កាលពីឆ្នាំ 2019 លោក Elon Musk ជា CEO រកប្រាក់បានច្រើនជាងគេ ប្រចាំសហរដ្ឋអាមេរិក​
ដោយ​ ៖ ឡេង | 4 សប្តាហ៍មុន SHARE

 

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមសារព័ត៌មាន Bloomberg បានធ្វើការស្រាវជ្រាវ និងចុះផ្សាយឲ្យដឹងអំពី CEO កំពូលៗទាំង 10 រូប ប្រចាំសហរដ្ឋអាមេរិក ដែលអាចរកប្រាក់ចំណូលចូលខ្លួនឯង បានចំនួនច្រើនជាងគេ នៅក្នុងអំឡុងឆ្នាំ 2019 ផងដែរ។ ខណៈពេលដែល ធ្វើការដកស្រង់ទិន្នន័យនោះ ពួកគេបានស្វែងរកឃើញថា លោក Elon Musk ដែលត្រូវជាមេ Tesla និង SpaceX អាចរកប្រាក់បានច្រើនជាងគេបង្អស់ ហើយបន្ទាប់មកគឺជាលោក Tim Cook ពីក្រុមហ៊ុន Apple តែម្ដង។

បើយោងទៅតាមតារាងថ្មីនេះ គឺបានចង្អុលបង្ហាញមកថា CEO របស់ Tesla Inc. ដែលត្រូវជាលោក Elon Musk អាចរកបានប្រាក់ចំណូលផ្ទាល់ខ្លួន រហូតដល់ទៅចំនួនខ្ទង់ 595,266,817 ដុល្លារ និងជាចំនួនលើសដាច់គេតែម្ដង ហើយសុទ្ធតែទទួលបានមកពី Option Awards ឬមានន័យថា ជាការចំណេញពីចំណែកទីផ្សារ។ ខណៈពេលដែល លោក Tim Cook ជា CEO របស់ Apple Inc. បានស្ថិតនៅតារាងលេខ 2 ជាមួយនឹងប្រាក់ចំណូលទទួលបានខ្ទង់ 133,727,869 ដុល្លារ ដោយសរុបពីចំនូនប្រាក់ខែជាង 3 លានដុល្លារ, ប្រាក់រង្វាន់ជាង 7.7 លានដុល្លារ និងបូកទាំងរង្វាន់ភាគហ៊ុនខ្ទង់ 122.2 លានដុល្លារថែមទៀត។ ដោយឡែក យើងក៏បានប្រទះឃើញថា CEO របស់ Intel Corp. ត្រូវជាលោក Robert Swan បានជាប់ចំណាត់ថ្នាក់លេខ 7 រីឯលោក Sundar Pichai មកពី Alphabet Inc. (ជាមួយ Google) ស្ថិតនៅថ្នាក់លេខ 8 និងលោក Satya Nadella ជាមេប្រចាំ Microsoft Corp. បានជាប់លេខ 9 លើតារាងមួយនោះ។

នាអំឡុងឆ្នាំ 2019 ពិតជាពេលវេលាជោគជ័យខ្លាំង សម្រាប់លោក Elon Musk ដោយអាចរកប្រាក់បានរហូតដល់ជិត 600 លានដុល្លារឯណោះ ទាំងការទទួលបានប្រជាប្រិយភាពខ្លាំង លើរថយន្ដអគ្គិសនីដ៏ពិសេស អាចបើកបរដោយខ្លួនឯង និងការបង្ហោះយានទៅលើលំហអាកាស ថែមទៀតផង។ ជាការពិតណាស់ ការជោគជ័យរបស់គាត់ក្នុងពេលនេះ មិនទទួលបានដោយងាយៗនោះទេ ដោយគាត់បានខិតខំព្យាយាម អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាំងពីកាលគាត់នៅយុវវ័យឯណោះ និងឆ្លងកាត់ភាពបរាជ័យជាច្រើន ប៉ុន្ដែនៅមិនព្រមចុះចាញ់ដដែល។

ដោយ​ ៖ Bloomberg
អត្ថបទទាក់ទង