ទើបប្រទះឃើញរូបរាងគំរូ និងលក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy Tab A7 2020​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

ប៉ុន្មានសប្ដាហ៍កន្លងមកនេះ យើងបានដឹងលក្ខណៈសម្បត្តិខ្លះៗរួចមកហើយ អំពីថេប្លេតជំនាន់ថ្មី នោះគឺ Galaxy Tab S7 Series របស់ Samsung ដែលវាជាខ្សែស្រឡាយ Galaxy Tab S ស៊េរីចុងក្រោយបង្អស់ផងដែរ។ មិនតែប៉ុណ្ណោះ ពេលថ្មីៗនេះ មានរបាយការណ៍មួយ បានបង្ហាញអោយដឹងថា Samsung អាចនឹងធ្វើការបញ្ចេញនូវថេប្លេត មានកម្លាំងម៉ាស៊ីនលំដាប់មធ្យមមកមួយម៉ូឌែលទៀត នាពេលឆាប់ៗនេះ។

ជាការពិតណាស់ ខណៈពេលនេះ ថេប្លេតម៉ូឌែល Galaxy Tab A7 ជំនាន់ថ្មី ត្រូវបានគេប្រទះឃើញនៅលើ Google Play Console ដែលបានបង្ហាញថា វាមានកម្រិតបង្ហាញរូបភាព 2000 x 1200 ភិចសែល។ លើសពីនេះទៅទៀត Galaxy Tab A7 (2020) នឹងត្រូវបានបំពាក់បន្ទះឈីប Snapdragon 662 ជាមួយរ៉េមទំហំ 3GB មាន CPU ចំនួន 8 គ្រាប់ និងប្រើប្រាស់ GPU ជាប្រភេទ Adreno 610 ផងដែរ។ មួយវិញទៀត បើយោងតាមព័ត៌មានលេចធ្លាយកន្លងមក បង្ហាញថា Galaxy Tab A7 2020 អាចមានអេក្រង់ទំហំ 10.4 អ៊ីញ ជាមួយជម្រើសអង្គផ្ទុកទិន្នន័យ 32GB ឬ 64GB អាចមានថាមពលថ្មទំហំ 7,040mAh ប្រើ Bluetooth ជំនាន់ 5.0 ហើយអាចមានទាំងម៉ូឌែលប្រើប្រាស់ស៊ីម និង Wi-Fi។

ជាចុងក្រោយ ថេប្លេត Samsung Galaxy Tab A7 (2020) ជំនាន់ថ្មីមួយនេះ អាចនឹងមានដង់ស៊ីតេក្រង់ 240ppi។ ជាងនេះទៅទៀត វាអាចនឹងបង្ហាញខ្លួនមកជាមួយ ប្រព័ន្ធដំណើរការ Android 10 និងអាចស្រោបដោយស្បែក Interface One UI 2.1 ចេញពីប្រអប់ស្រាប់តែម្ដង។ អញ្ចឹងទាំងនេះ បង្ហាញថាថេប្លេតរបស់ក្រុមហ៊ុន Samsung ស៊េរីថ្មីនេះ អាចគ្រោងនឹងបង្ហាញខ្លួនលើទីផ្សារ ក្នុងពេលឆាប់ៗនេះហើយ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង