កម្មវិធីក្តារចុច Gboard ជំនាន់សាកល្បង អាចគាំទ្រ Emoji ថ្មីៗជាច្រើននៅលើ Android 11​
ដោយ​ ៖ គាលី | 3 សប្តាហ៍មុន SHARE

 

ចាប់តាំងពី Google ដាក់ចេញកម្មវិធីក្តារចុច Gboard សម្រាប់ឲ្យទាញយកមកប្រើប្រាស់បាន ទាំងនៅលើប្រព័ន្ធប្រតិបតិ្តការ iOS និង Android មក ឃើញថាវាពិតជាមានភាពពេញនិយមខ្លាំង ក៏ដោយសារតែកម្មវិធីនេះ ងាយស្រួលក្នុងការវាយអក្សរ ថែមទាំងមានមុខងារពិសេសច្រើន។ ជាក់ស្តែង មួយរយៈមុននេះ នៅលើ Gboard ជំនាន់សាកល្បង បានបន្ថែមមុខងារថ្មី Emoji Kitchen ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបង្កើតរូបតំណាង Emoji ចូលគ្នា ប្លែកៗទៀតផង។ 

ពិតមែនណាស់ ដូចដែលយើងបានដឹងហើយថា នៅលើប្រព័ន្ធប្រតិបត្តិការ Android 11 (Beta) ជំនាន់ថ្មី បាននាំយករូប Emoji ថ្មីៗជាង 100 ប្រភេទខុសៗគ្នាឯណោះ ប៉ុន្ដែ រហូតមកដល់ពេលនេះ នៅមិនទាន់មានវិធីណា ដែលអាចប្រើពួកវាបាននោះទេ លុះត្រាតែធ្វើការចម្លងចេញពីគេហទំព័រ Emojipedia ទើបបាន។ យ៉ាងណាមិញ ដើម្បីបង្កើនលក្ខណៈពិសេស សម្រាប់កម្មវិធីរបស់ខ្លួន Google ក៏បានបញ្ចេញកំណែអាប់ដេតថ្មីមួយ ទៅឲ្យកម្មវិធី Gboard ដោយមានការបូកបញ្ចូលនូវ រូបតំណាង Emoji កាន់តែសម្បូរបែបច្រើនបន្ថែមទៀត។ សូមបញ្ជាក់ផងថា ការបន្ថែម Emoji ថ្មីៗ ដែលគេទទួលបាននោះ វាស្ថិតនៅក្នុងជំនាន់សាកល្បងនៃ Gboard សម្រាប់ Android 11 Beta សិនតែប៉ុណ្ណោះ មានន័យថា វាមិនមានសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នានោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ។ វាតម្រូវឲ្យអ្នកប្រើប្រាស់ ធ្វើការរង់ចាំប្រហែលជា 2 ទៅ 3 ខែមុខទៀត ទើបអាចមានការគាំទ្រពេញលេញតែម្តង ទម្រាំតែ Google ដាក់ចេញ Android 11 ជាផ្លូវការ។ 

ប៉ុន្តែ ប្រសិនបើប្រិយមិត្ត ដែលបានតម្លើងប្រើប្រាស់ Android 11 សាកល្បងហើយនោះ ក៏អាចធ្វើការទាញយក Emoji ថ្មីៗនេះ នៅលើ Gboard ជំនាន់ Beta ពីស្តុក Play Store បានផងដែរ តាមរយៈតំណរភ្ជាប់មួយនេះ ឬក៏អាចទាញយកបានតាមកម្មវិធី APK។ សម្រាប់គំនិតខ្ញុំផ្ទាល់ អ្នកទាំងអស់គ្នា គួរតែរង់ចាំបន្តិចសិនទៅ ចាំអាប់ដេត ស្របពេលដែល Google ប្រកាសចេញប្រព័ន្ធប្រតិបត្តិការ Android 11 និងទទួលបានជាផ្លូវការតែម្តង។ 

ដោយ​ ៖ Android Police
អត្ថបទទាក់ទង