នេះជាម៉ាស៊ីនហ្គេម PS5 ស្រោបមាស 24K រួមមានទាំងគ្រឿង Accessories ផងដែរ​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

ខណៈដែលអតិថិជន ក៏ដូចជាអ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំថ្ងៃដែល Sony អនុញ្ញាតឲ្យធ្វើការកុម្មង់ទិញម៉ាស៊ីនហ្គេម PlayStation 5 ជំនាន់ថ្មីជាផ្លូវការនោះ ស្រាប់តែក្រុមហ៊ុន Truly Exquisite មកពីចក្រភពអង់គ្លេស ដែលជាក្រុមហ៊ុនផលិត ឧបករណ៍អេឡិចត្រូនិចលំដាប់កំពូលៗ ត្រូវបានស្រោបដោយមាស ទើបប្រកាសចេញនូវ ម៉ាស៊ីនហ្គេម PlayStation 5 ជាលក្ខណៈ Limited Edition ដែលមានតួខ្លួនស្រោបឡើងដោយមាស 24K ដ៏ចែងចាំង អមដោយដៃបញ្ជា DualSense និងកាសក្តោបត្រចៀកឥតខ្សែ Pulse 3D មួយឈុតតែម្តង។

ដោយមានការសហការគ្នា ជាមួយ Sony គឺថាខាងក្រុមហ៊ុន Truly Exquisite បានសម្រេចចិត្តផលិតម៉ាស៊ីនហ្គេម PlayStation 5 គួបផ្សំនឹងដៃបញ្ជា DualSense ក៏ដូចជាកាសក្តោបត្រចៀកឥតខ្សែមួយឈុតរបស់វា ដែលត្រូវបានស្រោបឡើង ដោយតួខ្លួនប្រើមាស 24K, ស្រោបផ្លាទីន និងព្រមទាំងមានជម្រើស Rose Gold 18K ផងដែរ។ សម្រាប់ម៉ាស៊ីនហ្គេម PlayStation 5 ម៉ូឌែលដើមរបស់ Sony វាទទួលបានរចនាបថបែបអនាគត និងមានភាពខុសប្លែកពី PS4 ជំនាន់មុនមែនទែន ប៉ុន្តែ Sony ផ្តល់ជម្រើសពណ៌សតែមួយគត់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ក៏ក្រុមហ៊ុនខាងលើ បានប្រកាសចេញម៉ាស៊ីនហ្គេមប្រភេទ Limited Edition ថ្មីនេះឡើង ដើម្បីធ្វើឲ្យវាកាន់តែប្រណិត និងថ្លៃថ្នូរថែមមួយកម្រិតទៀត សម្រាប់អតិថិជន ដែលមានលុយច្រើន ចូលចិត្តប្រើផលិតផលផ្តាច់មុខជាដើម។ អញ្ចឹង ប្រិយមិត្តទាំងអស់គ្នា អាចចុចលើលីងវីដេអូខាងក្រោម ដើម្បីទស្សនាពីរចនាបថរូបរាងពេញនៃ PlayStation 5 Gold Edition យ៉ាងពិសេសនេះបាន ឬក៏អាចចូលស្វែងយល់បន្ថែម តាមរយៈគេហទំព័ររបស់ Truly Exquisite ផ្ទាល់។ 

យ៉ាងណាក្តី ក្រុមហ៊ុន Truly Exquisite នៅមិនទាន់បានបង្ហាញតម្លៃឲ្យប្រាកដនៅឡើយទេ ប៉ុន្តែ តាមដែលមើលជាក់ស្តែងទៅ ចំពោះប្រភេទ Limited Edition នេះ ច្បាស់ជាមានតម្លៃថ្លៃកប់ពពកជាក់ជាមិនខានហើយ។ ដូច្នេះ បន្ទាប់ពីបានឃើញរូបរាង របស់ម៉ាស៊ីនហ្គេម PlayStation 5 ជំនាន់ថ្មី ជាមួយការឌីហ្សាញយ៉ាងប្រណិត ដែលមានស្រោបដោយមាស 24K ផ្តល់ពណ៌ភ្លឺរលោងចែងចាំងបែបនេះហើយ តើប្រិយមិត្តអ្នកអាន ជាពិសេស សម្រាប់អ្នកគាំទ្រ និងកំពុងរង់ចាំទិញវា នាចុងឆ្នាំនេះផ្ទាល់ មានចំណាប់អារម្មណ៍យ៉ាងណាលើវានោះ? 

ដោយ​ ៖ Techradar
អត្ថបទទាក់ទង