Samsung បានឡើងឈរលេខ 2 លើការនាំចេញទូរសព្ទក្នុងប្រទេសឥណ្ឌា នាត្រីមាសទី 2 ឆ្នាំ 2020 នេះ​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

យើងបានដឹងហើយថា Samsung ធ្លាប់ជាយីហោទូរសព្ទឆ្លាត ធំជាងគេនៅក្នុងទីផ្សារប្រទេសឥណ្ឌា ប៉ុន្តែក្រុមហ៊ុនយក្សមួយនេះ ត្រូវបាន Xiaomi ដណ្ដើមយកលេខ 1 កាលពីឆ្នាំ 2017 កន្លងទៅ។ មិនតែប៉ុណ្ណោះ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 កន្លងមកនេះ ក្រុមហ៊ុន Samsung បានធ្លាក់មកនៅលេខរៀងទី 3 ដែលធ្វើអោយក្រុមហ៊ុន vivo បានក្លាយទៅជាយីហោស្មាតហ្វូនធំលំដាប់ទី 2 ក្នុងប្រទេសឥណ្ឌាវិញ ខណៈដែល Xiaomi នៅតែគ្រងលើតំណែងលេខ 1 ដដែល។

ដោយឡែក នៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ ក្រុមហ៊ុន Samsung បានឡើងឈរនៅលេខរៀងទី 2 វិញ ដែលធ្វើអោយក្រុមហ៊ុន vivo បានធ្លាកទៅជាយីហោស្មាតហ្វូនធំលំដាប់ទី 3 ក្នុងទីផ្សារប្រទេសឥណ្ឌាវិញ ខណៈពេលដែល Xiaomi នៅតែគ្រងលើតំណែងលេខ 1 ដដែល។ ជាការពិតណាស់ បើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញអោយដឹងថាការនាំចេញទូរសព្ទឆ្លាតរបស់ Samsung នៅក្នុងទីផ្សារប្រទេសឥណ្ឌា បានកើនឡើងចំនួន 1 ភាគរយ ក្នុងអំឡុងត្រីមាសទី 1 ឆ្នាំ 2020 បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ 2019 កន្លងទៅ។ ជាស្ដែង ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ អាចនាំចេញទូរសព្ទឆ្លាតបានចំនួន 4.68 លានគ្រឿង នៅត្រីមាសទី 2 ឆ្នាំ 2020 នេះ ហើយអាចដណ្តើមបានចំណែងទីផ្សារស្មាតហ្វូនឥណ្ឌាចំនួន 26 ភាគរយផងដែរ។ បើប្រៀបធៀបជាមួយក្រុមហ៊ុន Xiaomi គឺដណ្ដើមបានចំណែកទីផ្សារដល់ទៅ 29 ភាគរយ និង vivo ទទួលបានចំណែកទីផ្សារត្រឹម 17 ភាគរយ នៃចំនួនទូរសព្ទសរុប 18 លានគ្រឿង ត្រូវបាននាំចេញក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ។

ខណៈពេលដែល realme ដណ្ដើមបានចំណែកទីផ្សារចំនួន 11 ភាគរយ នៅត្រីមាសទី 2 ឆ្នាំ 2020 នេះ ដែលកើនឡើងប្រមាណ 2 ភាគរយ បើធៀបនឹងឆ្នាំមុន។ ខណៈដែល OPPO បានក្ដោបក្តាប់ទីផ្សារទូរសព្ទក្នុងប្រទេសឥណ្ឌាបានចំនួន 9 ភាគរយផងដែរ។ រីឯចំណែកទីផ្សារមួយចំនួនទៀត គឺបានទៅលើក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀត ដែលមិនមានការបញ្ជាក់ប្រាប់អោយដឹងឡើយ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង