ច្បាស់ការហើយ Galaxy Buds Live នឹងភ្ជាប់មកជាមួយមុខងារទប់សម្លេងរំខាន (Active Noise Cancelling)​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

ប្រិយមិត្តដែលបានតាមដានព័ត៌មានរបស់ខេមបូរីផត ប្រហែលជាបានដឹងហើយថា កាលពីជាង 1 សប្តាហ៍មុន តាមរយៈគណនីបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួន ក្រុមហ៊ុន Samsung បានបញ្ជាក់ឲ្យយើងបានដឹងថា នៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ ពួកគេនឹងបើកព្រឹត្តិការណ៍ Galaxy Unpacked លើកទី 2 ដើម្បីធ្វើប្រកាសចេញផលិតថ្មីៗរបស់ខ្លួនជាផ្លូវការ។ ហើយក្នុងចំណោមនោះ កាសឥតខ្សែជំនាន់ថ្មី Galaxy Buds Live ក៏នឹងត្រៀមបង្ហាញខ្លួនមកជាមួយគ្នាផងដែរ។ 

ពិតមែនណាស់ ជុំវិញព័ត៌មានបែកធ្លាយជាច្រើន អំពីកាសឥតខ្សែជំនាន់ថ្មីរបស់ Samsung នេះដែរ ទើបតែមួយរយៈមុននេះ វាត្រូវបានគេសង្ស័យថា អាចនឹងភ្ជាប់មកជាមួយមុខងារទប់សម្លេងរំខាន ដែលបានលេចចេញពាក្យមួយឃ្លា ក្នុងវីដេអូមួយគឺ “Keep The Noise Out. Let The Sound In.” តែម្តង។ យ៉ាងណាមិញ អ្វីដែលប្រិយមិត្តជាច្រើន បានទន្ទឹងរង់ចាំអស់ជាយូរ ទីបំផុត វានឹងកើតឡើងពិតមែន នៅលើកាសឥតខ្សែ Galaxy Buds Live ដោយលើកនេះ វាមានលក្ខណៈពិសេសខ្លាំងជាងជំនាន់មុនៗ មិនត្រឹមតែផ្លាស់ប្តូររូបរាងថ្មីនោះទេ ថែមទាំងនឹងភ្ជាប់មកជាមួយមុខងារទប់សម្លេងរំខាន ឬហៅថា Active Noise Cancelling ដូចដំណឹងលេចធ្លាយលើកមុនពិតមែន។ នេះបើយោងតាមការប្រទះឃើញរូបភាពប៉ុន្មានសន្លឹកខាងក្រោម ដែលបង្ហាញពីរបៀបប្រើប្រាស់កាស នៅក្នុងកម្មវិធីរបស់ Samsung ផ្ទាល់តែម្តង។ 

បន្ថែមពីនេះ ប្រភព WinFuture ក៏បានបង្ហើបឲ្យយើងបានដឹង អំពីលក្ខណៈសម្បតិ្តសឹងតែទាំងអស់ ក៏ដូចជាតម្លៃប៉ាន់ស្មានទុកមុន របស់កាស Galaxy Buds Live ផងដែរ។ តាមរយៈប្រភពនេះដែរ គឺថាក្រៅពីមានមុខងារ Active Noise Cancelling ហើយនោះ កាសជំនាន់ថ្មីនេះ ក៏ផ្តោតសំខាន់ទៅលើផ្នែកថាមពលថ្ម ដោយនៅពេលបើកមុខងារ Active Noise Cancellation និងមុខងារ Always on Mic (ប្រើសម្រាប់បញ្ជា Bixby) វាអាចកាន់ថ្មបាន 5.5 ម៉ោង ប៉ុន្ដែប្រសិនបើបិទមុខងារទាំងពីរនេះ នឹងអាចទទួលបានខ្ទង់ 7.5 ម៉ោងឯណោះ ហើយបើប្រើជាមួយ Case បានដល់ 28 ម៉ោងថែមទៀតផង។ ជាងនេះទៀត ចំពោះកាសម្ខាង មានទម្ងន់ 5.6 ក្រាម ព្រមទាំងបំពាក់សេនស័រប៉ះបញ្ជាលើតួខ្លួនកាស។ Galaxy Buds Live អាចនឹងមានមកជម្រើស 3 ពណ៌ប្លែកៗពីគ្នា ដូចជាពណ៌ស, ខ្មៅបែកប្រផេះ និងពណ៌ទង់ដែងជាដើម ហើយត្រូវបានគេរំពឹងថា Samsung ទំនងជានឹងដាក់លក់វា ក្នុងតម្លៃប្រហាក់ប្រហែល 220 ដុល្លារអាមេរិក ដែលលើសប្រមាណជា 70 ដុល្លារ ពីជំនាន់មុន ជាមួយនឹងការអាប់ដេតលក្ខណៈពិសេសៗ។ 

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង