Samsung បានព្យាករណ៍ហើយថា 6G នឹងអាចបង្ហាញខ្លួនក្នុងអំឡុងឆ្នាំ 2028 លឿនជាងការរំពឹងទុក​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ស្របនឹងពេលដែល 5G មិនទាន់មានភាពធំទូលាយ ទូទាំងពិភពលោកនៅឡើយទេ ដោយឡែក Samsung បានធ្វើការលើកឡើងមកថា បច្ចេកវិទ្យាឈានមុនមួយជំនាន់ទៀត នោះគឺពួកគេសំដៅទៅលើ 6G នឹងអាចមានវត្តមាននៅឆ្នាំ 2028 ខាងមុខនេះតែម្ដង។ ជាការពិតណាស់ មិនថាតែក្រុមហ៊ុន Samsung នោះទេ ដែលកំពុងតែបន្ដសិក្សាលើបច្ចេកវិទ្យា 6G ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្ដែដោយសារតែ ទើបមានបទពិសោធន៍ស្រាប់ ដូច្នេះពួកគេអាចនឹងស្រាវជ្រាវ បានកាន់តែលឿនជាងជំនាន់មុនៗ ផងដែរ។

បើទោះបីជាបច្ចេកវិទ្យាអ៊ីនធើណេតនេះ ត្រូវបានចេញអស់ប៉ុន្មានជំនាន់មកហើយ ប៉ុន្ដែជំនាន់ 5G គឺជាភាពជោគជ័យដ៏ធំបំផុត សម្រាប់មនុស្សយើង ដោយវាអាចធ្វើអ្វីៗបានយ៉ាងច្រើន ចាប់ពីការទស្សនាខ្សែភាពយន្ដ តាមអនឡាញក្នុងកម្រិត 4K បានលឿនខ្លាំង រហូតដល់បញ្ជាប្រើប្រាស់ក្នុងរថយន្ដ និងសូម្បីតែអាច បញ្ជាការវះកាត់ពីចម្ងាយបាន ថែមទៀតផង។ ហេតុដូច្នេះហើយ យើងប្រាកដជាអាចសង្ឃឹមបានថា 6G នឹងកាន់តែគ្រាន់បើជាងនេះទៅទៀត និងផ្ដល់ជូនឱកាសដល់មនុស្សគ្រប់រូប នូវសមត្ថភាពជាច្រើនបែបយ៉ាង ស្ទើរតែមិនគួរឲ្យជឿឡើយ។ ជានិច្ចជាកាល ក្រុមអ្នកស្រាវជ្រាវ ត្រូវការចំណាយពេលខ្ទង់ 10 ឆ្នាំជាង ដើម្បីសិក្សាលើជំនាន់មួយទៀត ឲ្យបានសម្រេចទាំងស្រុង ប៉ុន្ដែយើងនឹងអាចឃើញមានភាពខុសគ្នា សម្រាប់បច្ចេកវិទ្យា 6G នេះបើយោងតាមសេចក្ដីប្រកាសពី Samsung ផ្ទាល់ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ។

សរុបមកវិញ Samsung បានរំពឹងទុកថា ការបញ្ចប់ការសិក្សាលើស្តង់ដារ 6G គឺអាចទទួលបានជោគជ័យ នៅយ៉ាងឆាប់បំផុតក្នុងអំឡុងឆ្នាំ 2028 ហើយអាចពង្រីកជាទ្រង់ទ្រាយធំបាននៅឆ្នាំ 2030 ដូចជាការអភិវឌ្ឍន៍របស់ប្រព័ន្ធ 5G ក្នុងពេលបច្ចុប្បន្ននេះដែរ។ បច្ចេកវិទ្យា 6G ត្រូវបានគេគ្រោងនឹងចាប់យកលឿនខ្ពស់បំផុត ឲ្យបានដល់ទៅចំនួន 1 Terabyte ក្នុងមួយវិនាទី ដោយខ្លាំងជាងល្បឿនរបស់ 5G ដល់ទៅខ្ទង់ 50 ដងឯណោះ។

ដោយ​ ៖ Samsung
អត្ថបទទាក់ទង