កុំព្យូទ័រពពួក Mac ជំនាន់ក្រោយៗ ក៏អាចមានបំពាក់មុខងារ Face ID សម្រាប់ផ្នែកសុវត្ថិភាពដែរ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ចាប់តាំងពីបានដកចេញប៊ូតុង Home ពីម៉ូឌែល iPhone X កន្លងមក ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរទៅប្រើប្រាស់មធ្យោបាយផ្សេងវិញ សម្រាប់ការដោះសោរ ឬ ផ្នែកសុវត្ថិភាពមួយចំនួនទៀត នោះគឺជាការបំពាក់សេនស័រកាមេរ៉ា TrueDepth ដើម្បីស្កេនផ្ទៃមុខងារម្ចាស់ទូរសព្ទតែម្ដង។ បើយោងតាមប្រភពសារព័ត៌មាន 9to5Mac បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ពួកគេបានរកឃើញកូដសម្ងាត់មួយចំនួន ដែលចង្អុលបង្ហាញពីមុខងារ Face ID សម្រាប់បើកដំណើរការនៅលើ កុំព្យូទ័រពពួក Mac តាមរយៈប្រព័ន្ធប្រតិបត្តិការ macOS Big Sur ជំនាន់ Beta ផងដែរ។

ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ Apple មិនទាន់បានបញ្ចេញកុំព្យូទ័រ Mac ស៊េរីណាមួយ ដែលអាចស្កេនផ្ទៃមុខបាននោះទេ ដូច្នេះហើយវាប្រាកដជាការសិក្សា សម្រាប់ធ្វើតេស្ដលើ Mac, iMac ឬ MacBoook ជំនាន់ក្រោយៗ ក៏អាចថាបានដែរ។ ប្រភពខាងលើដដែល បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រុមការងាររបស់ពួកគេ បានរកឃើញកូដឈ្មោះថា PearlCamera ដែលត្រូវជាឈ្មោះកូដរបស់សេនស័រកាមេរ៉ា TrueDepth និង Face ID ព្រមទាំងធ្លាប់ត្រូវបានក្រុមហ៊ុន Apple ប្រើប្រាស់រួចម្ដងហើយ កាលពីពេលសិក្សាធ្វើតេស្ដនៅលើ iPhone X ក្នុងអំឡុងឆ្នាំ 2017 កន្លងទៅនេះ។ លើសពីនេះទៅទៀត កូដឈ្មោះហៅថា FaceDetect និង BioCapture ក៏ត្រូវបានគេរកឃើញក្នុង macOS Big Sur ជំនាន់ Beta 3 នេះដែរ ដោយធ្វើឲ្យកាន់តែច្បាស់ទៀតថា Apple ប្រាកដជាកំពុងមានគម្រោងនាំយក Face ID ទៅដាក់នៅលើកុំព្យូទ័រពពួក Mac ក្នុងពេលខាងមុខនេះហើយ។

ខណៈពេលដែល MacBook Air និង MacBook Pro ជំនាន់ក្រោយៗមកនេះ សុទ្ធតែមានមុខងារស្កេនម្រាមដៃ Touch ID រួចជាស្រេចមកហើយ ដោយឡែក ការទទួលបានមុខងារ Face ID បន្ថែមទៀត ពិតជាកាន់តែមានសុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើមែនទែន។ ក្រុមការងារយើងសង្ឃឹមថា ព័ត៌មានលម្អិតថ្មីៗបន្ថែមទៀត អំពីគម្រោងបំពាក់មុខងារ Face ID ទៅឲ្យកុំព្យូទ័រពពួក Mac នឹងមានលេចចេញមក ក្នុងពេលឆាប់ៗនេះទៅចុះ ហើយក៏អាចចុះផ្សាយជូនប្រិយមិត្តភ្លាមៗបាន។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង