Apple អាចនឹងប្រកាសចេញកុំព្យូទ័រ iMac ប្រើប្រាស់ស៊ីភីយូ Intel ជំនាន់ថ្មី ក្នុងអំឡុងខែក្រោយនេះ​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

កាលពីក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ WWDC 2020 កន្លងទៅនេះ Apple បានប្រកាសចេញជាផ្លូវការហើយថា ពួកគេនឹងផ្លាស់ប្ដូរទៅប្រើប្រាស់ ស៊ីភីយូរបស់ខ្លួនឯងផ្ទាល់តែម្ដង សម្រាប់កុំព្យូទ័រពពួក Mac ក្នុងពេលខាងមុខនេះ។ យ៉ាងណាមិញ បើយោងទៅតាមដំណឹងផ្ទៃក្នុងមួយ លេចឮចេញពីលោក Ming-Chi Kuo ត្រូវជាអ្នកវិភាគដ៏ជំនាញម្នាក់ បានជឿជាក់ថា Apple នឹងនៅតែបន្ដប្រើស៊ីភីយូ Intel មួយដងទៀតសិន ក្នុងត្រីមាសទី 3 នេះ ជាមួយត្រកូល iMac ជំនាន់ក្រោយ ហើយទើបបញ្ចេញ iMac សេរីថ្មីផ្សេងមួយទៀត ដែលប្រើប្រាស់ស៊ីភីយូ ARM របស់ខ្លួន។

ហាក់បីដូចជា ការប៉ាន់ស្មានទុកមុនរបស់កំពូលអ្នកវិភាគខាងលើពិតមែន ស្រាប់តែក្នុងថ្ងៃនេះ យើងក៏ទទួលបានរបាយការណ៍ថ្មីផ្សេងទៀត តាមរយៈកំពូលអ្នកចែកចាយព័ត៌មាន ក្នុងបណ្តាញ Twitter លោក Jon Prosser បង្ហាញថា Apple អាចនឹងត្រៀមប្រកាសចេញកុំព្យូទ័រ iMac ជំនាន់ក្រោយមួយទៀត ដែលអាចធ្វើឡើង នាដើមខែក្រោយឆាប់ៗនេះតែម្តង។ មិនតែប៉ុណ្ណោះ គេថែមទាំងបង្ហើបថា វាអាចជា iMac ម៉ូឌែលចុងក្រោយមួយរបស់ Apple ដែលនឹងបំពាក់មកជាមួយខួរក្បាលស៊ីភីយូ Intel ជំនាន់ថ្មី ដោយតាមពិតទៅ វាត្រូវបានគេរំពឹងថា អាចចេញក្នុងព្រឹតិ្តការណ៍ WWDC កន្លងទៅទេ។ ហើយកាលពីមួយរយៈមុននេះ ក៏មានគេប្រទះឃើញ ការធ្វើតេស្តពិន្ទុនៅលើ Geekbench ដោយបង្ហាញអំពីកុំព្យូទ័រ iMac ស៊េរីថ្មីមួយ ជាមួយការប្រើប្រាស់ស៊ីភីយូ Intel Core i9 ជំនាន់ទី 10 គួបផ្សំនឹងក្រាហ្វិចកាត Radeon Pro 5300 ផងដែរ។ បើទោះបីជាមានការអាប់ដេត ទៅលើកម្លាំងម៉ាស៊ីនក្នុងកុំព្យូទ័រក៏ពិតមែន ប៉ុន្តែ បើផ្អែកតាមប្រភពខាងលើ ពីលោក Jon Prosser បានបង្ហើបថា iMac ដែលអាចត្រៀមបង្ហាញខ្លួនឆាប់ៗនេះ គឺមិនមានការផ្លាស់ប្តូររូបរាងថ្មីនោះទេ និយាយរួមទៅ នឹងរក្សារូបរាងដើម ស្រដៀងទៅនឹងស៊េរីឆ្នាំ 2019 ឆ្នាំទៅមុនដែរ។ 

សរុបមក ទោះបីជាមិនមានការបញ្ជាក់ផ្លូវការណាមួយ ចេញពី Apple ផ្ទាល់ពិតមែន យ៉ាងហោចណាស់ តាមរយៈប្រភពល្បីៗខាងលើ យើងអាចសង្ឃឹមទុកមុនបានថាកុំព្យូទ័រ iMac ជំនាន់ក្រោយ ដំណើរការដោយស៊ីភីយូថ្មីរបស់ Intel នឹងបង្ហាញខ្លួនជាផ្លូវការ នៅដើមខែសីហាឆាប់ៗខាងមុខ។ អញ្ចឹង សម្រាប់ប្រិយមិត្តដែលតែងតែគាំទ្រ Apple ក៏ដូចជាផលិតផល Mac កុំភ្លេចរង់ចាំតាមដានបន្ត ជាមួយក្រុមការងារខេមបូរីផតទាំងអស់គ្នា ប្រសិនបើ Apple នឹងប្រកាសវាចេញមែននោះ។ 

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង