Samsung នឹង​ចំណាយ​ប្រាក់​ខ្ទង់ 83.2 លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​បន្ថែម​ទៅលើ​ផ្នែក​បន្ទះ​ឈីប និងបន្ទះ​បង្ហាញ​របស់ខ្លួន​
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

យើងគ្រប់គ្នាច្បាស់ជាបានដឹងហើយថា Samsung មិនត្រឹមតែជាយីហោ ដែលមាននៅលើតែទូរសព្ទឆ្លាតមួយនោះទេ ជាក់ស្ដែងយើងក៏បានឃើញយីហោ នៅលើផ្នែកសំខាន់ៗជាច្រើនទៀត ដែលទាក់ទងនឹងបច្ចេកវិទ្យា ជាក់ស្ដែងដូចជាឧបករណ៍អេឡិតត្រូនិចផ្សេងៗ, ផ្នែកបន្ទះឈីប, បន្ទះបង្ហាញ ក៏ដូចជាផ្នែកសំខាន់មួយចំនួនផ្សេងទៀត។ ដោយឡែក ថ្មីៗនេះ Samsung ផ្ទាល់បានធ្វើការប្រកាសបញ្ជាក់ថា ពួកគេនឹងចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹក ដើម្បីធ្វើការអភិវឌ្ឍន៍បន្ថែម ទៅលើផ្នែកបន្ទះឈីប ក៏ដូចជាផ្នែកបន្ទះបង្ហាញរបស់ខ្លួន ថែមទៀតផង។

មិនខុសទេ បើតាមការបង្ហាញចេញពី Samsung ផ្ទាល់តែម្ដង បានធ្វើការបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំនេះ ពួកគេនឹងចំណាយទឹកប្រាក់ខ្ទង់ 83 លានដុល្លារ ដើម្បីធ្វើការជំរុញបន្ថែមទៅលើ កិច្ចសហប្រតិបត្តិការ រវាងផ្នែកសិក្សាស្រាវជ្រាវ និងផ្នែកផលិត (Industrial-Academy Cooperation) នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៍បន្ថែមទៅលើ ខាងបន្ទះឈីប និងបន្ទះអេក្រង់របស់គេ ឲ្យកាន់តែមានលក្ខណៈប្រសើរឡើង ថែមមួយកម្រិតទៀត។ គួរបញ្ជាក់ដែរថា Samsung បានបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ Industrial-Academy នេះឡើងដំបូងនៅក្នុងឆ្នាំ 2018 កន្លងទៅ ហើយគិតមកទល់ពេលនេះ ត្រូវបានបង្កើតឡើងអស់រយៈពេលពីរឆ្នាំហើយ ដោយនៅក្នុងនោះដែរ គឺបង្កើតឡើងសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវបន្ថែម ទៅលើតែផ្នែក បន្ទះឈីប និងអេក្រង់ប៉ុណ្ណោះ ដោយរួមមានការចូលរួមគាំទ្រពីសំណាក់ សាស្ត្រាចារ្យចំនួន 700 នាក់ ក៏ដូចជាសិស្សនិសិ្សតជាច្រើនទៀត ដើម្បីធ្វើការសិក្សាស្រាវជា្រវ លើគម្រោងថ្មីរបស់គេនោះ។

និយាយរួមមកវិញ នៅក្នុងឆ្នាំនេះ Samsung នឹងធ្វើការចំណាយទឹកប្រាក់សរុបខ្ទង់ 83 លានដុល្លារ ដើម្បីជំរុញឲ្យក្រុមអ្នកសិក្សាស្រាវជ្រាវ នៅក្នុងកិច្ចការសហប្រិតបត្តិការ Industrial-Academy Cooperation របស់ខ្លួន មានការអភិវឌ្ឍន៍បន្ថែមទៀត ព្រោះថានេះជាផ្នែកសំខាន់មួយរបស់ Samsung ដើម្បីឲ្យធ្វើឲ្យបច្ចេកវិទ្យាផ្នែកអេក្រង់ ក៏ដូចជាបន្ទះឈីបរបស់គេ កាន់តែមានលក្ខណៈប្រសើរ ឬក៏រីកចម្រើនឡើង ថែមមួយកម្រិតទៀត។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង