ទីបំផុត AMD បានប្រកាសចេញ CPU ត្រកូល Ryzen 4000 Series របស់ខ្លួនសម្រាប់កុំព្យូទ័រលើតុហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

យើងបានឃើញពីវត្តមាន CPU ជំនាន់ថ្មីរបស់ AMD មួយរយៈធំមកហើយ នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ពោលគឺ CPU ត្រកូល Ryzen 4000 Series នេះឯង ដោយវាទទួលការគាំទ្រយ៉ាងច្រើន ទៅលើសមត្ថភាពដែលវាអាចធ្វើបាន ប៉ុន្តែកន្លងមក គឺវាមានតែនៅលើ កុំព្យូទ័រយួដៃប៉ុណ្ណោះ។ ដោយឡែក នៅក្នុងពេលនេះ AMD បានសម្រេចចិត្តប្រកាសចេញ CPU ត្រកូល Ryzen 4000 Series នោះ សម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រលើតុជាផ្លូវការហើយ ប៉ុន្តែលើកនេះ គឺជាខ្សែស្រឡាយ CPU ដែលមានកន្ទុយ G និង GE ផងដែរ។

ជាការពិតណាស់ ដូចបានប្រាប់នៅខាងលើអញ្ចឹង ក្នុងពេលនេះ AMD បានបញ្ចេញ CPU ត្រកូល Ryzen 4000 Series របស់ខ្លួន សម្រាប់កុំព្យូទ័រលើតុជាផ្លូវការហើយ ដែលជាឈីប 7nm ប្រើប្រាស់ត្រឹម Zen 2 Architecture សិនប៉ុណ្ណោះ ខណៈពេលដែល បច្ចេកវិទ្យាថ្មី Zen 3 នោះវិញ ត្រូវបានគេរំពឹងថា នឹងត្រូវក្រុមហ៊ុនខាងលើប្រកាសចេញ នៅចុងឆ្នាំនេះតែម្ដង។ មិនខុសទេ លើកដំបូងនេះវាជា CPU ត្រកូល Ryzen 4000 G Series ដែលមានភ្ជាប់មកជាមួយក្រាហ្វិកកាតប្រភេទ Redeon មកស្រាប់ ហើយត្រូវបាន AMD ផ្ទាល់បញ្ជាក់ថា វានឹងជួយបង្កើនបានមួយផ្នែក ទៅដល់ការលេងហ្គេមផងដែរ។ យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ AMD បានប្រកាសចេញ សម្រាប់តែប្រើប្រាស់នៅលើកុំព្យូទ័ររបស់ក្រុមហ៊ុនផ្សេងៗ ដែលធ្វើការដំឡើងរួចស្រាប់សិនប៉ុណ្ណោះ (Prebuilt) ពោលគឺមិនទាន់មានសម្រាប់ដាក់ឲ្យ អ្នកប្រើប្រាស់ទិញយកទៅដំឡើងខ្លួនឯងនោះទេ។ គួរបញ្ជាក់ដែរថា នៅក្នុងការប្រកាសចេញរបស់ AMD នោះ គឺមានបញ្ចេញ CPU ទាំង 3 កម្រិតរបស់ខ្លួនតែម្ដង ដែលមានដូចជា Ryzen 7, Ryzen 5 និង Ryzen 3 នេះឯង។

មិនត្រឹមតែប៉ុណ្ណោះទេ ដូចមានបង្ហាញនៅក្នុងរូបភាពខាងលើអញ្ចឹង CPU ទាំង 3 កម្រិត ក៏ត្រូវបានបែងចែកចេញជាពីរប្រភេទទៀត ពោលគឺមានប្រភេទកន្ទុយ G និង GE ដោយវាទាំងពីរក៏មានសមត្ថភាពខុសគ្នាដែរ និយាយឲ្យចំទៅ សម្រាប់កន្ទុយ G គឺមានលក្ខណៈខ្លាំងជាងកន្ទុយ GE ដោយអ្នកទាំងអស់គ្នា អាចមើលបន្ថែមបាន តាមរយៈរូបភាព ដែលយើងបានដាក់នៅខាងលើនេះ។ និយាយរួមមកវិញ AMD បានប្រកាសចេញ CPU ជំនាន់ថ្មីសម្រាប់ប្រើលើកុំព្យូទ័រយួរដៃជាផ្លូវការហើយ ប៉ុន្តែពេលនេះ គឺគេមានសម្រាប់តែ ប្រើនៅលើកុំព្យូទ័រលើតុរបស់ក្រុមហ៊ុនផ្សេងៗ ដែលដំឡើងស្រាប់ៗប៉ុណ្ណោះ ខណៈពេលដែល ការដាក់លក់ ដើម្បីឲ្យអ្នកប្រើប្រាស់ទិញយកទៅដំឡើងខ្លួនឯងនោះ គឺមិនទាន់មាននៅឡើយទេ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង