Huawei បាន​ស្នើ​សុំ​ចុះ​បញ្ជី​នៃ Logo ថ្មី​សម្រាប់​ប្រើប្រាស់​តំណាង​ឲ្យ​ឈីប Kirin របស់​ខ្លួន​
ដោយ​ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន SHARE

 

យើងបានដឹងហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ Huawei គឺជាក្រុមហ៊ុនទូរសព្ទឆ្លាតមួយ ដែលប្រើប្រាស់ឈីបផ្ទាល់ខ្លួន ត្រូវបានគេហៅថា Kirin ដើម្បីដាក់លក់លើទីផ្សារទូទាំងសាកលលោក ហើយឈីបរបស់គេនេះ ត្រូវបានអភិវឌ្ឍន៍ដោយ HiSilicon ដែលជាក្រុមហ៊ុនមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ Huawei ហ្នឹងឯង។ ដោយឡែក នៅក្នុងពេលនេះ យើងបានប្រទះឃើញ ការបង្ហោះមួយនៅតាមបណ្ដាញសង្គម Weibo ដែលបានបង្ហាញពីការចុះបញ្ជីថ្មីរបស់ Huawei និយាយឲ្យចំទៅ លើកនេះ ឃើញថាគេបានចុះបញ្ជីទាក់ទងនឹង Logo សម្រាប់ប្រើប្រាស់លើឈីបខាងលើ។

ជាការពិតណាស់ បើតាមការបង្ហោះចេញពីគណនីមួយ នៅតាមបណ្ដាញសង្គម Weibo ឈ្មោះថា Changan Digital Jun នោះ បានធ្វើការបង្ហាញឲ្យដឹងថា ថ្មីៗនេះ Huawei បានធ្វើការចុះបញ្ជីនៃ Logo ថ្មីមួយ ដែលអាចនឹងយកទៅប្រើប្រាស់លើឈីប Kirin របស់ខ្លួន ជំនួសឲ្យ Logo បច្ចុប្បន្ននេះថែមទៀតផង។ បើមើលទៅកាន់ Logo ថ្មីនោះ យើងឃើញថា វាមានលក្ខណៈខុសគ្នាដាច់ពី Logo បច្ចុប្បន្នតែម្ដង ពោលគឺត្រូវបានរចនាឡើង ដោយមានរូបរាងជាសត្វនាគមុខញញឹម ថែមទាំងមានជើង 4 ស្រដៀងសេះ និងមានស្លាបផងដែរ។ ប៉ុន្តែយ៉ាងណា យើងនៅតែឃើញនិមិត្តសញ្ញា Logo ចាស់ដដែល ប៉ុន្តែលើកនេះ វាត្រូវបានគេយកទៅដាក់ នៅត្រង់កនៃរូបនាគនោះ បើមើលមួយភ្លែតសឹងតែមិនចាប់អារម្មណ៍នោះឡើយ។ គួរបញ្ជាក់ដែរថា ការចុះបញ្ជីនៃ Logo ថ្មីនោះដែរ ត្រូវបាន Huawei ដាក់ពាក្យស្នើកាលពីក្នុងខែមុន ហើយទើបតែថ្មីៗនេះ ទើបម្ចាស់គណនី Weibo ដូចបានប្រាប់ខាងលើនោះ យកមកធ្វើការចែករំលែក។

យ៉ាងណាក៏ដោយ ការចុះបញ្ជីខាងលើនេះ គឺជាការស្នើសុំរបស់ Huawei មែន ប៉ុន្តែក៏មិនប្រាកដថា គេនឹងប្រើប្រាស់វាមែននោះដែរ ព្រោះថាជាក់ស្ដែង ដូចពេលកន្លងមកអញ្ចឹង គឺគេគ្រាន់តែធ្វើការស្នើសុំចុះឈ្មោះសិនប៉ុណ្ណោះ ហើយសម្រាប់ការប្រើប្រាស់ ក៏ដូចជាការធ្វើតាម ឬមួយក៏អត់នោះ គឺមិនប្រាកដនោះទេ។ អញ្ចឹងហើយ បើតាមការចុះបញ្ជីរបស់ Huawei កាលពីខែមុន យើងឃើញថា គេទំនងជាមានបំណងក្នុងការផ្លាស់ប្តូរ Logo ពីនិមិត្តសញ្ញាពណ៌ក្រហម ដូចពេលបច្ចុប្បន្ននេះ ទៅជារូបសត្វនាគវិញ ប៉ុន្តែនាគនោះ ក៏នៅតែមានរូបនិមិត្តសញ្ញានៃ Logo បច្ចុប្បន្នដដែល ប៉ុន្តែត្រូវបានគេដាក់នៅត្រង់កវិញ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង