ចក្រភពអង់គ្លេសបានហៅប្រទេសជប៉ុន ឲ្យមកចូលរួមផលិតប្រព័ន្ធ 5G ផ្ទាល់ខ្លួន​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

តាមរយៈរាយការណ៍ដោយ ក្រុមសារព័ត៌មាន Nikkei កាលពីម្សិលមិញនេះ បានចង្អុលបង្ហាញឲ្យឃើញថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានសាកសួរប្រទេសជប៉ុន ដើម្បីឲ្យមកចូលរួមបង្កើតបច្ចេកវិទ្យា 5G ផ្ទាល់ខ្លួនទាំងស្រុង ដោយមិនត្រូវការជំនួយពី ក្រុមហ៊ុនចិន Huawei នោះទេ។ ចំណែកឯព័ត៌មានថ្មីមួយនេះ ត្រូវបានចុះផ្សាយបន្ដបន្ទាប់ពី ចក្រភពអង់គ្លេស បានប្រកាសហាមឃាត់បច្ចេកវិទ្យា 5G របស់ Huawei ចាប់ពីដើមឆ្នាំក្រោយតទៅ ឲ្យចេញអស់ពីក្នុងប្រទេសតែម្ដង។

បើយោងទៅតាមប្រភពខាងលើដដែល បាននិយាយប្រាប់ឲ្យដឹងថា មន្រ្តីប្រចាំចក្រភពអង់គ្លេស បានធ្វើការពិភាក្សាគ្នាជាមួយ រដ្ឋាភិបាលប្រទេសជប៉ុន កាលពីសប្ដាហ៍មុនកន្លងទៅនេះ ទៅលើការជួយបង្កើតប្រព័ន្ធ 5G ផ្ទាល់ខ្លួនតែម្ដង ដើម្បីបន្ថែមគូប្រជែងទៅឲ្យក្រុមហ៊ុនផ្ដល់ជូន 5G ដទៃទៀត និងកាត់បន្ថយថ្លៃចំណាយក្នុងរយៈពេលវែង ជាដើម។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនទូរគមនាគមន៍ធំៗរបស់ប្រទេសជប៉ុន គឺមានចំនួនពីរដូចជា NEC និង Fujitsu ដោយឡែក ពួកគេអាចកាន់កាប់ទីផ្សារសកលលើផ្នែក 5G បានត្រឹមតិចជាង 1% ប៉ុណ្ណោះ រីឯក្រុមហ៊ុនធំៗដទៃទៀតដូចជា Huawei, Nokia និង Ericsson អាចកាន់កាប់បានសរុបដល់ទៅខ្ទង់ 80% ឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចចិត្តវិនិយោគប្រាក់ចំនួនប្រមាណ 654 លានដុល្លារ ទៅឲ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់នោះ រួចមកហើយដែរ ដើម្បីពង្រីកបច្ចេកវិទ្យា 5G ក៏ដូចជាអាជីវកម្មរបស់ពួកគេ។

សម្រាប់ការចចារគ្នារវាង រដ្ឋាភិបាលចក្រភពអង្គគ្លេស និងរដ្ឋាភិបាលប្រទេសជប៉ុន ហាក់បីដូចជា មិនទាន់មានចម្លើយនៅឡើយទេ លើការចូលរួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធ 5G ដោយមិនត្រូវការក្រុមហ៊ុនចិន Huawei នេះ ប៉ុន្ដែយើងសង្ឃឹមថានឹងអាចទទួលបាន ដំណឹងពីព័ត៌មានបន្ថែម ក្នុងពេលឆាប់ៗនេះចុះ។ ចាប់ផ្ដើមពីអំឡុងឆ្នាំ 2027 ខាងមុខនេះ បណ្ដាញប្រព័ន្ធ 5G របស់ Huawei នឹងលែងមាននៅលើទឹកដី របស់ចក្រភពអង់គ្លេស តទៅទៀតហើយ នេះជាគម្រោងរបស់ពួកគេ ដែលបានប្រកាសជាផ្លូវការ កាលពីថ្មីៗកន្លងទៅនេះ។

ដោយ​ ៖ Nikkei
អត្ថបទទាក់ទង