OnePlus Buds នឹងត្រូវប្រកាសចេញតំណាលគ្នាជាមួយទូរសព្ទឆ្លាត OnePlus Nord​
ដោយ​ ៖ គាលី | 3 សប្តាហ៍មុន SHARE

 

ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន OnePlus បានបង្ហោះផ្ទាំងផូស្ទ័រផ្លូវការមួយ ដែលពាក់ព័ន្ធនឹងថ្ងៃដាក់បង្ហាញ ទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មី គឺ OnePlus Nord ដែលនឹងរៀបចំឡើង នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2020 ឆាប់ៗខាងមុខ តែម្តង។ 

ស្របគ្នានេះដែរ ពិតជាមិនខុសពីការរំពឹងទុកនោះទេ ដោយកាលពីយប់មិញនេះ តាមរយៈគណនីរបស់ OnePlus ផ្ទាល់ បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ហើយថា ក្នុងព្រឹតិ្តការណ៍ប្រកាសចេញទូរសព្ទឆ្លាត OnePlus Nord ពួកគេក៏នឹងនាំយកនូវផលិតផលមួយផ្សេងទៀត មកដាក់បងា្ហញឲ្យមហាជនបានឃើញផងដែរ នោះគឺកាសឥតខ្សែជំនាន់ថ្មី ដែលមានឈ្មោះថា OnePlus Buds។ មិនតែប៉ុណ្ណោះ ក្នុងនោះ OnePlus ថែមទាំងបានអះអាងប្រាប់មុនទៀតថា កាសជំនាន់ថ្មីនេះ នឹងត្រូវបានតម្លើងមកជាមួយគុណភាពបញ្ចេញសម្លេងខ្ពស់ គួបផ្សំនឹងបទពិសោធន៍ នៃការប្រើប្រាស់យ៉ាងងាយស្រួល។ ជាងនេះទៀត បើយោងតាមព័ត៌មានបែកធ្លាយជាច្រើនកន្លងមក ក៏បានបង្ហាញឲ្យយើងដឹងមុនថា កាស OnePlus Buds ហាក់ដូចជាមានរចនាបថរូបរាង ស្រដៀងទៅនឹងកាស AirPods របស់ Apple ខណៈដែលប្រអប់កាសរបស់វា មើលទៅដូចកាត់ទៅរកកាស Pixel Buds 2 របស់ Google ដែរ។ ប៉ុន្តែ អ្វីដែលពិសេសនោះ គឺវាអាចនឹងមានជម្រើសពណ៌ខ្មៅ ដែលប្រិយមិត្តភាគច្រើន តែងចង់បាននៅលើកាស AirPods ទៀតផង។ អញ្ចឹង ដើម្បីឲ្យកាន់តែច្បាស់ មានតែរង់ចាំតាមដានការបង្ហាញចេញជាផ្លូវការ ពី OnePlus ក្នុងថ្ងៃទី 21 ខែកក្កដា ឆាប់ៗនេះ ទាំងអស់គ្នា។ 

សរុបមកវិញ បើទោះបីជា OnePlus បានដើរយឺតមួយជំហាន ក្នុងការនាំយកកាសឥតខ្សែប្រភេទ TWS មកលើទីផ្សារក៏ពិតមែន ប៉ុន្តែ យើងសង្ឃឹមថា ក្រុមហ៊ុនមួយនេះ នឹងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងទៀតឡើយ និយាយរួមទៅ ប្រសិនបើ OnePlus Buds នឹងដាក់លក់ក្នុងតម្លៃមួយដ៏សមរម្យ ជាមួយលក្ខណៈសម្បតិ្តល្អៗច្រើននោះ វាប្រាកដជាអាចទទួលបានភាគរយជោគជ័យច្រើន ក៏ដូចជាបន្តផលិតខ្សែស្រឡាយក្រោយៗ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនដទៃទៀតដែរ។ 

ដោយ​ ៖ OnePlus
អត្ថបទទាក់ទង