Galaxy Watch 3 អាចនឹងមានមុខងារ Fall Detection ក៏ដូចជាមុខងារគ្រប់គ្រងការ Call ចេញចូល ដោយប្រើកាយវិការ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មួយរយៈចុងក្រោយនេះ យើងឃើញថា ផលិតផលជំនាន់ថ្មីជាច្រើនរបស់ Samsung ត្រូវបានបែកធ្លាយ ព្រោះថាផលិតផលទាំងនោះ កាន់តែខិតជិតទៅដល់ពេលវេលា នៃការប្រកាសចេញជាផ្លូវការហើយ ជាក់ស្ដែងនៅក្នុងនោះ យើងក៏ឃើញមាននាឡិកាឆ្លាត Galaxy Watch 3 ដែរ ដោយវាតែងតែមាន ព័ត៌មានលេចធ្លាយជាហូរហែរមក។ ដោយឡែក យើងក៏បានឃើញដំណឹងលេចធ្លាយថ្មីមួយទៀត ទាក់ទងនឹងមុខងារ ដែលអាចនឹងមានបំពាក់មកជាមួយនាឡិកាឆ្លាតខាងលើនេះ ពោលគឺក្នុងនោះ គេបានបង្ហាញថា វាមានអាចនឹងមានមុខងារ សម្រាប់តាមដានក្នុងពេលដែលអ្នកប្រើដួល ក៏ដូចជាការគ្រប់គ្រង់ការហៅចេញចូល ដោយប្រើកាយវិញការទៀតផង។

ជាពិតណាស់ បើតាមរូបភាពបែកធ្លាយ ដែលយើងទើបទទួលបាន នៅក្នុងពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា Samsung ទំនងជានឹងធ្វើការដាក់បន្ថែម មុខងារកាយវិការថ្មីមួយចំនួន នៅលើនាឡិកាឆ្លាត Galaxy Watch 3 របស់ខ្លួន ដែលរំពឹងថា នឹងត្រូវប្រកាសចេញ នៅថ្ងៃទី 5 ខែក្រោយនេះ ពោលមុខងារកាយវិការថ្មី ដែលគេបានឃើញនោះ គឺមាននាទីក្នុងទទួលការ Call ចូល ក៏ដូចជាអាចធ្វើការច្រានចោលការ Call ចូលនោះបានជាដើម។ ពិតណាស់ ចំពោះកាយវិការដំបូងគឺ អ្នកប្រើប្រាស់អាចធ្វើការក្តាប់ដៃ បន្ទាប់មកលាតដៃវិញ ដើម្បីបញ្ជាឲ្យនាឡិកាឆ្លាតនោះ ទទួលការ Call ចូល ហើយបើសិនជាអ្នកប្រើ ចង់ធ្វើការច្រានចោល ឬមិនទទួលការ Call ចូលនោះវិញ គេអាចធ្វើការអង្រួន ឬមួយក៏ក្រវីកដៃបាន លើសពីនេះទៀត គេក៏បានបញ្ជាក់ថា អ្នកប្រើក៏អាចធ្វើការនិយាយទូរសព្ទដោយផ្ទាល់នៅលើនាឡិកាឆ្លាតនោះបានតែម្ដង ព្រោះថាវាអាចនឹងមានភ្ជាប់មកជាមួយ Speaker ផងដែរ។ មិនត្រឹមតែកាយវិការបញ្ជាថ្មីខាងលើនេះទេ នៅក្នុងនោះ Galaxy Watch 3 អាចនឹងមានភ្ជាប់មកជាមួយមុខងារមួយ ត្រូវបានគេហៅថា Fall Detection ទៀតផង និយាយឲ្យចំទៅ មុខងារនេះ វាមាននាទីតាមដាន ក៏ដូចជាផ្តល់ដំណឹង នៅពេលដែលអ្នកពាក់នាឡិកាឆ្លាតនោះដួល ដោយសារបញ្ហាណាមួយ។

សម្រាប់មុខងារ Fall Detection នៅលើ Galaxy Watch 3 នេះដែរ គេបានបញ្ជាក់ថា វាអាចនឹងធ្វើការរោទិ៍ប្រមាណជា 60 វីនាទី បន្ទាប់ពីអ្នកប្រើប្រាស់ដួល ប៉ុន្តែបើសិនជារហូតដល់ពេលវារោទិ៍ចប់ហើយ អ្នកប្រើប្រាស់មិនមានការឆ្លើយតបនោះទេ វានឹងធ្វើការផ្ញើទីតាំង ជាមួយសម្លេងមុនពេលកើតហេតុនោះ 5 វិនាទី ទៅកាន់លេខទំនាក់ទំនងទាំងអស់ ដែលគេបានធ្វើការកំណត់ជា Emergency Contacts ផងដែរ។ ចំណុចចុងក្រោយ ដែលគេបានដឹងទៀតនោះ គឺទាក់ទងនឹងការថតអេក្រង់ ឬ Screenshot វិញម្ដង និយាយឲ្យចំទៅ លើកនេះគេបានបញ្ជាក់ថា ដើម្បីធ្វើការថតអេក្រង់ គឺអាចនឹងមិនពិបាកទៀតឡើយ ពោលគឺអ្នកប្រើប្រាស់ គ្រាន់តែធ្វើការចុចលើប៊ូតុងខាងកៀន ទាំងពីរនោះព្រមគ្នាជាការស្រេច។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង