រឿងដកស្រង់ពីហ្គេមដ៏ល្បី Uncharted សម្ដែងដោយលោក Tom Holland នឹងចាប់ផ្ដើមថតឆាប់ៗនេះ​
ដោយ​ ៖ ឡេង | 3 សប្តាហ៍មុន SHARE

 

បន្ទាប់ពីមានការបញ្ហារយៈពេលវែងមក ជាទីបំផុត ខ្សែភាពយន្ដដំណើរផ្សងព្រេង នាំយកសាច់រឿងចេញពីហ្គេម Uncharted បានប្រកាសចាប់ផ្ដើមថត ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយលោក Tom Holland នៅតែជាតារាសម្ដែងឯកដដែល។ សេចក្ដីប្រកាសជាផ្លូវការលើកនេះ ត្រូវបានឆ្លើយតបដោយ អ្នកតំណាងឲ្យផលិតកម្ម Sony ម្នាក់ បានប្រាប់ទៅកាន់សារព័ត៌មាន IGN នាពេលថ្មីៗកន្លងទៅនេះ ក្រោយបានពន្យាពេលអស់ 10 ឆ្នាំជាងឯណោះ។

ជាការពិតណាស់ ផលិតកម្ម Columbia Pictures របស់ Sony បានប្រកាសប្រាប់ថា ហ្គេម Uncharted នឹងត្រូវដកស្រង់ទៅបង្កើតជាខ្សែភាពយន្ដ តាំងពីអំឡុងឆ្នាំ 2009 មកម្ល៉េះ ដោយឡែក រហូតមកដល់ពេលបច្ចុប្បន្ននេះ ពួកគេបានផ្លាស់ប្ដូរអ្នកដឹកនាំរឿងអស់ 5 នាក់ទៅហើយ នោះអាចដោយសារតែ មិនត្រូវគំនិតគ្នាជាដើម។ លើសពីនេះទៅទៀត លោក Tom Holland ផ្ទាល់តែម្ដង បានបង្ហោះរូបភាពមួយសន្លឹក នៅលើគណនីបណ្ដាញសង្គម Instagram របស់គាត់ ហើយសរសេរចំណងជើងថា “Day One #Uncharted” ទើបបានជាមានមនុស្សជាច្រើននាក់សង្ស័យថា កំពុងតែចាប់ផ្ដើមថតមែនទែនហើយ។ សម្រាប់ពេលបច្ចុប្បន្ននេះ យើងបានដឹងហើយថា លោក Ruben Fleischer ដែលធ្លាប់បានដឹកនាំរឿង Zombieland ទាំងពីរវគ្គ ក៏ដូចជារឿង Venom នឹងមកចូលរួមដឹកនាំរឿង Uncharted នេះ ផងដែរ។

កាលពីពេលដំបូងឡើយ Sony បានកំណត់ថ្ងៃចាក់បញ្ចាំងក្នុងរោងកុន នៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2020 ប៉ុន្ដែបែរជាត្រូវបានលើកទៅថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 ហើយក៏លើកម្ដងទៀត មកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021 មុនបន្ដិចវិញ។ តើអ្នកយល់ឃើញយ៉ាងដែរ ចំពោះលោក Tom Holland សម្ដែងជាតួអង្គ Nathan Drake នៅក្នុងខ្សែភាពយន្ដ Uncharted ដែលជាហ្គេមដ៏មានប្រជាប្រិយភាពមួយនេះ? 

ដោយ​ ៖ IGN
អត្ថបទទាក់ទង