Samsung បានជាប់ឈ្មោះជាយីហោមានគេស្រឡាញ់ច្រើនបំផុតនៅអាស៊ី ក្នុងរយៈពេល 9 ឆ្នាំជាប់គ្នា​
ដោយ​ ៖ គង់គីត | 3 សប្តាហ៍មុន SHARE

 

នាពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung ត្រូវបានគេដាក់ឈ្មោះអោយថាជា ម៉ាកយីហោ ដែលមានមនុស្សស្រឡាញ់ចូលចិត្តច្រើនបំផុត នៅក្នុងតំបន់អាស៊ី និងបានឈរនៅលំដាប់កំពូលអស់រយៈពេល 9 ឆ្នាំជាប់គ្នាទៀតផង។ មិនខុសទេ បើយោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានឈរនៅលំដាប់កំពូល ក្នុងចំណោមយីហោចំនួន 1000 ឯណោះ និងបានទទួលចំណាត់ថ្នាក់ខ្ពស់ជាងគេលើ Categories ធំៗ ចំនួន 5 ថែមទៀតផង។

ជាក់ស្ដែង តាមការស្ទង់មតិមួយធ្វើឡើងដោយ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Campaign Asia-Pacific និង Nielsen បានធ្វើការសម្រង់មតិលើចម្លើយពីមនុស្សចំនួន 8,400 នាក់ ដែលប្រមូលបាននៅទូទាំងប្រទេសចំនួន 14 នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយើងនេះ ភាគច្រើនពួកគេបានជ្រើសរើសយក Samsung ជាយីហោខ្លួនស្រឡាញ់ចូលចិត្តបំផុត។ ពិតណាស់ ក្នុងនោះឃើញថាក្រុមហ៊ុន Samsung បានឡើងឈរលើកំពូលនៃសម្រង់មតិទាំងអស់ បន្ទាប់មកទៀតគឺបានទៅលើ Apple, Panasonic, LG, Nestle, Sony, Nike, Chanel, Google និង Philips។ មិនតែប៉ុណ្ណោះ Samsung ត្រូវបានគេជ្រើសរើស ថាជាម៉ាកយីហោមានបច្ចេកវិទ្យាលើឧបករណ៍ប្រើក្នុងផ្ទះល្អបំផុត, ជាម៉ាកយីហោស្មាតហ្វូនល្អបំផុត, ជាម៉ាកយីហោដែលមានឥទ្ធិពលបំផុត និងជាម៉ាកយីហោ ប្រកបដោយគុណភាពបំផុត នៅអាស៊ីថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានជាប់ឈ្មោះជាយីហោ (Brand) លំដាប់កំពូល និងមានគេស្រឡាញ់ចូលចិត្តច្រើនបំផុត ក្នុងចំណោមយីហោជាច្រើនផ្សេងទៀត តាំងពីឆ្នាំ 2012 មកម្ល៉េះ។

សរុបមកវិញ នេះអាចនិយាយបានថា Samsung ទទួលបានភាពជោគជ័យខ្លាំង លើផលិតផលជាច្រើនរបស់ខ្លួន ដែលមានមនុស្សស្ទើតែនៅទូទាំងតំបន់អាស៊ី បានស្រឡាញ់ចូលចិត្តគាំទ្រប្រើប្រាស់ផលិតផលស្ថិតក្រោមស្លាកយីហោយក្សមួយនេះ។ យ៉ាងណា សម្រាប់ក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាមេរិក ក៏មិនចាញ់ Samsung ប៉ុន្មានដែរ ដោយទទួលបានតំណែងលេខ 2 ជាយីហោមានគេស្រឡាញ់ចូលចិត្តច្រើនបំផុត នៅក្នុងតំបន់អាស៊ីយើងនេះ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង