ហ្គេម The Dark Pictures: Little Hops នឹងចេញលក់ផ្លូវការនៅថ្ងៃទី 30 ខែតុលាខាងមុខនេះ​
ដោយ​ ៖ គង់គីត | 3 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ស្គាល់ហ្គេម The Dark Pictures: Man of Medan រួចមកហើយ ដែលវាគឺជាហ្គេមបែបភ័យរន្ធត់ និងតម្រូវអោយអ្នកលេងជំនះឧបសគ្គជាច្រើន ហើយវាត្រូវបានបញ្ចេញដាក់អោយលេងជាផ្លូវការលើ Platform ជាច្រើន កាលពីខែសីហា ឆ្នាំ 2019 កន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ មកទល់ពេលបច្ចុប្បន្ននេះ វានៅតែជាហ្គេម ដែលទទួលបានការគាំទ្រច្រើន ថែមទៀតផង។

ដោយឡែក ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Supermassive Games បានធ្វើការប្រកាសជាផ្លូវការថាហ្គេម The Dark Pictures: Little Hops កំពុងត្រូវបានអភិវឌ្ឍន៍ ដើម្បីដាក់អោយលេងជាផ្លូវការនៅលើ Platform ជាច្រើនដូចជា Play Station 4, Xbox One និងកុំព្យូទ័រ ថែមទៀតផង។ ជាក់ស្ដែង សម្រាប់ហ្គេម The Dark Pictures វគ្គ Little Hope នេះ គឺជាភាគតនៃហ្គេម Man of Medan ដែលបានចេញកាលពីឆ្នាំមុន។ លើសពីនេះទៅទៀត នៅក្នុងវគ្គ Little Hope ថ្មីនេះ អ្នកនឹងត្រូវជួបជាមួយឧបសគ្គ និងវិញ្ញាណអាក្រក់ជាច្រើន តាមសម្លាប់អ្នកដើម្បីយកព្រលឹង ដែលវាសាហាវជាងវគ្គមុនទៅទៀត។ ជោគវាសនារបស់អ្នក នឹងត្រូវបានកំណត់ដោយជម្រើស ដែលអ្នកបានជ្រើសរើស ហើយអ្នកនឹងផ្តោតលើការសន្ទនា និងឈុតឆាកភ័យខ្លាចជាច្រើនទៀត។ មួយវិញទៀត វាមានជម្រើសលេង ដូចហ្គេម Dark Pictures Anthology ស៊េរីដទៃទៀតដែរ ដោយវគ្គ Little Hope គឺអ្នកអាចលេងម្នាក់ឯង រឺលេងបែប Two Multiplayer Mode គឺរបៀបលេង Online ដែលមានអ្នកលេង 2 នាក់ និងអ្នកក៏អាចលេងបែប Offline ចាប់ពី 2 នាក់ទៅ 5 នាក់បានផងដែរ។

អញ្ចឹង មានន័យថាយើងនឹងត្រូវមានការអត់ធ្មត់ទន្ទឹងរង់ចាំ នៃការមកដល់របស់ហ្គេម The Dark Pictures: Little Hops រហូតដល់ថ្ងៃទី 30 ខែតុលា ឆ្នាំ 2020 ខាងមុខនេះ ទើបអាចបានលេងហ្គេមបែបភ័យរន្ធត់មួយនេះ។ សរុបមក នេះក៏ជាដំណឹងល្អមួយ សម្រាប់បិ្រយមិត្តមួយចំនួន ដែលតែងតែនិយមចូលចិត្តលេងហ្គេមបែបភ័យរន្ធត់ និងចង់បានបទពិសោធន៍ថ្មីជាមួយវគ្គ Little Hope នេះ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង