ទីបំផុត ASUS ROG Phone 3 បានបង្ហាញខ្លួនជាផ្លូវការហើយ ដោយមានថាមពលថ្មធំ 6,000mAh, អេក្រង់ AMOLED 144Hz និងប្រើឈីប Snapdragon 865+​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កន្លងមកនេះ យើងបានដឹងហើយថា ASUS នឹងធ្វើការប្រកាសចេញទូរសព្ទហ្គេមលំដាប់កំពូលជំនាន់ថ្មីរបស់គេ នៅក្នុងថ្ងៃនេះ ពោលគឺថ្ងៃទី 22 ហ្នឹងឯង បន្ទាប់ពីមានដំណឹងលេចធ្លាយជាច្រើន បានបង្ហាញទាក់ទងនឹងវា មិនថាជារូបរាង, លក្ខណៈសម្បត្តិសំខាន់ៗ ហើយជាក់ស្ដែងម្សិលមិញនេះ យើងក៏ឃើញគ្រឿង Accessory របស់វា លេចធ្លាយមកដែរ។ ដោយឡែក នៅក្នុងពេលនេះ ASUS បានធ្វើដូចការបញ្ជាក់របស់គេអញ្ចឹង ពោលគឺគេបានប្រកាសចេញ ROG Phone 3 ជាផ្លូវការ ដោយមានភ្ជាប់មកជាមួយលក្ខណៈកំពូលៗ ដូចដំណឹងលេចធ្លាយកន្លងមកនិយាយដែរ ជាពិសេសនោះ វាក៏ត្រូវបានគេបន្ថែមកាមេរ៉ាមួយគ្រាប់ទៀត ពីលើជំនាន់មុន។

បើតាមការបង្ហាញរបស់ ASUS នៅក្នុងពេលនេះ យើងឃើញថា ASUS ROG Phone 3 ត្រូវបានគេរចនាមក មិនសូវមានលក្ខណៈខុសគ្នាពីជំនាន់មុនប៉ុន្មានទេ សម្រាប់រចនាបថរូបរាង ជាក់ស្ដែងដូចយើងបានឃើញអញ្ចឹងគឺថា វាមានរូបរាងផ្ទៃខាងមុខ ស្ទើរដូចគ្នានឹងជំនាន់មុនទាំងស្រុង គ្រាន់តែលើកនេះ វាមិនស្ទាយពណ៌មាស នៅត្រង់ Speaker ទាំងពីរលើក្រោមនោះទៀតឡើយ ហើយគែមជុំវិញរបស់វា ក៏ហាក់ដូចជានៅតែធំដូចមុនដដែល ប៉ុន្តែសម្រាប់ផ្នែកខាងក្រោយវិញ វាមានការរចនាប្លែកពីមុនខ្លះ ជាពិសេសនោះ មានកញ្ចប់កាមេរ៉ាវែងជាងមុន ក៏ដូចជាមានស្ទាយឆ្នូតនៅខ្នងក្រោយ រំលេចភ្លើង RGB លើ Logo ស្អាតជាងមុន។ សម្រាប់អេក្រង់ខាងមុខរបស់វា ASUS បញ្ជាក់ថា មានទំហំ 6.59 អ៊ីញជាប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2340 ភិចសែល (FHD+) ថែមទាំងមានកម្រិត Refresh Rate ដល់ទៅ 144Hz, កម្រិត Touch-Sampling 270Hz, កម្រិត Response Time 1ms និងបានភ្ជាប់មកជាមួយមុខងារ ជួយកាត់បន្ថយពន្លឺពណ៌ខៀវ ដែលធ្វើឲ្យប៉ះពាល់ដល់បានផងដែរ។

ទៅលើកម្លាំងម៉ាស៊ីនវិញ គឺវាបានបំពាក់ឈីប ដែលសាកសមបំផុត សម្រាប់ដំណើរការលើហ្គេម ពោលគឺ Snapdragon 865+ នេះឯង ដោយក្នុងនោះដែរ វាបានបំពាក់មកជាមួយរ៉េមខ្ពស់បំផុតដល់ 16GB ប្រភេទ LPDDR5 និងមានអង្គផ្ទុកខ្ពស់បំផុត 512GB ប្រភេទ UFS 3.1។ សម្រាប់កាមេរ៉ារបស់វិញ ប្រាកដណាស់ លើកនេះគេបានបំពាក់លេនដល់ទៅ 3 គ្រាប់ ដែលមានលេនគោលទំហំ 64MP ប្រភេទ IMX 686 របស់ Sony ជាមួយលេនទូលាយ Ultra-Wide ទំហំ 13MP និងមួយគ្រាប់ចុងក្រោយជាលេន Macro ហើយកាមេរ៉ានេះ ក៏មានសមត្ថភាពអាចថតវីដេអូបានដល់កម្រិត 4K ក្នុងល្បឿន 60fps ទៀតផង។ ខណៈពេលកាមេរ៉ាខាងមុខរបស់វាវិញ គឺមានបំពាក់មកទំហំ 13MP មួយគ្រាប់។ បើនិយាយដល់ថាមពលថ្មរបស់វាវិញ ASUS បញ្ជាក់ថា វាមានទំហំ 6,000mAh ដូចឆ្នាំមុនអញ្ចឹង ប៉ុន្តែអ្វីដែលគួរឲ្យស្តាយនោះ វាមិនមានបំពាក់កម្លាំងសាកថ្មល្បឿនលឿន ដូចទូរសព្ទហ្គេមកំពូលដទៃទៀតទេ ពោលគឺកម្លាំងសាករបស់វានៅគាំងត្រឹម 30W ហ្នឹងឯង។ 

ក្រៅពីលក្ខណៈសម្បត្តិដូចបានរៀបរាប់ខាងលើ ROG Phone 3 ក៏មានចំណុចសំខាន់ៗជាច្រើនដែរដូចជា វាត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាកាត់បន្ថយកម្តៅជំនាន់ទី 3 របស់ ASUS ដែលជួយបានមួយផ្នែកទៀត ទៅលើការទប់កម្តៅលើទូរសព្ទហ្គេមនោះ ឲ្យកាន់តែមានស្ថេរភាព, Speaker ពីរគ្រាប់របស់វានោះ គ៏ត្រូវបានគេបង្កើនសមត្ថភាព ឲ្យកាន់តែប្រសើរជាងមុន, អ្វីដែលពិសេសនោះ លើស៊ុមខាងកៀនរបស់វា ក៏គាំទ្រជាមួយ Touch Sensor ដែលអាចឲ្យអ្នកប្រើ យកវាធ្វើជាប៊ូតុងជំនួយបន្ថែម សម្រាប់ការលេងហ្គេម ក៏ដូចជាអាចកំណត់ ការដំណើរការរបស់វា បានដោយខ្លួនឯងតែម្ដង មួយវិញទៀត វាក៏បានដំណើរការដោយ Android 10 ស្រោបដោយស្បែកផ្ទាល់ខ្លួន ROG UI ផងដែរ។
ជាមួយលក្ខណៈសម្បត្តិដូចបានបង្ហាញនៅខាងលើនេះ ASUS បានដាក់លក់ ROG Phone 3 ចំនួន 3 ជម្រើសសម្រាប់អ្នកប្រើប្រាស់ ពោលគឺមានដូចជា៖

  • សម្រាប់ម៉ូឌែលដែលមានរ៉េម 16GB និងអង្គផ្ទុក 512GB ត្រូវបានគេដាក់លក់នៅក្នុងតម្លៃខ្ទង់ ៤ លាន ៨០ ម៉ឺនរៀល ឬ 1,200 ដុល្លារ 

  •  ម៉ូឌែលដែលមានរ៉េម 12GB និងអង្គផ្ទុក 512GB ត្រូវបានគេដាក់លក់នៅក្នុងតម្លៃខ្ទង់ ៤ លាន ៤០ ម៉ឺនរៀល ឬ 1,100 ដុល្លារ

  •  ចំណែកជម្រើសចុងក្រោយជាម៉ូឌែលទាបជាងគេ ត្រូវបាន ASUS ហៅថា STRIX Edition ដោយមានប្រើឈីប Snapdragon 865  មានរ៉េម 8GB និងអង្គផ្ទុក 256GB មានតម្លៃខ្ទង់ ៣ លាន ៦០ ម៉ឺនរៀល ឬ 900 ដុល្លារ។
**សូមបញ្ជាក់ដែរថា ទាំងនេះមិនជាតម្លៃនៅក្នុងស្រុកយើងទេ និយាយឲ្យចំទៅ វាជាតម្លៃដែលគេបានដាក់លក់សម្រាប់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ ដូច្នេះហើយ នៅពេលដែលវាមកដល់ស្រុកយើង គឺអាចមានតម្លៃខុសគ្នាពីការរៀបរាប់ខាងលើ។

ដោយ​ ៖ ASUS
អត្ថបទទាក់ទង