Mi Smart Band 4 ជាខ្សែដៃសុខភាព ទទួលបានការគាំទ្រច្រើនជាងគេបំផុតទូទាំងសកលលោក​
ដោយ​ ៖ គាលី | 3 សប្តាហ៍មុន SHARE

 

ខណៈដែល Xiaomi បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកាសចេញផលិតផល ខ្សែដៃឆ្លាតវៃជំនាន់ថ្មី Mi Smart Band 5 សម្រាប់ទីផ្សារសកល នៅថ្ងៃទី 15 ខែកក្កដា ឆាប់ៗខាងមុខ ក្រុមហ៊ុនចិនមួយនេះ ក៏ឆ្លៀតបង្ហោះឲ្យដឹងនូវ សមិទ្ធផលដ៏ជោគជ័យមួយ បានមកពីការលក់ Mi Band 4 ក្នុងរយៈពេលចន្លោះពីត្រីមាសទី 3 ឆ្នាំ 2019 រហូតដល់ត្រីមាសទី 1 នៃឆ្នាំ 2020 នេះ។ 

ជាការពិតណាស់ ចាប់តាំងពី Xiaomi បាននាំយកខ្សែដៃសុខភាពឆ្លាតវៃ Mi Band លើកដំបូង មកកាន់ទីផ្សារ យើងសង្កេតឃើញថា វាទទួលបានការគាំទ្រ និងសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក ក៏ព្រោះដោយសារតែមានគុណភាពល្អ និងកត្តាចម្បងនោះ គឺមានតម្លៃធូរថ្លៃ តែម្តង។ គួររំលឹកផងថា Xiaomi លក់ខ្សែដៃឆ្លាតជំនាន់ដំបូងរបស់ខ្លួន បានជាង 1 លានគ្រឿង ក្នុងរយៈពេល 9 ខែ ខណៈ Mi Band 2 ចេញត្រឹមរយៈពេល 2 ខែ អាចប្រមូលបានចំនួនច្រើនដូចគ្នា ហើយ Mi Band 3 វិញ ក៏រឹតតែខ្លាំង គឺលក់អស់ 1 លានគ្រឿង ដោយចំណាយតែ 17 ថ្ងៃប៉ុណ្ណោះ។ រហូតមកដល់ជំនាន់ទី 4 គឺលក់បានចំនួនសរុប 1 លានគ្រឿដូចគ្នា នៅលើទីផ្សារសកល ប៉ុន្តែ ក្នុងរយៈពេលត្រឹម 8 ថ្ងៃគត់។ កាន់តែពិសេសទៀតនោះ បើយោងតាមការដកស្រង់ទិន្នន័យ ពីក្រុមហ៊ុន Canalys ថ្មីៗនេះ បានចុះផ្សាយឲ្យដឹងថា Mi Band 4 ជាខ្សែដៃសុខភាព ដែលលក់ដាច់ជាងគេ ទូទាំងពិភពលោក ចាប់ពីអំឡុងត្រីមាសទី 3 ឆ្នាំ 2019 ដល់ត្រីមាសទី 1 ឆ្នាំ 2020 កន្លងទៅនេះ។ 

សរុបមក វាពិតជាដំណឹងពិសេសមួយ សម្រាប់ក្រុមហ៊ុន Xiaomi ដែលដណ្តើមបានតំណែងកំពូល ទៅលើទីផ្សារខ្សែដៃឆ្លាត Mi Smart Band 4 ទូទាំងសកល ក្នុងរយៈពេលត្រីមាសទី 3 ឆ្នាំ 2019 រហូតដល់ត្រីមាសទី 1 នៃឆ្នាំ 2020។ ដោយសារតែ វាទទួលបានរចនាបថរាងតូចស្រស់ស្អាត មានទម្ងន់ស្រាល ជាពិសេស វាបំពាក់នូវមុខងារផ្តល់ប្រយោជន៍ច្រើន ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់។ 

ដោយ​ ៖ Xiaomi
អត្ថបទទាក់ទង