អតីតអ្នកដឹកនាំផ្នែកកាមេរ៉ានៅលើ Google Pixel ពេលនេះបានចូលរួមធ្វើការជាមួយ Adobe ហើយ​​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កាលពីប៉ុន្មានខែកន្លងទៅនេះ យើងធ្លាប់ទទួលបានដំណឹងមួយចំនួនបាននិយាយ ទាក់ទងនឹងការចាកចេញរបស់បុគ្គលសំខាន់ៗមួយចំនួន ដែលបានចែកផ្លូវគ្នាពី Google ដោយក្នុងនោះ ក៏រួមមានទាំងលោក Marc Levoy ដែលជាអ្នកគ្រប់គ្រង និងដឹកនាំទៅលើការអភិវឌ្ឍន៍កាមេរ៉ាសម្រាប់ប្រើលើទូរសព្ទឆ្លាត Google Pixel ផងដែរ។ ដោយឡែក នៅក្នុងពេលនេះ ដំណឹងថ្មីមួយទៀត ត្រូវបានគេបង្ហាញថា អតីតបុគ្គលិកជាន់ខ្ពស់របស់ Google ខាងលើនោះ បានទៅចូលរួមធ្វើការជាមួយ Adobe ដើម្បីអភិវឌ្ឍន៍បន្ថែម ទៅលើកម្មវិធី Photoshop Camera ដែលមានដាក់ឲ្យទាញយកថ្មីៗនេះ។

ជាការពិតណាស់ បើតាមការប្រកាសប្រាប់ ចេញពីសំណាក់ Adobe ផ្ទាល់ នៅក្នុងពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា លោក Marc Levoy ដែលធ្លាប់ជាអ្នកគ្រប់គ្រង និងដឹកនាំទៅលើផ្នែកកាមេរ៉ានៅលើទូរសព្ទឆ្លាត Google Pixel នោះ ពេលនេះ គាត់បានចូលរួមជាមួយក្រុមហ៊ុន Adobe ហើយតួនាទីរបស់គាត់នោះគឺ ត្រូវបានដាក់គោលដៅសំខាន់ ទៅលើការអភិវឌ្ឍន៍បន្ថែមទៀត ផ្នែកកម្មវិធីកាមេរ៉ា ដែល Adobe ទើបដាក់ឲ្យទាញយកថ្មីៗនេះ ពោលគឺ Photoshop Camera ហ្នឹងឯង។ មិនត្រឹមតែផ្នែកនេះមួយទេ គេក៏បានបញ្ជាក់ថា គាត់នឹងធ្វើការទៅលើផ្នែកផ្សេងៗមួយចំនួនទៀត ជាក់ស្ដែងដូចជាការសិក្សាស្រាវជ្រាវ ទៅលើគម្រោងជាច្រើនទៀតរបស់ Adobe។ គួរបញ្ជាក់ដែរថា កាលពីគាត់ធ្វើការជាមួយ Google នោះ គាត់បានបន្សល់ទុកស្នាដៃជាច្រើនដែរ ពោលគឺគាត់ជាអ្នកដឹកនាំ ទៅលើអភិវឌ្ឍន៍មុខងារ HDR+, Portrait Mode ក៏ដូចជាមុខងារថតពេលយប់ដ៏ពេញនិយម Night Sight នៅលើកាមេរ៉ារបស់ Google Pixel ជាដើម។ 

យ៉ាងណាក៏ដោយ ដូចបានបញ្ជាក់នៅខាងលើនេះអញ្ចឹង គោលដៅសំខាន់បំផុត ដែលលោក Marc Levoy បានចូលរួមជាមួយ Adobe នោះ គឺដើម្បីទៅធ្វើការអភិវឌ្ឍន៍បន្ថែម ឲ្យកាន់តែប្រសើរជាងមុន នៅលើកម្មវិធី Photoshop Camera នេះតែម្ដង។ គួរបញ្ជាក់ដែរថា កម្មវិធី Photoshop Camera នេះ ទើបតែត្រូវបាន Adobe ដាក់ឲ្យទាញយកដោយឥតគិតថ្លៃ ទាំងនៅលើ App Store និង Play Store កាលពីពេលថ្មីៗនេះប៉ុណ្ណោះ ហើយគិតមកទល់ពេលនេះ កម្មវិធីមួយនោះ មានចំនួនអ្នកទាញយកប្រមាណជាខ្ទង់ 100,000 នាក់នៅលើ Play Store ហើយក៏ទទួលបានការ Rating 4.5 ផ្កាយផងដែរ។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង