Apple សន្យាឈប់បញ្ចេញឧស្ម័នពុល 100% ចាប់ពីឆ្នាំ 2030 ដើម្បីជួយការពារបរិស្ថានផែនដី​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាបានដឹងរួចមកហើយថា ខណៈពេលដែល ពិភពលោកទាំងមូល កំពុងតែអភិវឌ្ឍន៍ទៅមុខកាន់តែជឿនលឿន ដោយឡែក តម្រូវការពីអ្នកប្រើប្រាស់ក៏កើនឡើងខ្ពស់ដូចគ្នា ដែលធ្វើឲ្យមានការបង្កើតរោងចក្របន្ថែមច្រើន និងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតច្រើន ប៉ះពាល់ដល់ភពផែនដីយើង ថែមទៀតផង។ ហេតុដូច្នេះហើយ Apple ក៏បានប្រកាសសន្យាមកថា ពួកគេនឹងប្រើប្រាស់ថាមពលអគ្គិសនី ដែលមិនប៉ះពាល់ដល់បរិស្ថានសុទ្ធតែម្ដង ចាប់ផ្ដើមពីអំឡុងឆ្នាំ 2030 តទៅ។

ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលបានទាំង 100% នោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងធ្វើការប្រើប្រាស់កង្ហារខ្យល់ ក៏ដូចជាថាមពលពន្លឺព្រះអាទិត្យ ដែលសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ធម្មជាតិ ហើយអាចធ្វើឲ្យផែនដីអាចត្រឡប់មកល្អវិញបាន។ ជាការពិតណាស់ គម្រោងដ៏ធំធេងមួយនេះ ត្រូវបានក្រុមហ៊ុន Apple ជឿជាក់ថា ពួកគេនឹងអាចជួយកាត់បន្ថយបញ្ហាមួយចំនួន ដែលកំពុងកើតមានឡើងក្នុងពេលសព្វថ្ងៃនេះ ដោយរួមមានបញ្ចូលទាំង ការបំរ៉ែបំរួលអាកាសធាតុ ធ្វើឲ្យកាន់តែឡើងក្ដៅខ្លាំង បណ្ដាលឲ្យភ្នំទឹកកករលាយ ហើយបង្កឲ្យមានទឹកជំនន់កាន់តែច្រើន ជាដើម។ គ្រាន់តែការផ្អាកបិទរោងចក្រ ស្ទើរគ្រប់ប្រទេសទាំងអស់ នៅពេលដែលមានវីរុសកូវីដ 19 នេះ បានធ្វើឲ្យអ្នកវិទ្យាសាស្រ្ដស្រាវជ្រាវឃើញថា ស្រទាប់អូស្សូន ក៏ចាប់ផ្ដើមកកើតឡើងវិញជាបណ្ដើរៗដែរ ដោយគ្មានការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ច្រើនតទៅទៀតផងដែរ។

បើទោះបីជាគម្រោងមួយនេះ ត្រូវការចំណាយរយៈពេលវែង ដល់ទៅអំឡុងឆ្នាំ 2030 ទើបអាចសម្រេចបាន ដូចនឹងអ្វីដែលក្រុមហ៊ុន Apple បានព្យាករណ៍រួចមកយ៉ាងណាក្ដី ប៉ុន្ដែវាក៏ជាគំរូដ៏ល្អមួយ ដើម្បីឲ្យក្រុមហ៊ុនផ្សេងៗទៀត ចូលរួមធ្វើតាមទាំងអស់គ្នា។ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ហើយនិងកង្ហារខ្យល់ គឺជាប្រភពអគ្គិសនី ដែលមានអត្ថប្រយោជន៍បំផុតសម្រាប់បរិស្ថាន ព្រមទាំងផ្ដល់ជូននូវ ខ្យល់អាកាសបរិសុទ្ធជារៀងរហូត។

ដោយ​ ៖ Apple
អត្ថបទទាក់ទង