វគ្គបន្តពីរឿងរថភ្លើងទៅបូសាន Peninsula រកចំណូលបានខ្ទង់ 20 លានដុល្លារសម្រាប់ការចាក់បញ្ចាំងលើកដំបូងជាលក្ខណៈអន្តរជាតិ​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរមក ទីបំផុតវគ្គបន្តរបស់ភាពយន្ដ Train To Busan ដែលមានឈ្មោះថា Peninsula ត្រូវបានចាក់បញ្ចាំងក្នុងរោងកុនជាផ្លូវការ នៅតាមបណ្តាប្រទេសអាស៊ីមួយចំនួន ជាងមួយសប្តាហ៍ហើយ។ ដោយយើងសង្កេតឃើញថា វាបានធ្វើឲ្យសន្ទុះ នៃការគាំទ្រភាពយន្តតាមរោងកុន ចាប់ផ្តើមកើនឡើងជាបណ្តើរៗ បន្ទាប់ពីភាពស្ងប់ស្ងាត់ក្នុងអំឡុងពេល នៃការរីករាលដាលជម្ងឺឆ្លងកូវីដ ១៩។

ជាក់ស្តែង ផ្អែកតាមភ្នាក់ងារសារព័ត៌មាន The Hollywood Reporter បានរាយការណ៍មកថា ភាពយន្ត Peninsula អាចរកបានប្រាក់ចំណូលដល់ទៅជាង 20 លានដុល្លារឯណោះ សម្រាប់ការចាក់បញ្ចាំងលើកដំបូង ដោយក្នុងនោះ ទឹកប្រាក់ចំនួន 13.2 លានដុល្លារ ទទួលបានពីការចាក់បញ្ចាំង នៅតាមបណ្តារោងកុនមួយចំនួន ទូទាំងប្រទេសកូរ៉េខាងត្បូង និង 4.7 លានដុល្លារទៀត បានមកពីទីផ្សារតៃវ៉ាន់ ខណៈ 4.1 លានដុល្លារចុងក្រោយ ទទួលបានពីប្រទេសម៉ាឡេស៊ី តែម្តង។ ជាងនេះទៅទៀត រឿង Peninsula ក៏ថែមទាំងជួយជម្រុញឲ្យ ការចាក់បញ្ចាំងប្រភេទ Imax រកប្រាក់ចំណូលសរុបបាន 1 លានដុល្លារជាលើកដំបូង ក្នុងអំឡុងពេលជម្ងឺឆ្លងកូវីដ ១៩ នេះដែរ ដោយ 75 ម៉ឺនដុល្លារ បានមកពីទីផ្សារអាស៊ានចំនួន 5 និងចំនួន 36 ម៉ឺន 5 ពាន់ដុល្លារ ទាញយកពីប្រទេសកូរ៉េខាងត្បូងផ្ទាល់។ ជាលទ្ធផល ធ្វើឲ្យវាជាប់ឈ្មោះជាខ្សែភាពយន្ត របស់កូរ៉េខាងត្បូងទី 4 ដែលអាចរកប្រាក់ចំណូល បានច្រើនជាងគេបំផុត សម្រាប់ការចាក់បញ្ចាំងដំបូង ស្ថិតក្នុងប្រភេទ Imax។ 

សម្រាប់អ្នកមិនទាន់ដឹង រឿង Peninsula ជាប្រភេទភាពយន្តបែបភ័យរន្ធត់ តតាំងជាមួយ Zoombie ដែលត្រូវបានផលិតឡើង ដោយអ្នកដឹកនាំរឿង Yeon Sang-ho ហើយវាក៏ជាវគ្គបន្ត ពីភាពយន្តដ៏ល្បី Train To Busan ដែលបានចាក់បញ្ចាំង កាលពីឆ្នាំ 2016 កន្លងទៅ។ សាច់រឿង Peninsula បានឆ្លុះបញ្ចាំងពីព្រឹតិ្តការណ៍ 4 ឆ្នាំបន្ទាប់ នៃការរីករាលរបស់ពពួក Zoombie បានវាយប្រហារទីក្រុង Seoul រហូតដល់ទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងថា ក្រៅពីប្រទេសខាងលើហើយ រឿងដ៏ល្បីមួយនេះ ក៏នឹងត្រៀមបង្ហាញខ្លួន នៅតាមបណ្តារោងកុនមួយចំនួនផ្សេងទៀត លើពិភពលោក ក្នុងនោះក៏រាប់បញ្ចូលទាំងប្រទេសយើងផងដែរ។ 

ដោយ​ ៖ The HollyWood Reporter
អត្ថបទទាក់ទង