តារាសម្តែង Chris Evans និង Ryan Gosling ត្រៀមចូលមកដើរតួក្នុងរឿងចំណាយទុនច្រើនបំផុតលើកដំបូងរបស់ Netflix​
ដោយ​ ៖ ឡេង | 3 សប្តាហ៍មុន SHARE

 

ស្របនឹងពេលដែលសេវាកម្ម Netflix ទើបត្រូវបានគេរាយការណ៍មកថា ពួកគេអាចទទួលសមាជិកបង់សេវាកម្ម ដែលចូលមកថ្មីៗបានរហូតដល់ទៅជាង 10 លាននាក់ទៀតឯណោះ នៅរយៈពេលប៉ុន្មានខែកន្លងទៅនេះ ដោយសារតែមនុស្សមានពេលទំនេរនៅផ្ទះច្រើន ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ 19 ជាដើម។ ឈានចូលមកដល់ពេលថ្មីៗនេះ Netflix ក៏បានប្រកាសចេញនូវ គម្រោងខ្សែភាពយន្ដខ្នាតធំថ្មីមួយទៀត ដែលចំណាយប្រាក់ចំនួនខ្ទង់ 200 លានដុល្លារលើកដំបូង និងមានការចូលរួមដោយ តារាសម្ដែងល្បីៗ ថែមទៀតផង។

ខ្សែភាពយន្ដខ្នាតធំថ្មីរបស់ Netflix មួយនោះ គឺមានឈ្មោះជាផ្លូវការហៅថា The Gray Man ដែលមានលក្ខណៈជាចារកម្ម និងការស៊ើបអង្កេត ជាមួយការចូលរួមសម្ដែងដោយ លោក Ryan Gosling ជាអ្នកធ្វើឃាតគេ និងជាអតីតចារកម្ម រីឯលោក Chris Evens ជាភ្នាក់ងារ CIA ដើម្បីតាមចាប់មនុស្សអាក្រក់ ដូចជាតួអង្គរបស់លោក Ryan តែម្ដង។ នាពេលបច្ចុប្បន្ននេះ យើងក៏ទទួលបានដំណឹងថា លោក Joe Russo និងលោក Anthony Russo ត្រូវជាអ្នកដឹកនាំរឿងមួយនេះផងដែរ ដោយពួកគាត់ធ្លាប់បានដឹកនាំរឿងល្បីៗដូចជា Avengers: Endgame និងរឿងរបស់ Marvel មួយចំនួនទៀត។ ចំណែកឯរឿង The Gray Man នេះ គឺត្រូវបានដកស្រង់ចេញពីសៀវភៅដ៏ល្បី ហើយមានរហូតដល់ទៅ 10 វគ្គឯណោះ ដូច្នេះហើយក្រុមហ៊ុន Netflix អាចផលិតរឿងនេះបានច្រើន ហាក់បីដូចជា រឿង James Bond អញ្ចឹងដែរ។

ជាចុងក្រោយ យើងគ្រាន់តែបានដឹងថា ការចាប់ផ្ដើមថតដំបូង នឹងអាចធ្វើឡើងនៅដើមឆ្នាំ 2021 ខាងមុខនេះ ប៉ុន្ដែមិនទាន់ដឹងពីថ្ងៃចាក់បញ្ចាំងនៅឡើយទេ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។ តើប្រិយមិត្តធ្លាប់បានស្គាល់ ឬ ទស្សនាខ្សែភាពយន្ដ ដែលសម្ដែងដោយលោក Chris Evans និងលោក Ryan Gosling ដែរឬទេ? ហើយខ្សែភាពយន្ដមួយណា ល្អមើលបំផុតសម្រាប់លោកអ្នកទៅ?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង