មានពាក្យចចាមអារ៉ាមថា Oculus Quest ស៊េរីថ្មី អាចបង្ហាញខ្លួននៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

Oculus Quest ជាឧបករណ៍ VR ដ៏មានប្រជាប្រិយភាពមួយ ដែលត្រូវបានផលិតដោយក្រុមហ៊ុន Oculus VR និងស្ថិតក្រោមការគ្រប់គ្រងដោយ Facebook ផ្ទាល់តែម្ដង ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ វាអាចនឹងទទួលបានជំនាន់ក្រោយមួយទៀតហើយ។ លេចចេញពីប្រភពថ្មីមួយនៅលើ Twitter បានចង្អុលបង្ហាញឲ្យឃើញថា វាកំពុងគ្រោងប្រកាសចេញនៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ និងបានបង្ហោះឲ្យស្គាល់ពី រូបរាងគម្រូរបស់វាមុន ថែមទៀតផង។

ចំពោះឧបករណ៍ VR ស្ថិតក្រោមត្រកូល Oculus Quest នេះ ត្រូវបានប្រកាសចេញលើកដំបូង កាលពីពាក់កណ្ដាលឆ្នាំ 2019 ដោយវាត្រូវបានបំពាក់ឈីប Snapdragon 835 ជាមួយដ៏បញ្ជាចំនួន 2 និងមានជម្រើសតួខ្លួនពណ៌ខ្មៅ ជាដើម។ បើយោងតាមរូបភាពបែកធ្លាយទាំងនេះវិញ គឺបានឲ្យយើងដឹងមុនថា Oculus Quest 2 នឹងមានជម្រើសពណ៌ស ប៉ុន្ដែនៅរក្សាការឌីហ្សាញដដែល លើកលែងតែត្រង់កន្លែងខ្សែពាក់ក្បាល ត្រូវបានកែច្នៃឲ្យមានរាងមូល ផងដែរ។ ក្រៅពីនេះទៅទៀត វាក៏នៅមានភាពខុសប្លែក ពីជំនាន់ដំបូងបន្ដិចបន្ដួចដែរ ហាក់បីដូចជា សេនស័រកាមេរ៉ានៅផ្នែកខាងលើ ត្រូវបានប្ដូរទីតាំងមកទាបបន្ដិច និងកន្លែងដាក់ប៊ូតុងមួយចំនួន។ ទោះបីជាយ៉ាងណាក្ដី យើងអាចឃើញបានមុនអំពី ការឌីហ្សាញរបស់វាប៉ុណ្ណោះ រីឯលក្ខណៈសម្បត្តិ ក៏ដូចជាសមត្ថភាពថ្មីៗ គឺនៅមានភាពស្ងៀមស្ងាត់ មិនទាន់មានដំណឹងនៅឡើយទេ។

គួរបញ្ជាក់ឲ្យដឹងផងថា រហូតមកដល់ពេលនេះ Facebook មិនទាន់បានឆ្លើយតបទៅនឹង ព័ត៌មានលេចធ្លាយនេះនៅឡើយទេ ឬក៏បង្ហើបពីវត្តមានរបស់ Oculus Quest ជំនាន់ក្រោយនោះដែរ ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នា នៅពេលក្រោយៗទៀត។ យ៉ាងណាមិញ តើលោកអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះរូបរាងថ្មីរបស់វានេះ? ហើយតើចង់ទទួលបានមុខងារថ្មីអ្វីខ្លះ ដើម្បីប្រើប្រាស់នៅលើ Oculus Quest 2 ថ្មីនេះទៅ?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង