ជាថ្មីម្ដងទៀត Galaxy Tab S7 អាចនឹងប្រើត្រឹមអេក្រង់ LCD ប៉ុណ្ណោះ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ជាច្រើនដងដែរហើយ ដែលយើងទទួលបានដំណឹងទាក់ទងនឹង Galaxy Tab S7 Series ដោយក្នុងនោះ ការបែកធ្លាយជាច្រើន ក៏បានបង្ហាញឲ្យឃើញ ពីចំណុចសំខាន់ៗ អាចនឹងមាននៅលើថេប្លេតខាងលើទៀតផង ហើយចំណុចដែលបានរំពឹងទុកជាយូរមកហើយនោះ គឺថាថេប្លេតខាងលើ អាចនឹងមានចំនួន 2 ម៉ូឌែល ពោលគឺ Galaxy Tab S7 និង Tab S7+ ផងដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានដំណឹងថ្មីមួយទៀត ទាក់ទងនឹង Galaxy Tab S7 និយាយឲ្យចំទៅលើនេះ គេបានបញ្ជាក់ថា ថេប្លេតមួយនេះ អាចនឹងមិនប្រើប្រាស់អេក្រង់ AMOLED នោះឡើយ។

ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង បើតាមព័ត៌មានថ្មីមួយទៀត ដែលយើងទើបតែទទួលបាន នៅក្នុងពេលនេះ បានធ្វើការបង្ហាញឲ្យដឹងថា Galaxy Tab S7 ទំនងជាមិនបានភ្ជាប់មកជាមួយអេក្រង់ AMOLED នោះទេ និយាយឲ្យចំទៅ គឺវាអាចនឹងប្រើប្រាស់ត្រឹមអេក្រង់ LCD ប៉ុណ្ណោះ។ មិនខុសទេ កាលពីមួយរយៈមុន យើងក៏ធ្លាប់បាននិយាយពីដំណឹងមួយដែរថា Galaxy Tab S7 អាចនឹងមិនមានភ្ជាប់មកជាមួយ សេនស័រស្កេនស្នាមម្រាមដៃ ក្រោមអេក្រង់នោះឡើយ ខណៈពេលដែលម៉ូឌែល S7+ វិញ គឺអាចនឹងមានភ្ជាប់មកជាមួយ ដូច្នេះហើយ វាក៏សមហេតុផលដែរ ព្រោះថាបើសិជា Galaxy Tab S7 បំពាក់អេក្រង់ LCD មែន ហេតុនេះ វាប្រាកដជា មិនអាចមានមុខងារស្កេនស្នាមម្រាមដៃ លើអេក្រង់ឡើយ ហើយម៉ូឌែល Galaxy Tab S7+ វិញ វាអាចមាន ព្រោះថាវាទំនងជាបំពាក់មកជាមួយអេក្រង់ AMOLED ហ្នឹងឯង។ យ៉ាងណាក៏ដោយ គេក៏បានរំពឹងដែរថា អេក្រង់ LCD នៅលើ Galaxy Tab S7 នោះ អាចនឹងមានកម្រិតបង្ហាញ FHD+ ជាមួយកម្រិត Refresh Rate ដល់ 120Hz ដូចការរំពឹងទុកលើកមុនដដែល។

គួរបញ្ជាក់ដែរថា បើតាមការបង្ហាញកន្លងមក Galaxy Tab S7 អាចនឹងមានភ្ជាប់មកជាមួយអេក្រង់ទំហំ 11 អ៊ីញ មានប្រើប្រាស់ឈីបកំពូលរបស់ Qualcomm អាចជា Snapdragon 865 ឬ Snapdragon 865+ ក៏ដូចជាអាចមានជម្រើសអង្គផ្ទុក 128GB ផងដែរ។ ក្រៅពីនេះទៀត យើងក៏ធ្លាប់បានដឹងថា Galaxy Tab S7 អាចនឹងមានបំពាក់មកជាមួយកាមេរ៉ាមុខមួយគ្រាប់ទំហំ 8MP ក៏ដូចជាកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 13MP ហើយវាក៏អាចថាមពលថ្មទំហំ 8,000mAh ថែមទៀតផង។ យ៉ាងណាក៏ដោយ ភាគរយច្រើន ដែលថេប្លេតលំដាប់កំពូលនេះអាចបង្ហាញខ្លួន គឺនៅក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី 5 ខែក្រោយនេះតែម្ដង ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង