 4.0 ពោលគឺវាមានទំហំផ្ទុកដល់ទៅ 4TB ឯណោះ។ មិនខុសទេ ដោយសារវាជាអង្គផ្ទុកជំនាន់ថ្មីដូច្នេះ វាក៏មានល្បឿនជាងជំនាន់មុនទៅតាមនឹងដែរ និយាយឲ្យចំទៅ បើតាមការបង្ហាញរបស់ Sabrent ដោយផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា SSD ជំនាន់ថ្មីនេះ វាមានល្បឿន Read Speed ដល់ទៅ 4,900 MB/s និងមានល្បឿន Write Speed ដល់ទៅ 3,500 MB/s ឯណោះ ប៉ុន្តែវាអាចដំណើរការដល់ល្បឿនបែបនេះ គឺលុះត្រាណាតែ គេប្រើប្រាស់វា នៅលើ Motherboard ជំនាន់ទី 4 ដូចគ្នាដែរ (PCIe Gen 4 Motherboards)។ យ៉ាងណាក៏ដោយ បើសិនជាមិនប្រើប្រាស់លើ PCIe Gen 4 Motherboards នោះទេ ល្បឿនខ្ពស់បំផុតរបស់វា គឺអាចឡើងបានត្រឹម 3,350 MB/s ប៉ុណ្ណោះ ហើយបើសិនជាគេដំឡើងវានៅលើ Motherboards ប្រភេទ PCLe Gen 3 នោះវិញ វាអាចផ្តល់ល្បឿន Read Speed ជាមធ្យមដល់ 3,300MB/s និងល្បឿន Write Speed ជាមធ្យមដល់ទៅ 3,300 MB/s ដូចគ្នា។

មិនត្រឹមតែប៉ុណ្ណោះទេ Rocket Q4 NVMe 4.0 ក៏អាចគាំទ្រ Power Management Support សម្រាប់ APST / ASPM / L1.2 ក៏ដូចជាគាំទ្រ Command ប្រភេទ SMART និង TRIM ផងដែរ។ ក្រៅពីនេះ វាក៏អាចគាំទ្រជាមួយមុខងារមួយចំនួនផ្សេងទៀតដែរ ជាក់ស្ដែងមានដូចជា Advanced Wear Leveling, Bad Block Management និង Over-Provision ជាដើម ដោយមុខងារទាំងនេះ គឺសុទ្ធតែត្រូវបានគេធ្វើឡើង ដើម្បីជួយជំរុញឲ្យ SSD ខាងលើនេះ មានអាយុកាលកាន់តែវែងថែមទៀត។ ហើយសម្រាប់តម្លៃរបស់វាវិញ នៅក្នុងបញ្ជីរបស់ Amazon ឃើញមានចំនួនពីរជម្រើស ពោលគឺមានដូចជា៖

• ជម្រើសទីមួយមិនមានភ្ជាប់មកជាមួយបន្ទះបន្ថយកម្តៅ ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ទង់ ៣ លានរៀល ឬ 749.99 ដុល្លារ

• ជម្រើសមួយទៀតនោះ គឺមានភ្ជាប់មកជាមួយបន្ទះបន្ថយកម្តៅ ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ទង់ ៣ លាន ៨ ម៉ឺនរៀល ឬ 769.99 ដុល្លារ

និយាយរួមមកវិញ Rocket Q4 NVMe 4.0 ជា SSD ប្រភេទ NVMe PCIe 4.0 ដំបូងគេលើលោក ដែលមានទំហំផ្ទុកដល់ទៅ 4TB ប៉ុន្តែនេះមិនមែនជាកំណត់ត្រាលើកទីមួយសម្រាប់ Sabrent នោះទេ ព្រោះដូចបានបញ្ជាក់ខាងលើអញ្ចឹង ថាកាលពីជាង 2 ខែមុន ក្រុមហ៊ុននេះ ក៏បានប្រកាសចេញ SSD ប្រភេទ NVMe M.2 ទំហំធំជាងបង្អស់មួយដល់ទៅ 8TB រួចមកហើយ។

ដោយ​ ៖ Wccftech
អត្ថបទទាក់ទង