ទីបំផុត​ឈីប Snapdragon 865+ ត្រូវបាន​ប្រកាស​ចេញ​ជាផ្លូវការ​ មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ 10%​
ដោយ​ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន SHARE

 

មួយរយៈធំហើយ ដែលយើងទាំងអស់គ្នា ទទួលបានដំណឹងបែកធ្លាយនានា ទាក់ទងនឹងឈីប Snapdragon 865+ ដោយដំបូងឡើង CEO របស់ Meizu បញ្ជាក់ថាវាអាចនឹងមិនបង្ហាញខ្លួនទេ នៅក្នុងឆ្នាំនេះ ប៉ុន្តែក្រោយមកទៀត ដំណឹងថ្មីចេញពីប្រភពផ្សេងៗ បានបង្ហាញថា Qualcomm នៅតែមានគម្រោងប្រកាសចេញវាដដែល។ ជាក់ស្ដែងនៅក្នុងពេលនេះ Qualcomm ពិតជាបានធ្វើដូចការរំពឹងទុករបស់គេមែន ដោយក្រុមហ៊ុននេះ បានប្រកាសចេញឈីប Snapdragon 865+ ជាផ្លូវការហើយ ដោយវាពិតជាសាកសម ជាមួយទូរសព្ទឆ្លាតប្រភេទហ្គេមជាច្រើន ដែលកំពុងរង់ចាំប្រើប្រាស់តែម្ដង។

មិនខុសទេ នៅក្នុងពេលនេះ ឈីប Snapdragon 865+ ត្រូវបាន Qualcomm បញ្ជាក់ពីចំណុចលម្អិតរបស់វាជាផ្លូវការហើយ ដោយក្នុងនោះ បើគិតសរុបចូលគ្នាទៅ អាចនិយាយបានថា វាមានសមត្ថភាពប្រសើរជាង Snapdragon 865 ធម្មតា ប្រមាណជាខ្ទង់ 10% ផងដែរ។ ជាការពិតណាស់ នៅក្នុងនោះយើងឃើញថា វាត្រូវបានគេបង្កើតសមត្ថភាព ទៅលើចំណុចសំខាន់ៗចំនួន 3 ធំៗ ដោយដំបូងគឺជាផ្នែក CPU ហ្នឹងតែម្ដង ដោយ CPU Kryo 585 លើកនេះ វាត្រូវបានគេធ្វើការ បង្កើនល្បឿនឲ្យដល់កម្រិតខ្ពស់បំផុត នៃសមត្ថភាពរបស់វាតែម្ដង (Clock Speed) ពោលគឺមានល្បឿនដល់ 3.1GHz ប្រសើរជាងមុនខ្ទង់ 10%។ ចំណុចបង្កើនសំខាន់មួយទៀត គឺផ្នែក GPU ប្រភេទ Adreno 650 របស់វាតែម្ដង ដោយលើកនេះ Qualcomm បញ្ជាក់ថា វាមានសមត្ថភាពប្រសើរជាងមុន 10% ដូចគ្នាដែរ ទៅលើល្បឿននៃ Graphics Rendering ហើយចំណុចធំមួយទៀតនោះ គឺលើកនេះ Qualcomm បានបន្ថែមសមត្ថភាពទៅលើបច្ចេកវិទ្យាប្រព័ន្ធតំណរភ្ជាប់របស់ខ្លួន (Qualcomm FastConnect 6900) ដោយក្រុមហ៊ុនខាងលើនេះបញ្ជាក់ថា វាអាចធ្វើការគាំទ្រ Wi-Fi ដល់ល្បឿន 3.6Gbps (Wi-Fi 6E) និង Bluetooth 5.2 ថែមទៀតផង។

ក្រៅពីការរៀបរាប់ខាងលើ ឈីប Snapdragon 865+ ក៏ត្រូវបានគេធ្វើការ Upgrade ចំណុចតូចៗមួយចំនួនទៀតដែរ ជាក់ស្ដែងលើកនេះ វាអាចគាំទ្រជាមួយកម្រិតបង្ហាញ QHD+ ជាមួយកម្រិត Refresh Rate ដល់ 144Hz ផងដែរ។ កាន់តែពិសេសនោះ Qualcomm ក៏បានបញ្ជាក់ដែរថា ទូរសព្ទឆ្លាត ដែលប្រើប្រាស់ឈីបនេះមុនគេនោះ គឺរួមមានទាំង ASUS ROG Phone 3 ក៏ដូចជា Lenovo Legion នេះឯង លើសពីនេះ គេក៏បានបន្ថែមទៀតថា ទូរសព្ទឆ្លាតនោះ នឹងត្រូវចាប់ផ្តើមបង្ហាញខ្លួន នៅក្នុងត្រីមាសទី 3 នេះឯង។ 
និយាយរួមមកវិញ នៅក្នុងពេលនេះ ឈីប Snapdragon 865+ ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ហើយបើគិតសរុបទាំងអស់ នៃការបន្ថែមសមត្ថភាពពីលើ Snapdragon 865 នោះ គឺមានប្រមាណជា 10% ដែលប្រសើរជាងមុន ចំណែកឯចំណុចសំខាន់ ដែលវាបានកែប្រែនោះ គឺដូចបានបញ្ជាក់ខាងលើអញ្ចឹង ដែលរួមមាន 3 ចំណុចធំៗហ្នឹងតែម្ដង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង