Lenovo ប្រកាសចេញទូរសព្ទហ្គេមដំបូងរបស់ខ្លួនជាផ្លូវការ ប្រើឈីប Snapdragon 865+, អេក្រង់ 144Hz និងមានកាមេរ៉ាមុខផុសឡើងពីផ្នែកចំហៀង​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាទូរសព្ទហ្គេមបានចាប់ផ្តើមរីកដុះដាលឡើងបន្តិចម្តងៗ ជាក់ស្តែងក្រុមហ៊ុនធំៗដូចជា ASUS, Razer, Nubia និង Xiaomi បានធ្វើការបញ្ចេញលក់ទូរសព្ទហ្គេមរបស់ខ្លួនជាបន្តបន្ទាប់។ ជាងនេះទៅទៀត Lenovo ដែលជាក្រុមហ៊ុនល្បីឈ្មោះក្នុងការផលិតកុំព្យូទ័រ ក៏បានចាប់ផ្តើមឈានជើងចូលដណ្តើមទីផ្សារទូរសព្ទហ្គេមនឹងគេផងដែរ ដោយកាលពីពេលអម្បាញ់មិញនេះ ពួកគេបានធ្វើការប្រកាសចេញទូរសព្ទហ្គេមដំបូងរបស់ខ្លួនជាផ្លូវការហើយ ហើយវាមានឈ្មោះហៅថា Legion Phone Duel (ឈ្មោះសម្រាប់ទីផ្សារសកល) ខណៈដែលនៅក្នុងទីផ្សារប្រទេសចិន វាមានឈ្មោះហៅថា Legion Gaming Phone Pro។

ទូរសព្ទហ្គេម Legion Phone Duel ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម និងអ្នកដែលឧស្សាហ៍ថតវីដអូទុកសម្រាប់ធ្វើការ Streaming ក៏ដូចជាផ្តោតសំខាន់ទៅលើការប្រើប្រាស់ក្នុងលក្ខណៈផ្តេកតែម្តង។ ដោយវាបានបំពាក់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាប្រភេទហូតឡើងចុះ ទំហំ 20MP Aperture f/2.2 ក៏ដូចជារន្ធសាកថ្មប្រភេទ USB-C ដែលមានទីតាំងស្ថិតនៅផ្នែចំហៀងនៃទូរសព្ទ ដូច្នេះមានន័យថា នៅពេលដែលអ្នកប្រើប្រាស់ទូរសព្ទឆ្លាត Legion Phone Duel លេងហ្គេមបណ្តើរ និងសាកថ្មបណ្តើរ លែងជួបនឹងបញ្ហារំខានទៀតហើយ។ ក្រៅពីមានរន្ធសាកថ្មប្រភេទ USB-C ដែលមានទីតាំងស្ថិតនៅផ្នែចំហៀងហើយ Legion Phone Duel ក៏បានភ្ជាប់មកជាមួយរន្ធសាកថ្មប្រភេទ USB-C មួយផ្សេងទៀត ស្ថិតនៅផ្នែកខាងក្រោមរបស់ទូរសព្ទផងដែរ។ កាន់តែពិសេសថែមទៀតនោះ អ្នកប្រើប្រាស់ក៏អាចធ្វើការសាកបញ្ចូលថ្មទំហំ 5,000mAh របស់ Legion Pro Duel តាមរយៈរន្ធ USB-C ទាំង 2 ក្នុងពេលតែមួយបានថែមទៀតផង ហើយពួកវាមានសមត្ថភាពសាកបញ្ចូលពី 0 ទៅដល់ 100% ដោយចំណាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ នេះក៏អរគុណទៅដល់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន Twin Turbo កម្លាំង 90W របស់វាផងដែរ។

សម្រាប់កម្លាំងម៉ាស៊ីន Legion Phone Duel បានបំពាក់ជាមួយបន្ទះឈីបជំនាន់ថ្មី Snapdragon 865+ ភ្ជាប់ជាមួយម៉ូឌឹម 5G គួបផ្សំជាមួយបន្ទះដែកកាត់បន្ថយកំដៅ ក៏ដូចជាអមមកជាមួយជម្រើស RAM ប្រភេទ LPDDR 5 ទំហំ 8/12/16GB និងជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.1 ទំហំ 128/256/512GB ថែមទៀតផង។ លើសពីនេះ វាក៏បានភ្ជាប់មកជាមួយអេក្រង់ទំហំ 6.59 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមានអេក្រង់ Refresh Rate ដល់ទៅ 144Hz ជាមួយល្បឿនប៉ះសម្គាល់ដល់ទៅ 240Hz ថែមទៀតផង។ មិនទាន់អស់នោះទេ Legion Phone Duel ក៏បានបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ខៀវលាយខ្មៅ (Dazzling Blue Ice Blade) និងពណ៌ក្រហមលាយខ្មៅ (Blazing Armor), Speaker ចំនួន 2 ជាប្រភេទ Stereo, បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅក្រោមអេក្រង់ ក៏ដូចជាកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ផងដែរ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 64MP Aperture f/1.89 និងមួយគ្រាប់ទៀតជាលេនទូលាយ (Ultra Wide 120 ដឹក្រេ)។ គួរបញ្ជាក់ផងថា សម្រាប់ទីផ្សារប្រទេសចិន ទូរសព្ទហ្គេម Legion Phone DuelB នឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងខែកក្កដានេះតែម្តង ដោយជម្រើស RAM 8GB + អង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លានរៀល (500 ដុល្លារ) និងតម្លៃខ្ទង់ប្រហែលជា ២ លាន ៤០ ម៉ឺនរៀល(600 ដុល្លារ) សម្រាប់ជម្រើស RAM 12GB + អង្គផ្ទុកទិន្នន័យទំហំ 256GB ខណៈដែលជម្រើស RAM 16GB + អង្គផ្ទុកទិន្នន័យទំហំ 512GB ត្រូវបានលក់ក្នុងតម្លៃខ្ទង់ប្រហែលជា ៣ លាន ៤០ ម៉ឺនរៀល (850 ដុល្លារ) 

អញ្ចឹងសរុបមកវិញ បើផ្អែកទៅលើលក្ខណៈសម្បត្តិខាងលើទាំងអស់នេះ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ខ្ញុំគិតថា ទូរសព្ទហ្គេម Lenovo Legion Phone Duel នឹងក្លាយទៅជាគូប្រជែងមួយដ៏ធំរបស់ ASUS ROG Phone III ដែលនឹងត្រៀមប្រកាសចេញជាផ្លូវការក្នុងពេលបន្តិចទៀតនេះ។ ជាងនេះទៅទៀត វាក៏សាកសមនឹងឈ្មោះថាទូរសព្ទហ្គេមលំដាប់កំពូលពិតមែន ដោយវាបានភ្ជាប់មកជាមួយចំណុចពិសេសៗជាច្រើន ដោយក្នុងនោះមានដូចជា បន្ទះឈីបជំនាន់ថ្មីចុងក្រោយ Snapdragon 865+, អេក្រង់ AMOLED 144Hz, ថ្មទំហំ 5,000mAh, កាមេរ៉ាមុខហូតឡើងចុះ និងរន្ធសាកថ្ម USB-C ស្ថិតនៅផ្នែកចំហៀងនៃទូរសព្ទ ដែលផ្តល់ភាពងាយស្រួលទៅឲ្យអ្នកដែលចូលចិត្តលេងហ្គេមថែមមួយកម្រិតទៀត។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នា គិតយ៉ាងណាដែរ ចំពោះលក្ខណៈសម្បត្តិរបស់ទូរសព្ទហ្គេមលំដាប់កំពូលជំនាន់ដំបូងរបស់ Lenovo មួយនេះ? ជាចុងក្រោយ សូមកុំភ្លេចបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផង។

ដោយ​ ៖ Lenovo
អត្ថបទទាក់ទង