Gboard ជំនាន់ថ្មីនឹងទទួលបានប៊ូតុងផ្លូវកាត់ចូលទៅកាន់ Google Lens និង Google Assistant​
ដោយ​ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន SHARE

 

ប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់ហើយ នូវកម្មវិធីក្តារចុចមួយដែលបង្កើតឡើងដោយ Google ពោលគឺត្រូវបានគេហៅថា Gboard នេះឯង ដោយកាលពីពេលកន្លងទៅនេះ យើងឃើញថា Google បានដាក់បន្ថែមមុខងារសំខាន់ៗមួយចំនួនទៀត ចូលទៅក្នុងក្តារចុចដ៏ពេញនិយមនោះ។ ចំណែកឯពេលនេះវិញ ប្រភពកូដនៅក្នុងកម្មវិធីក្តារចុចខាងលើជំនាន់ថ្មី បានបង្ហាញពីមុខងារសំខាន់ៗមួយចំនួនទៀត ដែលនឹងត្រូវ Google ទម្លាក់ទៅឲ្យអ្នកប្រើប្រាស់នៅពេលខាងមុខ ជាក់ស្ដែងនៅក្នុងនោះរួមមានទាំងផ្លូវកាត់ ដើម្បីប្រើប្រាស់កម្មវិធីមួយចំនួន ថែមទាំងមានមុខងារដែលប្តូរពីផ្ទៃស ទៅងងឹតបានដោយស្វ័យប្រវត្តិទៀតផង។

ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង ប្រភពកូដនៅក្នុង APK នៃកម្មវិធីក្តារចុច Gboard ជំនាន់ថ្មី ពោលគឺជំនាន់ 9.6.3 បានធ្វើការបញ្ជាក់ឲ្យដឹងថា Google នឹងធ្វើការដាក់បន្ថែមមុខងារសំខាន់ៗមួយចំនួនទៀត ទៅកាន់កម្មវិធីមួយនេះ ដោយក្នុងនោះគឺមានទាំង ការដាក់បន្ថែមផ្លូវកាត់ ដើម្បីចូលទៅកម្មវិធី Google Lens បានកាន់តែងាយស្រួល ជាពិសេសនោះ ក៏មានប៊ូតុងផ្លូវកាត់ ដើម្បីចូលទៅហៅ Google Assistant មកដូចគ្នាដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ លើកនេះយើងក៏ឃើញថា Google ក៏អាចដាក់ឲ្យក្តារចុចខាងលើនេះ ធ្វើការផ្លាស់ប្តូរពីផ្ទៃស ទៅផ្ទៃងងឹត ឬពីផ្ទៃងងឹត ទៅផ្ទៃសវិញ បានដោយស្វ័យប្រវត្តិតែម្ដង ទៅតាម System នៃទូរសព្ទឆ្លាតផ្ទាល់តែម្ដង (មានន័យថា វានឹងចេញ Dark Mode ស្វ័យប្រវត្តិ បើសិនជាទូរសព្ទឆ្លាតទាំងមូលបានប្តូរទៅប្រើ Dark Mode)។ ចំណុចសំខាន់មួយទៀតនោះ គឺថានៅលើ Gboard ក៏ត្រូវបានគេធ្វើការផ្លាស់ប្តូរម៉ូតអក្សរពី Roboto Font ទៅជា Google Sans វិញ ដែលមើលទៅ គឺវាមានលក្ខណៈច្បាស់ជាងមុន ហើយទំហំអក្សរនោះ ក៏ហាក់ដូចជាធំជាងមុនបន្តិចផងដែរ។

យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ មុខងារទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើ គឺមានសម្រាប់អ្នកប្រើប្រាស់ Gboard ជំនាន់សាកល្បងមួយចំនួនហើយ ខណៈពេលដែល អ្នកប្រើប្រាស់ទូទៅវិញ គឺនៅមិនទាន់ច្បាស់នោះទេ ថា Google នឹងចាប់ផ្តើមធ្វើការទម្លាក់ទៅឲ្យនៅពេលណា។ និយាយរួមមកវិញ បើតាមការរកឃើញប្រភពកូដ នៅក្នុង Gboard ជំនាន់ចុងក្រោយ ក៏ដូចជាអ្នកប្រើប្រាស់ Gboard ជំនាន់សាកល្បងក្នុងពេលនេះ បានបញ្ជាក់ឲ្យដឹងថា នៅលើជំនាន់ 9.6.3 នៃកម្មវិធីក្ដារចុចនេះ គឺនឹងទទួលបានមុខងារបន្ថែមមួយចំនួនទៀតដូចជា ផ្លូវកាត់សម្រាប់ចូលទៅកាន់ Google Lens ឬ Google Assistant ក៏ដូចជាមានមុខងារធ្វើការផ្លាស់ផ្ទៃខាងក្រោយ បានដោយស្វ័យប្រវត្តិទៀតផង។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង