Lenovo ជាប់លេខ 1 លើការនាំចេញកុំព្យូទ័របានច្រើនជាងគេ ក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ​
ដោយ​ ៖ គង់គីត | 4 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងហើយថា Lenovo គឺជាក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃ (Laptop) និងកុំព្យូទ័រលើតុ (Desktop) ដ៏ធំមួយ ដែលទទួលបានជោគជ័យបំផុត នៅលើទីផ្សារសកលលោក ហើយបើយោងតាមទិន្នន័យទីផ្សារចុងក្រោយ បានបង្ហាញថាក្រុមហ៊ុនយក្សមួយនេះ បានក្លាយជាយីហោ ធំបំផុតលំដាប់លេខ 1 នៅលើពិភពលោក ក្នុងការនាំចេញ PC បានច្រើនជាងគេ នាត្រីមាសទី 2 ឆ្នាំ 2020 នេះ។

ជាការពិតណាស់ បើយោងទៅតាមទិន្នន័យពីក្រុមហ៊ុនវិភាគទីផ្សារ Gartner បានប្រាប់អោយដឹងថាក្រុមហ៊ុន Lenovo បានធ្វើការនាំចេញកុំព្យូទ័រ បានចំនួនជាង 16.19 លានគ្រឿងនៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ ដោយក្ដោបក្តាប់បានចំណែកទីផ្សារដល់ 25 ភាគរយ នៃទីផ្សារកុំព្យូទ័រទាំងអស់ នៅទូទាំងសកលលោក។ លើសពីនេះ បើធៀបនឹងត្រីមាសទី 2 ឆ្នាំមុន ការនាំចេញកុំព្យូទ័ររបស់ Lenovo បានកើនឡើងចំនួន 4.2 ភាគរយថែមទៀត។ ចំណែកឯទីផ្សាររបស់ក្រុមហ៊ុន HP Inc. បានកើនឡើងដល់ទៅ 24.9 ភាគរយ លើការនាំចេញកុំព្យូទ័របានចំនួន 16.16 លានគ្រឿង ក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ បើធៀបនឹងចំនួនការនាំចេញកុំព្យូទ័រ ក្នុងត្រីមាសទី 2 ឆ្នាំ 2019 បានចំនួនត្រឹម 13.8 លានគ្រឿងប៉ុណ្ណោះ។

ដោយឡែក សម្រាប់ក្រុមហ៊ុនយក្ស Dell គឺស្ថិតនៅតំណែងលេខ 3 ដោយបាននាំចេញកុំព្យូទ័រ របស់ខ្លួនបានចំនួនជាង 10.6 លានគ្រឿង និងគ្រប់គ្រងចំណែកទីផ្សារបាន 10.6 ភាគរយ នៅក្នុងត្រីមាសដូចគ្នានេះ។ ចំណែកឯ ក្រុមហ៊ុន Apple គឺជាយីហោកុំព្យូទ័រ លំដាប់ទី 4 ដោយនាំចេញកុំព្យូទ័រ បានចំនួន 4.3 លានគ្រឿង ជាមួយចំណែកទីផ្សារ 6.7 ភាគរយ។ មិនតែប៉ុណ្ណោះ ចំណែកទីផ្សាររបស់ក្រុមហ៊ុនយក្សមួយនេះ បានកើនឡើងចំនួន 5.1 ភាគរយ បើធៀបនឹងភាគរយលើការនាំចេញកុំព្យូទ័រ នៅត្រីមាសទី 2 ឆ្នាំ 2019 កន្លងទៅ។ 

សម្រាប់ចំណែកទីផ្សារក្រុមហ៊ុន Acer Group បានធ្វើការនាំចេញកុំព្យូទ័ររបស់ខ្លួនបានចំនួនជាង 4 លានគ្រឿន និងបានគ្រប់គ្រងចំណែកទីផ្សារចំនួន 6.2 ភាគរយ និងមានការកើនឡើងប្រមាណ 23.6 ផងដែរ បើធៀបនឹងត្រីមាសទី 2 ឆ្នាំមុន និងចំពោះក្រុមហ៊ុន Asus ស្ថិតនៅចំណាត់ថ្នាក់ទី 6 ដោយនាំចេញកុំព្យូទ័ររបស់ខ្លួន បានចំនួន 3.5 លានគ្រឿងផងដែរ។ រីឯចំណែកទីផ្សារមួយចំនួនទៀត គឺបានទៅលើក្រុមហ៊ុនផលិតកុំព្យូទ័រដទៃទៀត ដែលប្រភពខាងលើមិនបានធ្វើការបញ្ជាក់ប្រាប់ឈ្មោះអោយយើងបានដឹងនោះទេ។ សរុបមក នេះគឺជាចំនួនការនាំចេញកុំព្យូទ័រយួរដៃ និងលើតុ របស់ក្រុមហ៊ុននីមួយៗ នៅទូទាំងសកលលោក សម្រាប់ត្រីមាសទី 2 ឆ្នាំ 2020 នេះ ដែលឃើញថាការនាំចេញ PC ទៅកាន់ទីផ្សារសកល ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង 2.8 ភាគរយផងដែរ។

ដោយ​ ៖ Gartner
អត្ថបទទាក់ទង