Intel ប្រកាសពន្យាពេលផលិតស៊ីភីយូ 7nm ទាល់តែដល់ឆ្នាំ 2022 ឬក៏ 2023 វិញ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

កាលពីពេលថ្មីៗកន្លងទៅនេះ Intel បានធ្វើការចុះផ្សាយអំពី បញ្ជីរបាយការណ៍ប្រចាំត្រីមាសទី 2 នៃឆ្នាំ 2020 របស់ខ្លួន ដោយនាំយកមកនូវ ដំណឹងមិនសូវល្អមួយថា ពួកគេនឹងពន្យាពេលផលិតស៊ីភីយូ 7nm ចំនួនប្រមាណជាង 6 ខែទៅមុខវិញ។ ហេតុដូច្នេះហើយ សម្រាប់អ្នកគាំទ្រទាំងអស់គ្នា នឹងមិនអាចរកជាវស៊ីភីយូ 7nm ពីក្រុមហ៊ុន Intel បានឆាប់ៗនេះឡើយ ដោយត្រូវរង់ចាំរហូតដល់អំឡុងឆ្នាំ 2022 ឬអាចដល់ 2023 ថែមទៀតផង។

តាំងតែពីពេលដំបូងមក Intel បានប្រកាសប្រាប់ពីគម្រោងថា នឹងធ្វើយ៉ាងណាឲ្យសម្រេចបានស៊ីភីយូ 7nm នៅមុនអំឡុងពេលចុងឆ្នាំ 2021 តែម្ដង ប៉ុន្ដែនាពេលឥឡូវនេះ បែរជាត្រូវបានពន្យាពេលចំនួន 6 ខែទៅមុខទៀត ហើយធ្វើឲ្យមានការរង់ចាំកាន់តែយូរ។ ចំពោះមូលហេតុចម្បង ដែលបណ្ដាលឲ្យមាន ការពន្យាពេលនេះ គឺដោយសារតែ ពួកគេបានស្វែងរកឃើញថា វានៅមានចំណុចខ្វះខាត និងមិនទាន់អាចសម្រេចបាន ជោគជ័យទាំងស្រុងនៅឡើយទេ នេះបើយោងតាមលោក Bob Swan ត្រូវជានាយកប្រតិបត្តិបណ្តោះអាសន្ន របស់ក្រុមហ៊ុន Intel ផ្ទាល់តែម្ដង។

ការពន្យាពេលលើកនេះ ពិតជាធ្វើឲ្យកាន់តែលំបាកខ្លាំង ក្នុងការប្រកួតប្រជែងជាមួយ AMD ដោយពួកគេបានបំពាក់ស៊ីភីយូ 7nm នៅលើត្រកូល Ryzen 4000 អស់ជាច្រើនខែរួចមកហើយ និងសូម្បីតែមានល្បឿនរត់លឿន ផងដែរ។ ដោយឡែក ស្របនឹងពេលប្រកាសចេញនេះ Intel ក៏បានសន្យាទៅកាន់អ្នកគាំទ្រថា ពួកគេនឹងបញ្ចេញស៊ីភីយូទំហំ 10nm ទៅឲ្យកុំព្យូទ័រលើតុ Desktop នៅចុងឆ្នាំនេះហើយ ក្រោយពីបានពន្យាពេល អស់ជាច្រើនឆ្នាំដែរមក។

ជាការពិតណាស់ វាពិតជាប៉ះពាល់ទៅដល់ Intel មិនតិចនោះទេ ដោយក្រុមហ៊ុនកុំព្យូទ័រកាន់តែច្រើនទៅៗ ចាប់ផ្ដើមបំពាក់ស៊ីភីយូរបស់ AMD វិញ ហើយសូម្បីតែ Apple ក៏បានប្រកាសផ្លាស់ប្ដូរ ទៅប្រើស៊ីភីយូរបស់ខ្លួនឯង ចាប់ពីពេលនេះតទៅដែរ ដោយអាចធ្វើឲ្យអ្នកគាំទ្រ សម្រេចចិត្តចាកចេញដូចគ្នា ជាដើម។

ដោយ​ ៖ Tom's Hardware
អត្ថបទទាក់ទង