ប្រភពថ្មីរាយការណ៍មកថា Samsung កំពុងសិក្សាលើឈីប Exynos ជំនាន់ក្រោយ សម្រាប់កុំព្យូទ័រ Windows​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

យើងធ្លាប់បានឃើញរួចមកហើយនូវ បន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm បំពាក់ឲ្យដំណើរការនៅលើកុំព្យូទ័រ Windows អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ប៉ុន្ដែពួកវាហាក់បីដូចជា មិនទាន់មានប្រជាប្រិយភាពខ្លាំងនៅឡើយទេ។ ដោយឡែក ក្រុមហ៊ុន Samsung ឯណោះវិញ ហាក់បីដូចជា កំពុងមានគម្រោងចង់ផលិតបន្ទះឈីប Exynos ស៊េរីថ្មី សម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រពពួក Windows ដែរ នេះបើយោងតាមប្រភពលេចធ្លាយ កាលពីពេលថ្មីៗកន្លងទៅ។

លើកនេះត្រូវបានលេចចេញមកពីគណនី Twitter មានឈ្មោះថា Mauri QHD ដោយបានបង្ហើបឲ្យដឹងថា Samsung កំពុងតែធ្វើតេស្ដលើឈីបប្រភេទ ARM របស់ខ្លួន ដែលអាចមានឈ្មោះហៅថា Exynos 1000 ឬ Exynos 1 ជាដើម ដើម្បីឲ្យដំណើរការបាននៅលើកុំព្យូទ័រ Windows ក្នុងពេលខាងមុខនេះ។ ស្របនឹងពេលនោះផងដែរ គាត់ក៏បានបង្ហើបប្រាប់ថា បន្ទះឈីប Exynos ក្នុងពេលបច្ចុប្បន្ននេះ ក៏កំពុងដាក់បញ្ចូលលើការធ្វើតេស្ដនេះដូចគ្នា ប៉ុន្ដែប្រហែលជាគ្រាន់តែចង់ដឹងពី សមត្ថភាពកម្លាំងរបស់វាប៉ុណ្ណោះ ហើយដំឡើងបន្ថែមទៅឲ្យឈីបជំនាន់ក្រោយ។ របាយការណ៍ថ្មីមួយនេះ ត្រូវបានលេចឮចេញមក បន្ទាប់ពីក្រុមហ៊ុន Samsung បានចាប់ដៃគូជាមួយ AMD ដើម្បីនាំយក GPU ប្រភេទ Radeon មកបំពាក់លើឈីបស៊េរីថ្មីៗរបស់ខ្លួន ដែលត្រូវបានគេរំពឹងទុកថា នឹងមានកម្លាំងខ្លាំងជាងបច្ចុប្បន្នដល់ទៅច្រើនដង ថែមទៀតផង។

នេះពិតជាមិនសូវចម្លែកនោះទេ ដែលក្រុមហ៊ុន Samsung ចង់ពង្រីកសមត្ថភាពឈីប Exynos របស់ពួកគេ ឲ្យកាន់តែធំទូលាយថែមទៀត ដោយសារតែក្រុមហ៊ុន Google និង OPPO ក៏ហាក់បីដូចជា កំពុងចង់ផលិតឈីបខ្លួនឯងដែរ នៅពេលអនាគតខាងមុខនេះ។ គួរបញ្ជាក់ផងថា សម្រាប់បច្ចុប្បន្ននេះ មានតែក្រុមហ៊ុន Qualcomm ប៉ុណ្ណោះ ដែលដាក់លក់ឈីបប្រភេទ ARM សម្រាប់ដំណើរការនៅលើ Windows ហើយពួកវារួមមានដូចជា Snapdragon 8cx, Snapdragon 8c និង Snapdragon 7c ជាដើម។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង