ឈីបដោតចូលខួរក្បាលរបស់លោក Elon Musk នឹងអាចចាក់តន្រ្ដីបាន ដោយមិនចាំបាច់ពាក់កាសទៀតទេ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីមួយឆ្នាំមុនកន្លងទៅនេះ លោក Elon Musk ធ្វើការប្រកាសចេញនូវ គម្រោងថ្មីមួយទៀតរបស់គាត់ បន្ទាប់ពីទទួលបានជោគជ័យជាមួយ Tesla, SpaceX និង PayPal រួចមក ដោយវាស្ថិតនៅលើក្រុមហ៊ុនឈ្មោះថា Neuralink និងមានគោលបំណងចង់ បំពាក់ឈីបទៅលើខួរក្បាល ដើម្បីផ្ដល់ជូនសមត្ថិភាពបន្ថែម ទៅឲ្យមនុស្សលោកក្នុងពេលអនាគត។ ឈានមកដល់ពេលថ្មីៗនេះ គាត់ក៏បានឆ្លើយតបទៅកាន់ សំណួររបស់អ្នកគាំទ្រម្នាក់ថា នៅពេលបំពាក់ឈីបជាមួយខួរក្បាលហើយ នោះយើងនឹងអាចចាក់បទចម្រៀង ឲ្យស្ដាប់ឮក្នុងខួរក្បាលតែម្ដង ដូច្នេះលែងត្រូវការកាសតទៅទៀតហើយ។

អត្ថប្រយោជន៍មួយ នៃការបំពាក់ឈីប Neuralink ចូលទៅកាន់ខួរក្បាល គឺវាអាចជួយឲ្យយើងទប់អារម្មណ៍របស់ខ្លួនឯងបាន ក៏ដូចជាជួយបន្ថយការស្ត្រេស, ព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងកាត់ទម្លាប់ញៀនអ្វីមួយចោល ជាដើម នេះបើយោងទៅតាម ការអះអាងរបស់លោក Elon Musk បាននិយាយប្រាប់មក។ អ្វីដែលជាជំនួយសំខាន់មួយទៀត នោះគឺទៅលើការប្រើប្រាស់គ្រឿងអេឡិចត្រូនិក ដោយយើងនឹងអាចបញ្ជាពួកវា ជាមួយការគិតរបស់យើងប៉ុណ្ណោះ ដូច្នេះហើយវាលែងចាំបាច់ឲ្យទៅប៉ះផ្ទាល់ រួមមានដូចជាការបញ្ជាទូរសព្ទឆ្លាត, នាឡិកាឆ្លាតវៃ ឬ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ថែមទៀតផង។

បើយោងតាមការពិសោធន៍ នោះគឺត្រូវការខួងរន្ធទំហំ 8mm ចំនួន 4 កន្លែងក្បែរៗគ្នា ទៅក្នុងលលាដ៏ក្បាលរបស់មនុស្ស ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធអេឡិចត្រូត សម្រាប់សម្រេចបាននូវ ការបញ្ជា និងឆ្លើយតបរវាងខួរក្បាល ទៅកាន់ឧបករណ៍ទាំងអស់នោះ។ របាយការណ៍ចេញពីឆ្នាំមុន បានចុះផ្សាយឲ្យដឹងថា ការធ្វើតេស្ដជាមួយខួរក្បាលសត្វកណ្ដុរ គឺទទួលបានជោគជ័យដល់ចំនួន 87% ឯណោះ ហើយប្រើប្រាស់រន្ធខ្សែ USB Type-C ដើម្បីអាចឲ្យផ្ទេរគំនិតរបស់ពួកវា។

នាពេលបច្ចុប្បន្ននេះ យើងមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុន Neuralink របស់លោក Elon Musk នឹងអាចសម្រេចបានជោគជ័យ 100% ជាមួយខួរក្បាលរបស់មនុស្ស នៅឆ្នាំណានៅឡើយទេ ប៉ុន្ដែពួកគេសន្យាមកថា នឹងចែករំលែករបាយការណ៍បន្ថែម អំពីស្ថានភាពអភិវឌ្ឍន៍ ឈានដល់កម្រិតណាហើយ នៅចុងខែក្រោយខាងមុខនេះ។ ប្រសិនបើពួកគេអាចធ្វើបានជោគជ័យហើយ តើអ្នកទាំងអស់គ្នា ចង់សាកល្បងបំពាក់ចូលខួរក្បាលដែរឬក៏អត់ទេ?

ដោយ​ ៖ Independent
អត្ថបទទាក់ទង