នេះជារថយន្តអគ្គិសនី Nissan Ariya EV អាចបើកបរបានចម្ងាយជាង 482Km ពេលសាកថ្មមួយពេញ និងមានតម្លៃខ្ទង់ 4 ម៉ឺនដុល្លារ​
ដោយ​ ៖ គង់គីត | 3 សប្តាហ៍មុន SHARE

 

ក្នុងថ្ងៃនេះក្រុមហ៊ុន Nissan របស់ប្រទេសជប៉ុន ទើបតែបានប្រកាសចេញជាផ្លូវការនូវរថយន្តអគ្គសនីស៊េរីថ្មី ឆ្នាំ 2021 របស់ខ្លួនប៉ុន្មានម៉ូឌែល ដែលវាមានឈ្មោះជាផ្លូវការថា Nissan Ariya EV។ រថយន្ដ Nissan Ariya EV គឺជាត្រកូលរថយន្ដដែលមានរូបរាងតូច ជាប្រភេទរថយន្ដ Crossover ដែលវាមានរចនាបថរូបរាងមិនធម្មតានោះទេ ដោយផ្នែកខាងក្នុងសុទ្ធតែមានគុណភាពខ្ពស់ ហើយអ្វីពិសេសជាងគេគឺមុខងារវៃឆ្លាត និងអេក្រង់នៅខាងក្នុងឡានតែម្ដង ដែលនឹងធ្វើអោយរថយន្ដខ្នាត Crossover នឹងបង្កើតយុគ្គសម័យថ្មីនេះកាន់តែទំនើប។

ជាការពិតណាស់ ក្រុមហ៊ុន Nissan បាននិយាយថា ចំពោះកម្លាំងម៉ាស៊ីនរបស់រថយន្តអគ្គិសនី Ariya ជំនាន់ថ្មីមួយនេះ គឺអាចជាន់ពីល្បឿនពី 0Km/h ដល់ 96Km/h ចំណាយរយៈពេលត្រឹមតែជិត 5 វិនាទីប៉ុណ្ណោះ ដែលវាមានល្បឿនស្ទុះជិតស្មើទៅនឹងរថយន្តប្រភេទ Z Sport ទៅហើយ។ មួយវិញទៀត រថយន្ដអគ្គិសនី Nissan Ariya នេះ ក៏មាន 2 ជម្រើសក្នុងការជ្រើសរើស ដោយសម្រាប់ម៉ូឌែលស្ដង់ដារ វាប្រើម៉ូទ័រ 1 ប៉ុណ្ណោះ (ប៉ុងមួយ) ដែលមានកម្លាំង 215 សេះ (215 Horsepower) រីឯម៉ូឌែលប្រើម៉ូទ័រចំនួន 2 មានប៉ុង 2 (AWD) វាមានកម្លាំងដល់ 389 សេះ។

លើសពីនេះទៅទៀត វាក៏មានថាមពលថ្ម (Battery) ចំនួន 2 ជម្រើសផងដែរ គឺទំហំ 63kWh និង 87kWh ដែល Nissan បានអះអាងសម្រាប់ម៉ូឌែលប្រើប៉ុង 2 វាអាចបើកបរ បានចម្ងាយដល់ទៅជាង 482Km នៅពេលសាកថ្មមួយពេញ។ ក្រៅពីនេះ រថយន្ដអគ្គិសនី Nissan Ariya ស៊េរីទំនើបថ្មីនេះ វាមានផ្នែកខាងក្នុងស្រដៀងគ្នាទៅនឹងរថយន្ដប្រភេទ Crossover ដទៃទៀតដែរ ដោយមានកៅអីអង្គុយធំ និងទូលាយល្អទៀតផង។

បន្ថែពីនេះ វាមានមុខងារ បញ្ជាដោយសម្លេង និងគាំទ្រការអាប់ដេតតាមរយៈ OTA (Over-the-Air) ថែមទៀតផង។ ពិសេសជាងនេះទៅទៀត វាភ្ជាប់មកជាមួយបច្ចេកវិទ្យា ProPilot 2.0 សម្រាប់ធ្វើការតភ្ជាប់ជាមួយឧបករណ៍វៃឆ្លាតក្នុងផ្ទះ ហើយវាក៏មុខងារមួយចំនួនទៀត ដូចជាជំនួយការសម្លេង Amazon Alexa និងអាចគាំទ្រការប្រើលើមុខងារ Apple CarPlay និង Android Auto ដោយឥតខ្សែទៀតផង។ សម្រាប់តម្លៃវិញ រថយន្ត Nissan Ariya នេះ មានម្លៃខ្លួនចាប់ពីខ្ទង់ 160 លានរៀល ឬ ប្រហែលនឹង 40,000 ដុល្លារឡើង អាស្រ័យទៅតាមប្រភេទថាមពលថ្ម និងកម្លាំងម៉ាស៊ីនរបស់វា ដែលវានឹងត្រូវដាក់លក់លើទីផ្សារប្រទេសជប៉ុន នៅពាក់កណ្ដាលឆ្នាំ 2021 ខាងមុខនេះហើយ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង