ជាច្រើនលើកច្រើនសាររួចមកហើយ ដែលភាពយន្តវីរនារី ហ័រម៉ូឡាន ឬហៅថា Mulan ត្រូវបានពន្យារការចាក់បញ្ចាំង ហើយលើកនេះ អាចនឹងមានការអូសបន្លាយ រហូតដល់ចុងឆ្នាំ ឬទៅដល់ដើមឆ្នាំក្រោយទៀតផង។ ចំពោះមូលហេតុវិញ គឺយើងអាចគិតដឹងមុនច្បាស់តែម្តង នោះដោយសារតែករណី នៃជម្ងឺឆ្លងកូវីដ ១៩ ចេះតែបន្តកើនឡើងជាលំដាប់ ដូច្នេះ ទើបបណ្តាលឲ្យក្រុមហ៊ុនផលិតភាពយន្តមួយចំនួន ត្រូវផ្អាកដំណើរការថត ក៏ដូចជាចាក់បញ្ចាំងរឿងថ្មីៗរបស់ខ្លូន នៅតាមបណ្តារោងកុននានា ក្នុងរយៈពេលបណ្ដោះអាសន្ន មិនត្រឹមតែរឿង Mulan មួយនោះទេ។
ជាក់ស្តែង នៅក្នុងពេលថ្មីៗនេះ អ្នកនាំពាក្យឲ្យក្រុមហ៊ុន Disney ផ្ទាល់ បាននិយាយប្រាប់ ក្រុមសារពត៌មានបរទេស Variety ថា ខណៈពេលបច្ចុប្បន្ន ដែលវីរុសកូវីដ ១៩ នៅមិនទាន់មានការធូរស្បើយនោះ ពួកគេមិនអាចចាក់ផ្សាយរឿងវីរនារី ហ័រម៉ូឡាន ក្នុងបណ្តារោងកុនទូទាំងពិភពលោក បើទោះបីជារឿងមួយនេះ បានថតចប់ក៏ពិតមែន។ ដោយកាលពីពេលដំបូងមក ភាពយន្ត Mulan ត្រូវបានកំណត់ឲ្យចាក់បញ្ចាំងតាំងពីថ្ងៃទី 27 ខែមិនា ឆ្នាំ 2020 មកម្ល៉េះ ប៉ុន្ដែ ក៏បានសម្រេចចិត្តលើកទៅថ្ងៃទី 24 ខែកក្កដាវិញ ក្រោយមកទៀត គម្រោងមួយនេះ នឹងលើកទៅថ្ងៃទី 21 ខែសីហាខាងមុខ រហូតមកដល់ពេលថ្មីៗ Disney បានប្រកាសជាផ្លូវការម្តងទៀតថា ពួកគេមិនទាន់អាចបញ្ជាក់ច្បាស់ ពីកាលបរិច្ឆេទនៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ រឿងទាំងអស់របស់ Disney រាប់បញ្ចូលទាំងរឿង Avatar វគ្គក្រោយ ក៏អាចនឹងមានការពន្យារ ទៅឆ្នាំក្រោយៗទៀតដែរ។ ទន្ទឹមនឹងនេះ ចំពោះរឿងខ្នាតធំប្រចាំឆ្នាំរបស់ Disney គឺ Black Widow នឹងត្រូវចាក់បញ្ចាំង ក្នុងថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខ តាមពេលវេលាបានកំណត់ដដែល យ៉ាងណា ក៏អាចនឹងផ្អែកមើលតាមស្ថានការណ៍ជាក់ស្តែងដូចគ្នា។
សម្រាប់ប្រិយមិត្តមិនទាន់បានដឹង រឿង Mulan ប្រភេទ Live Action ស៊េរីឆ្នាំ 2020 ថ្មីនេះ បានយកលំនាំតាមខ្សែភាពយន្តគំនូរជីវចលមានឈ្មោះដូចគ្នា ដែលបានចាក់បញ្ចាំងដំបូង តាំងពីឆ្នាំ 1998 ហើយវាត្រូវបានដឹកនាំដោយលោកស្រី Niki Caro និងចូលរួមសម្តែងដោយតារាស្រីចិន ដ៏ល្បីឈ្មោះ Liu Yifei (Fa Mulan), Gong Li (Xian Lang) និងតារាសម្តែងប្រុសល្បីឈ្មោះ Donnie Yen (តួមេទ័ព) ព្រមទាំង Jet Li (តួស្តេច) ជាដើម។ គួរបញ្ជាក់ផងថា រឿងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនយក្ស Walt Disney Pictures ក៏ដូចជាចំណាយដើមទន់អស់ខ្ទង់ប្រហែល 200 លានដុល្លារ ក្នុងការផលិតផងដែរ។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0