ពេលនេះ Intel បានបង្ហាញ​ពីចំណុច​សំខាន់​លម្អិត​របស់​រន្ធ Thunderbolt 4 ជាផ្លូវការ​ហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន SHARE

 

កាលពីប៉ុន្មានខែមុន យើងបានធ្លាប់ទទួលបានព័ត៌មានផ្លូវការមួយ ដែលនិយាយទាក់ទងនឹងរន្ធ Thunderbolt 4 របស់ Intel ពោលគឺគេបានធ្វើការប្រកាសចេញ នៅក្នុងព្រឹត្តិការណ៍ CES 2020 កន្លងទៅហ្នឹងឯង។ យ៉ាងណាក៏ដោយ នៅពេលនោះ Intel មិនទាន់បានធ្វើការបញ្ជាក់ច្បាស់ពីចំណុចសំខាន់របស់រន្ធតំណរភ្ជាប់ថ្មីនេះឡើយ ហើយទើបតែពេលនេះ ទើបគេបានធ្វើការបញ្ជាក់ឲ្យច្បាស់ ពីចំណុចសំខាន់ៗ ដែលបច្ចេកវិទ្យាថ្មីមួយនេះ មានសមត្ថភាពអាចធ្វើទៅបាន ប៉ុន្តែយ៉ាងណាសម្រាប់ល្បឿនរបស់វា គឺមិនខុសគ្នានឹងជំនាន់ចាស់នោះឡើយ។

ជារការពិតណាស់ ដូចធ្លាប់បានបញ្ជាក់កាលពីលើកមុនអញ្ចឹងថារន្ធ Thunderbolt 4 នេះ វាមិនមានល្បឿនលឿនជាងជំនាន់ចាស់ Thunderbolt 3 នោះទេ ពោលគឺប្រហាក់ប្រហែលគ្នាដែរ ដែលមានល្បឿនប្រមាណជា 40Gbps ផងដែរ។ ទោះជាល្បឿនរបស់វា មិនលឿនជាងមុនមែន ប៉ុន្តែវាត្រូវបានគេបន្ថែមចំណុចសំខាន់មួយចំនួន ឲ្យពិសេសជាងមុន ជាក់ស្ដែងលើកនេះ វាអាចគាំទ្រជាមួយអេក្រង់ 4K បានពីរក្នុងពេលតែមួយ ឬ 8K ក៏បាន ប៉ុន្តែបានតែមួយប៉ុណ្ណោះ លើសពីនេះទៀត វាក៏អាចប្រើប្រាស់ជាការសាកថ្មបានផងដែរ សម្រាប់កុំព្យូទ័រយួរដៃណាដែលមានកម្លាំងសាកក្រោម 100W ក៏ដូចជាគាំទ្រល្បឿននៃការផ្ទេរទិន្នន័យជាមួយ PCIe ដល់ទៅ 32Gbps ខណៈពេលដែល Thunderbolt 3 កន្លងទៅគឺគាំទ្រត្រឹម 16Gbps ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ Intel មិនមែនបង្ហាញតែ Thunderbolt 4 មួយនោះទេ ជាក់ស្ដែងក៏មាន USB 4 មួយទៀត ដែលពឹងផ្នែកលើរន្ធប្រភេទ USB-C ដូចគ្នា ហើយវាក៏មានសមត្ថភាពប្រសើរជាងមុនច្រើនដែរ ជាក់ស្ដែងដូចជា មានល្បឿនផ្ទេរទិន្នន័យដល់ 20Gbps, គាំទ្រអេក្រង់ 4K ចំនួនមួយ ក៏ដូចជាអាចផ្តល់នូវការផ្ទរថាមពល បានក្នុងកម្លាំង 7.5W។

គួរបញ្ជាក់ដែរថា Intel ក៏បានប្រាប់បន្ថែមថា ក្រុមហ៊ុនផលិតជាច្រើន នឹងធ្វើការកុម៉្មង់ទិញ Thunderbolt 4 Controller ចាប់ពីចុងឆ្នាំនេះទៅ ហើយកុំព្យូទ័រ នឹងឧបករណ៍ Accessory ដំបូងដែលប្រើប្រាស់បច្ចេកវិទ្យានេះ គឺអាចនឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះដូចគ្នា។ អញ្ចឹងហើយ ខាងលើនេះ គឺជាចំណុចសំខាន់ ដែល Intel បានបង្ហាញលម្អិតទាក់ទងនឹង Thunderbolt 4 ក៏ដូចជា USB 4 បន្ទាប់ពីក្រុមហ៊ុនខាងលើនេះ បានធ្វើការបង្ហាញម្ដងរួចមកហើយ កាលពីក្នុងព្រឹត្តិការណ៍ CES 2020 កន្លងទៅ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង